គណៈកម្មការផ្សះផ្សាUNCLOS នឹងប្រជុំជាមួយកម្ពុជា-ថៃលើបញ្ហាវិវាទព្រំដែនសមុទ្រនៅសប្តាហ៍ក្រោយ
តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ ឱ្យដឹងថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) នឹងប្រជុំជាលើកដំបូងជាមួយភាគីកម្ពុជា និងថៃ នៅដើមសប្តាហ៍ក្រោយ នៅប្រទេសសឹង្ហបុរី ដែលជាដំណើរតាមនីតិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់ដែនសមុទ្ររវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសឹង្ហបុរី។
ប្រភពដដែលបន្តថា កម្ពុជាស្វាគមន៍ចំពោះជំហ៊ានបន្ទាប់ដ៏សំខាន់នេះ ហើយកម្ពុជានឹងមានតំណាងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន រួមជាមួយគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជា ទៅចូលរួមកិច្ចប្រជុំនេះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា កិច្ចប្រជុំនេះ ជាព្រឹត្តការណ៍សំខាន់មួយទៀត ក្នុងដំណើរតាមនីតិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់ដែនសមុទ្ររវាងប្រទេសទាំងពីរ ខណៈកម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃ បានបញ្ចប់ដោយឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នា អស់រយៈពេលជាង២ទស្សវត្សរ៍មកហើយ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា៖ «កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេលដ៏សំខាន់មួយសម្រាប់សន្តិសុខថាមពលក្នុងតំបន់»។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ បានប្រកាសជាផ្លូវការពីការតែងតាំងលោកស្រី Katrina Cooper ធ្វើជាប្រធានគណៈកម្មការផ្សះផ្សាជម្លោះព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។ លោកស្រីប្រធានគណៈកម្មការផ្សះផ្សារូបនេះ ត្រូវបានជ្រើសតាំងកាលពីថ្ងៃទី១៣ ខែសីហា ដោយអ្នកផ្សះផ្សាចំនួន ៤រូប តំណាងឱ្យភាគីកម្ពុជា និងថៃ។ ចំណែក តុលាការវិញនឹងដើរតួនាទីជាលេខាធិការដ្ឋានក្នុងដំណើរការផ្សះផ្សា ដែលមានន័យថា តុលាការមជ្ឈត្តិការអចិន្រ្តៃយ៍ មានតួនាទីរៀបចំ គ្រប់គ្រងឯកសារនៃសំណុំរឿងវិវាទ ជួយសម្របសម្រួលកិច្ចការរដ្ឋបាលរបស់គណៈកម្មការ រក្សាទុកកំណត់ត្រា និងឯកសារផ្លូវការនៃដំណើរការផ្សះផ្សាជាដើម។
បើតាមក្រសួងការបរទេស ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះ ធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យពីមុនមក រវាងប្រទេសទីម័រឡេស្ត និងអូស្ត្រាលី ដែលការផ្សះផ្សាបានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្រ រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨៕

