កម្មកររោងចក្រលានហ្វានិងប៉ូលស្តា តវ៉ាបិទផ្លូវជាតិលេខ៥ ទាមទារឱ្យបញ្ឈប់រដ្ឋបាល ដែលជេរប្រមាថកម្មករ

ខេត្តពោធិ៍សាត់ ៖ កម្មករ-កម្មការិនី រាប់រយនាក់ បម្រើការងារនៅរោងចក្រលានហ្វា និងប៉ូលស្តា ដែលមានទីតាំងស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននាំគ្នាប្រមូលផ្តុំតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ រយៈពេលខ្លី នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយទាមទារឱ្យថៅកែរោងចក្រ ដោះស្រាយបញ្ហាជម្លោះជាមួយ មេរដ្ឋបាលម្នាក់ ដែលប្រើពាក្យសម្តីអសុរោះ និងកាយវិការមិនសមរម្យ ដាក់កម្មករ។

អង្គការសង់ត្រាល់ បានឱ្យដឹងថា ការតវ៉ា របស់កម្មករកម្មការិនីនៅរោងចក្រ លានហ្វាហេងយូ បានកើតឡើងក្រោយពី អ្នកបកប្រែភាសាចិន និងជាមេរដ្ឋបាលរោងចក្រ ឈ្មោះ ផុង សុខា បានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងកាយវិការ មិនសមរម្យ រួមទាំងធាក់តុម៉ាស៊ីន ដាក់កម្មករ។

កម្មកររោងចក្រ លានហ្វាហេងយូ លោក សៀក គឹមសាន បានឱ្យដឹងតាមរយៈការ Live តាមហ្វេសប៊ុកថា ក្រុមកម្មករ បានទ្រាំនឹងការប្រើប្រាស់នូវកាយវិការមិនសមរម្យ និងពាក្យសម្តីជេរប្រមាថកម្មករពី សំណាក់មេរដ្ឋបាលរោងចក្រនេះ ជាច្រើនឆ្នាំមកហើយ និងបានស្នើឱ្យរោងចក្រ ដោះស្រាយបញ្ហានេះ ជាច្រើនលើកច្រើនសារមកហើយដែរ ប៉ុន្តែមិនមានដំណោះស្រាយជូនពូកគេឡើយ។ ហើយនៅថ្ងៃនេះ លោកថា ខាង មេរដ្ឋបាលរោងចក្ររូបនេះ បានបន្តជេរប្រមាថកម្មករ ពេលកំពុងធ្វើការទៀត ទើបកម្មករមិនសុខចិត្ត ផ្ទុះការតវ៉ាទាមទារឱ្យ ថៅកែរោងចក្រ បញ្ឈប់មេរដ្ឋបាលរូបនោះពីការងារ។

លោកថា៖ «រដ្ឋបាលហ្នឹងគាត់ជេរកម្មករ[…]មូលហេតុហ្នឹងកម្មករអង្គុយធ្វើការធម្មតា តែរដ្ឋបាលហ្នឹងគាត់មកប្រើពាក្យសម្តីអសុរោះ ហើយជេរប្រមាថដល់ម្តាយដល់អីកម្មករ ដល់ពេលចឹងកម្មកររួមគ្នាអត់សុខចិត្ត»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ឱ្យដឹងថា ភ្លាមៗក្រោយទទួលបានព័ត៌មាន ក្រុមការងារក្រសួង ក៏បានចុះដល់រោងចក្រលានហ្វា និងប៉ូលស្តា ដើម្បីសម្របសម្រួលដោះស្រាយកង្វល់របស់កម្មករ-កម្មការិនីតាមនីតិវិធីច្បាប់។

លោកបន្តថា ក្រោយការចុះដោះស្រាយ ប្រធានរដ្ឋបាល ដែលបានប្រើពាក្យសម្ដីមិនសមរម្យ បានដាក់ពាក្យលាលែង ហើយកម្មករ-កម្មការិនី នឹងចូលធ្វើការវិញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ។ ហើយហើយចរាចរណ៍នៅផ្លូវជាតិលេខ៥ ក៏បានបើកចរាចរណ៍ជាធម្មតាឡើងវិញ។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកជាថ្មីដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសជនបរទេស ត្រូវគោរពឱ្យបាននូវសុជីវធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងចៀសវាងដាច់ខាត នូវការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ។ ជាងនេះទៀត ក្រសួង ក៏បានព្រមានដកបណ្ណការងារ និងបណ្តេញចេញពីកម្ពុជា ទៅលើអ្នកគ្រប់គ្រងក្រុមហ៊ុន ឬរោងចក្រសហគ្រាស ដែលមិនបញ្ឈប់ទង្វើនេះ។

ក្រសួងការងារ បញ្ជាក់ថា៖ «ក្នុងករណីរកឃើញ ឬទទួលបានពាក្យបណ្តឹង អំពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យនោះ ក្រសួង នឹងចាត់វិធានការតាមច្បាប់ជាធរមាន»។

បើតាមសហជីពមួយចំនួន ការជេរប្រមាថ ឬបើពាក្យសម្តី និងកាយវិការមិនសមរម្យលើ កម្មករនិយោជិត គឺជាបញ្ហា ដែលជះឥទ្ធិពលលើកិត្តិយស បញ្ហាផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរ របស់មនុស្សគ្រប់គ្នា។ អំពើជេរប្រមាថ មិនថាធ្វើឡើងចំពោះកម្មករ ឬដោយកម្មករនោះទេ គឺអាចប្រឈមមុខនឹងការពិន័យអន្តរការណ៍ ការបណ្តេញចេញពីការងារ ដោយគ្មានសំណង ឬការផ្ដន្ទាទោសតាមផ្លូវច្បាប់៕ អត្ថបទ៖ សុធារី (រូបភាព Fresh News)

 

អត្ថបទដែលជាប់ទាក់ទង