កិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានចូលរួមជាអធិតី ក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖
(១). ការពិនិត្យ និងអនុម័តលើ កំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប.លើកទី២៥
(២).ការពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្ត ផែនការសកម្មភាព និងថវិកាប្រចាំឆមាសទី១ របស់ គ.ជ.អ.ប. និងទិសដៅការងារបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.
(៣).ការពិនិត្យ និងអនុម័តលើសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
(៤). ការពិនិត្យ និងអនុម័តលើឯកសារយុទ្ធសាស្ត្រស្តីពីការបញ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុង កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០)
(៥). ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ និង (៦). បញ្ហាប្រឈមផ្សេងៗទៀត ។
កិច្ចប្រជុំដដែលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអ្មកទទួលបន្ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អភិបាលនៃគណៈអភិបាលខេត្ត/ក្រុង ព្រមទាំងមន្ត្រីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន សរុបប្រមាណ ១៦០រូប ៕


