ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមា របស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែប្រមាណ ២២៩ដុល្លារ ដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ ២២៩,៥ដុល្លារ ដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទេ។
តាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ប្រាក់ឈ្នួលសរុបអប្បបរមា របស់កម្មករកម្ពុជា ខ្ពស់ជាងប្រទេសផលិតកម្មសំខាន់ៗមួយចំនួន រួមមាន ៖ ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី ១៤៧ ដល់ ២១១ដុល្លារ ទៅតាមតំបន់។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឲ្យដឹងថា កម្ពុជា បានយកចិត្តទុកដាក់ លើការលើកកម្ពស់ជីវភាពកម្មករ និយោជិត ស្របពេលរក្សាតុល្យភាពរវាងផលប្រយោជន៍កម្មករ លទ្ធភាព របស់និយោជក និងភាពប្រកួតប្រជែង របស់វិស័យផលិតកម្ម។
លោកបន្តថា ក្រៅពីប្រាក់ឈ្នួល កម្មករនិយោជិតកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពី របបសន្តិសុខសង្គម រួមមាន៖ ការថែទាំសុខភាព ហានិភ័យការងារ ប្រាក់សោធន និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងសន្តិសុខប្រាក់ចំណូល របស់បងប្អូនកម្មករ៕


