ប្រឡងបាក់ឌុបព្រឹកថ្ងៃដំបូងនេះ មានបេក្ខជនប្រឡងអវត្តមាន ១២៩៤នាក់ និងឈឺគ្រុនឈាម២៧នាក់..
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃរប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនអវត្តមាន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ចំនួន១ ២៩៤នាក់ ឬស្មើនឹង ០,៨៥ភាគរយ។
យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងអប់រំ បញ្ជាក់ថា សកម្មភាពប្រឡង បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់នោះទេ។
ក្រសួងបន្ត ថា «នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ១ ២៩៤នាក់ (ស្រី៤៧៤នាក់) ស្មើនឹង ០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន ១ ១០០នាក់ (ស្រី៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់ (ស្រី៨៧នាក់)។
ក្រសួងថា បេក្ខជនដែលមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន ២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។
ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ១៩នាក់»។ ហើយចំពោះ បេក្ខជន ដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ត្រង់ចំណុចនេះ ក្រសួងអប់រំ ក៏បានលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ចំណែក នៅឯមណ្ឌប្រឡងខេត្តសៀមរាប មានការដកហូតនាឡិកាឆ្លាតវៃ ៣គ្រឿង។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕


