កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
នាឱកាសនោះ លោក ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន ក៏បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ថែមទៀត។
បន្ថែមលើនេះ លោកអនុរដ្ឋមន្ត្រី ក៏បានរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រនជាមួយគ្នានេះ លោក Yang Weilin ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប ប្រមុខដេកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ។
លោកក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។
ដោយឡែក ចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត្ត របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឱ្យអស់ពីទឹកដីកម្ពុជា។
លោកបន្ថែមថា ពាក់ព័ន្ធនឹងកិច្ចការបង្ក្រាប បទល្មើស Scams នេះគឺ កម្ពុជា មិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។ ក្រៅពីនេះ លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ដោយ ប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ថែមទៀតផង ៕


