កម្មកររោងចក្រ Qi Heng Xin ធ្វើកូដកម្មក្រោយរោងចក្របញ្ឈប់ថ្នាក់ដឹកនាំសហជីពនិងកម្មករមួយចំនួន
កម្មករបម្រើការងារនៅរោងចក្រ Qi Heng Xin Factory Co., Ltd. ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល បាននាំគ្នាធ្វើកូដកម្មតវ៉ា នៅព្រឹកថ្ងៃសុក្រនេះ ទាមទារឱ្យរោងចក្រទទួលយកកម្មករ និងថ្នាក់ដឹកនាំសហជីពដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការវិញ និងបញ្ឈប់ការរើសអើងសហជីព។
អង្គការសង់ត្រាល់ ដែលធ្វើការផ្តោតលើសិទ្ធិការងារ បានឱ្យដឹងថា ការតវ៉ារបស់ក្រុមកម្មករបម្រើការងារនៅរោងចក្រ Qi Heng Xin Factory Co., Ltd. នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីថ្នាក់ដឹកនាំសហជីព និងកម្មករមួយចំនួន ត្រូវបានបញ្ឈប់ពីការងារ ដោយអ្នកគ្រប់គ្រងរោងចក្រ ដែលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់អំពីសកម្មភាពប្រឆាំងសហជីពនៅក្នុងរោងចក្រផលិតស្បែកជើងកីឡាដែលមានកម្មករប្រមាណជិត ៣,០០០នាក់។
ប្រភពដដែល បន្តថា យោងតាមឯកសារ និងសក្ខីកម្មដែលបានប្រមូល ការចោទប្រកាន់ទាំងនេះបានកើតឡើងបន្ទាប់ពីកម្មករបានបង្កើតសហជីពឯករាជ្យដែលមានសម្ព័ន្ធភាពជាមួយ Federation Union of Free and Independent (FUFI) កាលពីខែមីនា ឆ្នាំ២០២៦។ កម្មករអះអាងថា មានការធ្វើសកម្មភាពជាបន្តបន្ទាប់ដែលមានគោលបំណងរារាំងសកម្មភាពសហជីព និងប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការរៀបចំបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ។
កម្មការិនីម្នាក់ឈ្មោះ សំអាត ដែលបានធ្វើកូដកម្មនៅមុខរោងចក្រ Qi Heng Xin Factory Co., Ltd. បានឱ្យដឹងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងកម្មករមួយចំនួននេះ ខាងអ្នកគ្រប់គ្រងរោងចក្របានយកលេសថា មិនមានឥវ៉ាន់ឱ្យពួកគាត់ធ្វើ ប៉ុន្តែជាក់ស្តែងការបញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីពួកគាត់បានបង្កើតសហជីពឯករាជ្យមួយ។
អ្នកស្រីថា៖ «ដោយសារតែពួកខ្ញុំបង្កើតសហជីពឯករាជ្យមួយក្នុងរោងចក្រ រោងចក្រត្រូវបានរើសអើងពួកខ្ញុំហើយ ទុកពួកខ្ញុំឱ្យនៅក្រៅរោងចក្រក្រោមរូបភាពអត់មានឥវ៉ាន់ធ្វើ ហើយពួកខ្ញុំមិនសុខចិត្តនឹងការបញ្ឈប់នេះទេ ក៏បានជួបជុំគ្នាទាមទារឱ្យរោងចក្រទទួលយកនាងខ្ញុំ និងថ្នាក់ដឹកនាំ រួមទាំងស្ថាបនិកសម្ព័ន្ធសហជីពឯករាជ្យហ្នឹងចូលធ្វើការវិញ»។
ក្រៅពីការទាមទារឱ្យរោងចក្រទទួលយកកម្មករ និងថ្នាក់ដឹកនាំសហជីពដែលត្រូវបានបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញ ដោយផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដែលបានបាត់បង់នោះ សហជីព និងកម្មករក៏បានស្នើឱ្យរោងចក្រ បញ្ឈប់រាល់ទម្រង់នៃការរើសអើង ការសងសឹក និងការជ្រៀតជ្រែកប្រឆាំងនឹងសហជីព, គោរពសិទ្ធិរបស់កម្មករក្នុងការបង្កើត និងចូលរួមសហជីពដោយសេរី, ធានាបរិយាកាសការងារដែលគ្មានការគំរាមកំហែង ការយាយី ឬការជ្រៀតជ្រែកលើសកម្មភាពសហជីពជាដើម។
កម្ពុជាថ្ងៃនេះ មិនទាន់អាចសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះ ពីតំណាងរោងចក្រ Qi Heng Xin Factory Co., Ltd. និងសុំការអត្ថាធិប្បាយជុំវិញវិវាទការងារនេះ ពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុន នាង បាននៅឡើយទេ នៅព្រឹកថ្ងៃសុក្រនេះ។
សម្រាប់អង្គការសង់ត្រាល់ ការចោទប្រកាន់ទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអនុលោមតាមច្បាប់ការងារ និងច្បាប់សហជីពរបស់កម្ពុជា ជាពិសេសសិទ្ធិសេរីភាពខាងសមាគម និងការការពារប្រឆាំងនឹងការរើសអើង ដោយសារសកម្មភាពសហជីព។ ករណីនេះ ក៏បានលើកឡើងពីបញ្ហានៃការគោរពស្តង់ដារការងារអន្តរជាតិ រួមទាំងអនុសញ្ញា ILO លេខ ៨៧ ស្តីពីសេរីភាពខាងសមាគម និងអនុសញ្ញា ILO លេខ ៩៨ ស្តីពីសិទ្ធិក្នុងការរៀបចំ និងចរចារួម។
ជាមួយគ្នានេះ សង់ត្រាល់ ក៏បានបង្ហាញពីក្តីបារម្ភដែលនៅតែបន្តមាន ជុំវិញការការពារសិទ្ធិការងារជាមូលដ្ឋាន និងសេរីភាពខាងសមាគមរបស់កម្មករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា៕

