ចាប់ពីឆ្នាំ២០២៣មក សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ម៉ឺនករណី, ឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារធាតុញៀនជាង ២៦តោន.!
រាជធានីភ្នំពេញ ៖ រវាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសសរុប ៣៤.១៤៩ ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨៧.៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ២៦តោន។
របាយការណ៍ ក៏បានចាត់ទុកលទ្ធផល នៃប្រតិបត្តិការនេះ ថាជាស្នាដៃកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងដល់ឃុំ សង្កាត់ ដែលបានខិតខំស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះត្រូវប្រឈមមុខ ជាមួយពួកឧក្រិដ្ឋជនកាចសាហាវ និងមានអាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។

ដើម្បីពង្រឹងប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កម្មវិធីទូរសព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្ដល់លទ្ធភាពឱ្យ ពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ហើយជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ មានប្រជាពលរដ្ឋសរុប ៩៨.៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរសព្ទដៃ «NoDrug» មកប្រើប្រាស់ និងបានរាយការណ៍ និងផ្ដល់តម្រុយព័ត៌មានចំនួន ៨.៦៩៨ ករណី។
សូមបញ្ជាក់ថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក ស សុខា រដ្ឋមន្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេច ក្នុងនោះបានអនុវត្តកាតព្វកិច្ចពិនិត្យរកសារធាតុញៀនលើមន្ត្រីទាំង ៣ប្រភេទ ក្នុងនោះ មន្ត្រីមានសារធាតុញៀន ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។
ទន្ទឹមគ្នានោះដែរ ចំពោះមន្ត្រី អនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលខ្វះការទទួលខុសត្រូវ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ឬផ្លាស់ប្ដូរមុខតំណែង ខណៈមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក៏ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញ ព្រមទាំងប្រឈមមុខនឹងនីតិវិធីតាមផ្លូវច្បាប់។
វិធានការនេះ បានទទួលការសាទរទាំងពីក្នុងចំណោមមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជាពិសេសទន្ទឹមគ្នា នឹងការសាទរពីមហាជន ៕


