ក្រសួងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹក ដោយសារកម្ពុជារងឥទ្ធិពលព្យុះស៊ូរីហ្គាអេ
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈកម្ពុជារងឥទ្ធិពលសម្ពាធទាបពីព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែលបង្កឱ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃនេះរហូតដល់ចុងខែកញ្ញា។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ សូរីហ្គាអេ ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មុសុងនិរតីដែលបោកបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបន្តថា បើទោះជាកម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះនេះ ប៉ុន្តែនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីពី ៥០ ទៅ៧០ភាគរយ។
សម្រាប់តំបន់វាលទំនាប ដែលមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង រាជធានីភ្នំពេញ និងតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ។ ចំណែករលកសមុទ្រអាចមានខ្យល់បក់បោកខ្លាំង ដែលមានកម្ពស់ចន្លោះពី កន្លះមែត្រ ទៅជិត ២ម៉ែត្រ។
សម្រាប់តំបន់ខ្ពង់រាប ដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រនតគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ។
ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពេលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងជម្រាបជូនពីស្ថានភាពអាកាសធាតុនេះជាបន្តទៀត ក្នុងករណីមានការប្រែប្រួល៕

