រាជរដ្ឋាភិបាល ដាក់ឱ្យចរាចរនិងប្រើប្រាស់ក្រដាសប្រាក់ ៥ម៉ឺនរៀល និង ១សែនរៀល គំរូថ្មី
រាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ និងចរាចរនូវក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺនរៀល និង ១សែនរៀល ទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចររួចហើយ។
ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥ម៉ឺនរៀល និង ១សែនរៀល គំរូថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់នូវក្រដាសប្រាក់ប្រភេទថ្មីទាំង២នេះ ចាប់ពីថ្ងៃសុក្រនេះតទៅ។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញលក្ខណៈទូទៅនៃក្រដាសប្រាក់ទាំងពីរប្រភេទនេះផងដែរ ដោយក្រដាសប្រាក់ ៥ម៉ឺនរៀល មានទំហំបណ្តោយ ១៥៥ម.ម និងទទឹង ៧២ម.ម ហើយពណ៌ចម្បងគឺពណ៌ស្លាទុំ និងពណ៌ត្នោត។ ក្រដាសប្រាក់នេះ មានរំលេចនូវព្រះឆាយាល័ក្ខណ៍មើលមុខពីបញ្ឆិតចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នៅផ្នែកខាងមុខ និងផ្នែកខាងខ្នង មានរំលេចឡើងនូវរូបភាពប្រាសាទបាគងនៃក្រុមប្រាសាទរលួសក្នុងខេត្តសៀមរាប ព្រមទាំងមានរូបភាពកូនដំរីឈរទម្លាក់ប្រមោយចុះក្រោម ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ។
សម្រាប់ក្រដាសប្រាក់ ១០ម៉ឺនរៀល ឬ ១សែនរៀលវិញ មានទំហំបណ្តោយ ១៧០ម.ម និងទទឹង ៧៥ម.ម ហើយពណ៌ចម្បងគឺពណ៌បៃតង និងពណ៌ប្រផេះ។ ក្រដាសប្រាក់នេះ មានផ្នែកខាងមុខរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលមុខពីបញ្ឆិតចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងផ្នែកខាងខ្នងមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏ណែនាំដល់សាធារណជនគ្រប់រូបពិនិត្យ និងសម្គាល់ធនប័ត្រ ឬក្រដាសប្រាក់គំរូថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភាន់ច្រឡំ៕

