សមត្ថកិច្ចឃាត់ខ្លួន ជនល្មើសបាញ់គ្រាប់កង់ បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់ លើផ្ទៃមុខនោះបានហើយ! 

ខេត្តកំពង់ឆ្នាំង ៖ ជនល្មើសដែលប្រើគ្រាប់កង់ បាញ់ស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់លើផ្ទៃមុខ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន បានហើយ  ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង  លោក ប៉ុល វុទ្ធី បានឱ្យដឹងថា ជនល្មើស ដែលបានបាញ់គ្រាប់កង់ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់លើផ្ទៃមុខ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន និងកំពុងសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីឈានទៅបន្តនីតិវិធីតាមច្បាប់ ។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  លោក ប៉ុល វុទ្ធី បានឲ្យដឹងកាលពីថ្ងៃទី៧ ខែកញ្ញា ថា ក្រោយចាប់ខ្លួន ជនសង្ស័យ បានសារភាពថា ករណីបាញ់ប្រហារនេះ គឺកើតឡើងដោយសារគំនុំចាស់ រឿងទំនាស់ព្រំដី ដែលបានកើតឡើងតាំងពីយូរណាស់មកហើយ ។

កាលពីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ត្រីម្នាក់ឈ្មោះ លៀង ពិសី អាយុ ៣៦ឆ្នាំ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរងរបួសក្រោមភ្នែក និងច្រមុះធ្ងន់ធ្ងរ ក្រោយជនមិនស្គាល់មុខ លបបាញ់ និងឧបករណ៍ម្យ៉ាងដែលប្រើ (គ្រាប់កង់) បណ្តាលឱ្យរងរបួសលើផ្ទៃមុខធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង