កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ខែវិច្ឆិកាខាងមុខ

រាជធានីភ្នំពេញ ៖ ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសជាផ្លូវការថា កម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខនេះ។

លោកបញ្ជាក់ថា នេះគឺជាការជួបជុំជាថ្មី នៃគ្រួសារហ្វ្រង់កូហ្វូនី នៅលើទឹកដីទ្វីបអាស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៅទីក្រុងហាណូយ កាលពីជិត ៣០ឆ្នាំមុន។

ព្រឹត្តិការណ៍នេះ បង្ហាញពីភាពរស់រវើកនៃសហគមន៍ហ្វ្រង់កូហ្វូនី ដែលឆ្លងហួសពីព្រំដែនទ្វីប និងភាពខុសគ្នាផ្នែកវប្បធម៌ ។

កិច្ចប្រជុំកំពូលលើកទី២០ នឹងប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលស្របគ្នាទៅនឹងមូលបទ របស់មហាសន្និបាត អ.ស.ប. ឆ្នាំនេះ ត្រង់ភាពចាំបាច់នៃការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាព។ ក្រៅតែពីការលើកស្ទួយភាសាបារាំង កម្ពុជា មានបំណងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាឱកាស នៃការផ្សារភ្ជាប់ប្រជាជន មកពីគ្រប់ទ្វីប ជុំវិញតម្លៃរួមនៃសន្តិភាព ការគោរពភាពចម្រុះបែប ការសន្ទនា រវាងវប្បធម៌ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វត្តមានរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នឹងផ្តល់សារៈសំខាន់ខាងនយោបាយយ៉ាងពេញលេញ ដល់កិច្ចប្រជុំកំពូលនេះ ហើយនឹងធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនាអន្តរជាតិ ខណៈដែលកម្ពុជាក្នុងនាមជាព្រះរាជាណាចក្រ នៃប្រាង្គប្រាសាទអង្គរ ត្រៀមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ប្រកបដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត៕

អត្ថបទដែលជាប់ទាក់ទង