កម្ពុជាតវ៉ាចំពោះសកម្មភាពកងកម្លាំងនិងព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធនៅភ្នំបេង
រាជរដ្ឋាភិបាលកម្ពុជា បានបន្តការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន បន្ទាប់ពីកងកម្លាំងថៃ អមដោយព្រះសង្ឃថៃ បានធ្វើសកម្មភាពឈូសឆាយ និងដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ នៅភូមិសាស្ត្រភ្នំបេង ខេត្តឧត្តរមានជ័យ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣ ដែលនេះជាករណីមួយទៀត នៃការដែលប្រទេសថៃ បន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
ករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំង និងព្រះសង្ឃថៃនេះ ហើយថា សកម្មភាពនេះជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត១:២០០ ០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពនេះ ក៏រំលោភលើមាត្រា៥ នៃអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ផងដែរ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដែរថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានលើកឡើងខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្បុជា នៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ បញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ខណៈដែលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។
នៅថ្ងៃអង្គារនេះដែរ អំឡុងពេលធ្វើសន្និសីទខ្លីប្រចាំថ្ងៃ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានស្រង់ប្រសាសន៍ប្រមុខរដ្ឋាភិបាលកម្ពុជា មកគូសបញ្ជាក់ថា បើទោះបីជាកងទ័ពថៃ ពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែន នៅក្រោយការប្រយុទ្ធគ្នាពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។
លោកថា៖ «ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា និងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈការងារការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់»។
បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ បានឈានទៅដល់ការផ្ទុះអាវុធចំនួន២លើក កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែមកដល់ពេលនេះ ស្ថានការណ៍ព្រំដែន នៅមិនទាន់វិលទៅរកភាពប្រក្រតីវិញនៅឡើយ។ កម្ពុជារាយការណ៍ថា យោធាថៃនៅតែបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ ខណៈក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរត្រឡប់មកវិញ៕

