សន្និសីទអន្តរជាតិដាក់ចេញការប្តេជ្ញាចិត្ត១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានបញ្ចប់ដោយជោគជ័យ និងបានបង្កើតនូវការប្តេជ្ញាចិត្តជាង ១០ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធផ្សេងទៀត។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សន្និសីទអន្តរជាតិ ដែលមានរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៣ និងទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិងខ្ពស់ ស្តីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាបន្ទាន់ក្នុងសកលលោក» និងវេទិកាពិភាក្សាចំនួន៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យា ការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការការពារជនរងគ្រោះ។
សន្និសីទអន្តរជាតិនេះ ក៏បានកត់សម្គាល់ផងដែរថា បណ្តាញឧក្រិដ្ឋជននៅតែបន្តសម្របខ្លួន ដោយធ្វើការបំបែកជាក្រុមតូចៗ ព្រមទាំងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត ខណៈកម្ពុជាយល់ថា ការបង្ក្រាបតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ដែលចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការ។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងសន្និសីទអន្តរជាតិនេះ តំណាងមកពីបណ្តាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានា បានចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតហិរញ្ញវត្ថុ គណនីអ្នកទទួលនិងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្តាញឧក្រិដ្ឋជន បទល្មើសបច្ចេកវិទ្យា សេវាគាំទ្រនិងការការពារជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនជាដើម។
ជុំវិញបញ្ហានេះ សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបង្កើតឱ្យមានការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ ក្នុងនោះមានដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម, រារាំងនិងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស, ទាញយកផលប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា, ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, កសាងសមត្ថភាពនិងភាពធន់, ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ, អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ, ទប់ស្កាត់ការឆបោកនិងការជួញដូរមនុស្ស និងលុបបំបាត់ទីតាំងឆបោកធំៗនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
គួរបញ្ជាក់ថា ក្នុងពិធីបើកសន្និសីទអន្តរជាតិ នៅថ្ងៃទី២៣ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ជាបរិបទថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ លោកបន្តថា កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
លោកថា៖ «នៅក្នុងបរិបទប្រវត្តិសាស្ត្រនេះ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់លាស់អំពីជំហររបស់យើងថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្គេមអនឡាញ មិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជាដែរ។ លោកថា ការពាក់ព័ន្ធដំបូងជាមួយប្រទេសកម្ពុជា ជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់នៃកំណើនល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា(ល្បែងអនឡាញ) និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ ហើយពួកគេបានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទបញ្ញតិ្ត និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
យ៉ាងណា លោកថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ និងបានដាក់ចេញនូវវិធានការផ្ទៃក្នុងដោយគ្មានការយោគយល់ឡើយ ក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋឆបោកតាមអនឡាញនេះ ក្នុងនោះកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ «យើងចាត់ទុកការអនុវត្តច្បាប់នេះ ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនគ្រាន់តែជាយុទ្ធនាការនៃការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ យើងផ្តោតលើកិច្ចខិតខំប្រែងក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងទប់ស្កាត់កុំឱ្យបណ្តាញទាំងនោះលេចឡើងវិញ។ យើងបានលុបបំបាត់ទាំងស្រុង នូវរាល់ទីតាំងខ្នាតធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ចំណែក ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆាយ ស៊ីណារិទ្ធ មានប្រសាសន៍ក្នុងសន្និសីទនោះដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោក ដែលត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់តាមបច្ចេកវិទ្យា ដែលមានភាពស្មុគស្មាញ មានផលប៉ះពាល់ធ្ងន់ធ្ងរ និងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក។
លោកបន្តថា បទល្មើសនេះ ត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយ ដើម្បីធ្វើការឆបោកជនរងគ្រោះ។ ការឆបោកបច្ចេកវិទ្យា ឬការឆបោកតាមអនឡាញ ក៏បានវិវឌ្ឍន៍ទៅជាបណ្តាញឧក្រិដ្ឋឆ្លងដែនដ៏ស្មុគស្មាញ និងប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត ដូចជា ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការសម្អាតប្រាក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
លោក ឆាយ ស៊ីណារិទ្ធ បានគូសបញ្ចាក់បន្ថែមថា៖ «បណ្តាញឧក្រិដ្ឋកម្មដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរយៈពេលមួយឆ្នាំកន្លងមក អាជ្ញាធរកម្ពុជា បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៨៣២ទីតាំង និងបានបញ្ជូនសំណុំរឿងចំនួន ៤៤៦ ទៅតុលាការ ដោយមានជនសង្ស័យចំនួន ៣ ៩២៧នាក់ ត្រូវបានឃុំខ្លួន និងបានបណ្តេញចេញជនបរទេសសរុបចំនួន ២២ ១៤២នាក់ ដែលមាន ៣៨សញ្ជាតិ៕

