គ្រោះថ្នាក់ចរាចរណ៍ខែកក្កដា ស្លាប់មនុស្សជិត១៥០នាក់ និងជាង២៤០នាក់ រងរបួស

រាជធានីភ្នំពេញ ៖ របាយការណ៍ របស់ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស កើតឡើងចំនួន ២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់ រហូតទៅដល់ ១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។

របាយការណ៍ដដែល បញ្ជាក់​ថ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើន គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។

របាយការណ៍ បញ្ជាក់ថា ក្នុង៦ខែដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង បើធៀបឆ្នាំ២០២៥ ក្នុងនោះ ករណីគ្រោះថ្នាក់មានកំណើន ២១៣លើក ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់មានកំណើន៧៩នាក់ ស្មើ ១១ភាគរយ និងចំនួនអ្នករបួសមានកំណើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។

ថ្មីៗនេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់លិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំគោលការណ៍អនុញ្ញាត រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

ក្នុងលិខិតស្នើសុំនោះ លោក ស សុខា បានគោរពរាយការណ៍ ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តី អំពីក្ដីព្រួយបារម្ភករណីកំណើនគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីការអនុវត្តច្បាប់នៅទូទាំងប្រទេស បានផ្អាកមួយរយៈធំ ដើម្បីសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចពលរដ្ឋ៕

ប្រភព ៖ លោក សេង បូលីន

អត្ថបទដែលជាប់ទាក់ទង