ក្រសួងបរិស្ថាន ជំរុញចលនាអនាម័យបរិស្ថាន ព្រមទាំងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី សាលាមេត្រីបរិស្ថាន និង អារាមមេត្រីបរិស្ថាននៅខេត្តកំពត
ខេត្តកំពត ៖ ក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បាន ជំរុញចលនាអនាម័យបរិស្ថាន ក្រោមប្រធានបទ «ភាពស្អាត» ព្រមទាំងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី សាលាមេត្រីបរិស្ថាន និង អារាមមេត្រីបរិស្ថាន នៅខេត្តតំពត ។
កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថានខេត្ត លោក លោកស្រី ជាបុគ្គលិកសិក្សា នាយក នាយករង លោកគ្រូ អ្នកគ្រូ គណ:កម្មាការវត្ដ តំណាងអង្គការដៃគូ ជាច្រើននាក់ ។
លោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកានេះឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ហើយការរៀបចំឡើងនាពេលនេះក្នុងខេត្តកំពត ក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីដោះស្រាយ សំណល់ប្លាស្ទិកទីប្រជុំជន តាមរយ:ការចុះណែនាំ គោលការណ៍ណែនាំស្ដីពីសាលាមេត្រី អារាមមេត្រីបរិស្ថាន ព្រមទាំងជំរុញចលនាប្រជាពលរដ្ឋ នៅខេត្តកំពត ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំណល់បា្លស្ទិក»ឱ្យកាន់តែផុសផុល។

សូមបញ្ជាក់ថា កម្មវិធីជំរុញចលនាអនាម័យបរិស្ថាន ក្រោមប្រធានបទ «ភាពស្អាត» ព្រមទាំងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី សាលាមេត្រីបរិស្ថាន និង អារាមមេត្រីបរិស្ថាន នៅខេត្តតំពត រៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន សហការគាំទ្រពីស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា តាមរយ:អង្គការ UNDP ដើម្បីជំរុញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គ្រប់គ្រងសំណល់ និងបណ្តុះគំនិតស្រឡាញ់បរិស្ថានស្អាត និងបៃតង ចាប់ពីស្រទាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋនៅតាមសហគមន៍ និងទីវត្តអារាម។
ជាមួយគ្នានេះ ចលនាអនាម័យបរិស្ថាន «ភាពស្អាត» ផ្តោតសំខាន់ ជំរុញឱ្យសិស្សានុសិស្ស កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃ និងការគ្រប់គ្រងសំណល់ ដោយពង្រឹងការប្រមូល និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ សាលារៀន និងវត្តអារាម ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

នៅក្នុងវេទិកាដដែលនេះ មន្រ្តីជំនាញក្រសួងបរិស្ថាននិងអង្គការដៃគូ ក៏បានចែករំលែកចំណេះដឹង តាមរយៈបទបង្ហាញជាច្រើនទាក់ទង គោលការណ៍ណែនាំស្តីពី «សាលាមេត្រីបរិស្ថាន» ដើម្បីទទួលបានជ័យលាភីជាសាលាមេត្រីបរិស្ថាន ដែលគ្រឹះស្ថានសិក្សា សាលារៀន ត្រូវអនុវត្តតាមលក្ខណៈវិនិច្ឆ័យគោលចំនួន ០៤ រួមមាន៖
ទី១៖ មានគោលការណ៍ និងរដ្ឋបាលរបស់សាលាផ្ទាល់លើការងារគ្រប់គ្រងបរិស្ថាន។
ទី២៖ មានការបង្រៀនមេរៀន និងសកម្មភាពអប់រំទាក់ទងនឹងបរិស្ថានដល់សិស្ស។
ទី៣៖ មានសម្ភារៈបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថានល្អ (ដូចជាបន្ទប់ទឹកស្អាត ធុងចម្រោះទឹកស្អាត)។
ទី៤៖ មានការចូលរួមជាមួយដៃគូពាក់ព័ន្ធ និងការផ្សារភ្ជាប់ជាមួយសហគមន៍ជុំវិញ។
ដោយឡែក គោលការណ៍ណែនាំស្តីពី «អារាមមេត្រីបរិស្ថាន» គឺគាំទ្រការចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីអនាម័យបរិស្ថាននៅតាមសហគមន៍មូលដ្ឋាននានា រួមទាំងការរៀបចំទីវត្តអារាមឱ្យមានភាពស្អាត មានភាពបៃតង និងការគ្រប់គ្រង កាកសំណល់ប្រកបដោយការទទួលខុសត្រូវ ៕



