សង្គមស៊ីវិលនិងមហាជន ស្នើឲ្យ ACU បើកការស៊ើបអង្កេត អ្នកជាប់ពាក់ព័ន្ធ ករណីនាំចូលបារីគេចពន្ធខុសច្បាប់ ចំនួន ៣៦,០០០សុង មានតម្លៃជាងកន្លះលានដុល្លារ តាមច្រកប្រាសាទ ខេត្តស្វាយរៀង..
ខេត្តស្វាយរៀង ៖ ក្រុមអង្គការសង្គមស៊ីវិលនិងសារធារណជន ចង់ឃើញចំណាត់ការតាមផ្លូវច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ទៅលើអ្នកជាប់ពាក់ព័ន្ធ ការនាំចូលបារីគេចពន្ធ តាមច្រកប្រាសាទ ខេត្តស្វាយរៀង មានចំនួន ៣៦,០០០សុង សរុបជាទឹកប្រាក់មានតម្លៃ ជាងកន្លះលានដុល្លារអាមេរិក ដែលគយចល័តបង្ក្រាបថ្មីៗនេះ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងកាត់បន្ថយអំពើពុករលួយ នាំឲ្យបាត់បង់ចំណូលថវិកាជាតិធ្ងន់ធ្ងរ..។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ករណីរត់ព័ន្ធបារីគេចពន្ធ ដែលគយចល័តទើបបង្ក្រាបបានថ្មីៗនេះ គឺអាចកើតឡើងយូរឆ្នាំកន្លងមកហើយៗ ករណីនេះ រូបលោក ក្នុងនាមសង្គមស៊ីវិល ក៏ចង់ឃើញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវវែករកមុខជនពាក់ព័ន្ធ ឲ្យដល់ប្ញសគល់។ ជាពិសេស ត្រូវបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេត បទល្មើសរត់ពន្ធបារីខុសច្បាប់ទ្រង់ទ្រាយធំ តាមច្រកប្រាសាទ ខេត្តស្វាយរៀងនេះ ឲ្យបានស៊ីជំរៅ ដ្បិតបទល្មើសនេះ គឺអាចកើតឡើងជាច្រើនឆ្នាំកន្លងមកហើយៗ ទំនងជាអាចមានមន្ត្រីស្ថាប័នជំនាញខ្លះចូលរួមគប់គិតជាមួយឈ្មួញល្មើសផង..។
ចំពោះបទល្មើសនេះ ទាំងក្រុមអង្គការសង្គមស៊ីវិល និងសាធារណជន ក៏ចង់ឃើញ អង្គភាព ACU កោះអញ្ជើញ លោក នួន ផាន់ណា ប្រធានការិយាល័យគយ និងរដ្ឋាករ បាវិត មកសាកសួរ ដ្បិតច្រកប្រាសាទ គឺស្ថិតក្រោមការគ្រប់គ្រង របស់លោក..។
ជាងនេះទៀត ក៏ចង់ឃើញ ACU និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបង្ហាញមុខ ក្រុមឈ្មួញ និងអ្នកជាប់ពាក់ព័ន្ធ បទល្មើសនាំចូលបារីគេចពន្ធខុសច្បាប់ ដ៏ច្រើនសន្ធេកសន្ទាប់ខាងលើនេះ ឲ្យមហាជន បានដឹងជាសាធារណៈផង..។


យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ឱម យ៉ិនទៀង ប្រធាន ACU ដើម្បីបញ្ជាក់ករណីខាងលើ បាននៅឡើយទេ នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦នេះ លោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំ
កម្លាំងចម្រុះ ចុះចាប់បារីគេចពន្ធខុសច្បាប់ចំនួន ៣៦,០០០សុង សរុបមានតម្លៃជាងកន្លះលានដុល្លារអាមេរិក នៅក្នុងឃ្លាំងស្តុកបារីដ៏ធំមួយកន្លែង ដែលឈ្មួញលួចនាំចូលខ្មែរតាម ច្រកប្រាសាទ ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
យុទ្ធនាការនោះ កម្លាំងចម្រុះគយ បានរកឃើញបារីគេចពន្ធជាច្រើនសុង ដែលគេរុំស្បោងជី ពណ៌ខៀវ និងបិទស្កុតពីលើជិត..។
បារីគេចពន្ធទាំងនោះ មានបីប្រភេទរួមមាន ៖ ទី១- បារីម៉ាក JPS (Taiwan) ៣១២កេស គុណ ៦០សុង ស្មើ១៨,៧២០សុង។ ទី២- បារីម៉ាក B&H (UK) ១៨៦កេស គុណ ៦០សុង ស្មើ ១១,១៦០សុង និងទី៣- បារីម៉ាក Winfield Original Classic (Indonesia) ១០២កេស គុណ ៦០សុង ឬស្មើ ៦១២០សុង។ សរុបមានបារីចំនួន ៦០០ប៊ិច ស្មើ ៣៦,០០០សុង គឺគ្មានបិទត្រាពន្ធគយឡើយ។ បារីគេចពន្ធទាំងនេះ ជា ផលិតផលនាំចូលមកពី ប្រទេសចិន ដែលសរុបមានតម្លៃ ជាងកន្លះលានដុល្លារអាមេរិក។


ក្រោយគយចល័តបង្ក្រាប បារីគេចពន្ធ ឬបារីខុសច្បាប់ទាំងនោះ ត្រូវបាននាំយកមកថែរក្សាទុកបណ្ដោះអាសន្ន នៅក្នុងឃ្លាំងស្ដុកទុក នៃការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីរង់ចាំការសម្រេចពី លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ខណៈមន្ត្រីជំនាញ ចាប់ទំនិញគេចពន្ធទាំងនេះ បានហើយ គឺនាយកដ្ឋានគយចល័ត នឹងចេញលិខិតកោះហៅម្ចាស់ទំនិញឱ្យចូលខ្លួនមកផាកពិន័យគ ឬ បង់ពន្ធចូលរដ្ឋ តាមច្បាប់..។
ចំពោះករណីនេះ គឺជាការទទួលខុសត្រូវរបស់ លោក នួន ផាន់ណា ប្រធានការិយាល័យគយ និងរដ្ឋាករបាវិត ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រង..។
តាមប្រភពពី មន្ត្រីគយបម្រើការងារ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា បារីគេចពន្ធ ដែលមានតម្លៃជាង ៥០ម៉ឺនដុល្លារនេះ ជារបស់លោកតា ងួន ដែលត្រូវជា ឪពុកបង្កើត របស់ លោក នួន ផាន់ណា ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារ ព្រំដែនអន្តរជាតិ បាវិត។
ប្រភពដដែលអះអាងថា ច្រកប្រាសាទ គឺជាកន្លែងនាំចូលទំនិញគេចពន្ធឆ្លងកាត់ ជារៀងរាល់ថ្ងៃ..។ ហើយច្រកនេះ ស្ថិតនៅជាប់នឹងច្រកទ្វារបាវិត សព្វថ្ងៃ និងជាការខុសត្រូវក្នុងតួនាទីភារកិច្ច របស់ លោក នួន ផាន់ណា ប្រធានការិយាល័យគយ និងរដ្ឋាករបាវិត ផងដែរ។
ប្រភពបន្តទៀតថា តា ងួន ធ្លាប់ជាឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពី ប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកបាវិត រាប់ឆ្នាំកន្លងមកហើយៗ កន្លងមក ក៏គ្មានជំនាញផ្នែកណាមួយ ហ៊ានប៉ះគាត់ដែរ..?។
ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោកតា ងួន ដើម្បីបំភ្លឺរឿងខាងលើបានទេ។ ខណៈ លោក នួន ផាន់ណា ប្រធានការិយាល័យគយ និងរដ្ឋាករបាវិត ក៏មិនធ្ធ្ត្ព្វើអត្ថាធិប្បាយដែរ ដោយបញ្ជាក់នៅថ្ងៃចន្ទ ទី០៣ ខែសីហាថា ស្នើឲ្យទាក់ទង ទៅមន្ថ្រីថ្នាក់លើជំនួសវិញ ដ្បិតករណីនេះ បានបញ្ជូនទៅដល់ដៃថ្នាក់លើហើយៗ ថ្នាក់លើជាអ្នកសម្រេច.. ។
ចំណែក លោក សែ សុឃន អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអាចទាក់ទង ស្នើការបញ្ជាក់បាននៅឡើយដែរ..។
គួររំលឹកថា បន្ទាប់ពី លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញនូវវិធានការមុតស្រួច ឲ្យបង្ក្រាបអំពើគេចពន្ធរួចមក គេសង្កេតឃើញ លោក ព្រាប គារ៉ាត់ អនុប្រធានគយចល័ត ក៏បានដឹកនាំ កម្លាំងអន្តរាគមន៍ពិសេស ចុះសហការជាមួយ ស្ថាប័នតុលាការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះពិនិត្យអនុលោមភាពទំនិញ នៅទូទាំងប្រទេស ហើយបានរកឃើញទំនិញគេចពន្ធ ជាបន្តបន្ទាប់ និងអនុវត្តតាមនីតិវិធីគយ ដោយប្រមូលចំណូលពន្ធចូលរដ្ឋ បានយ៉ាងច្រើនសន្ធឹកសន្ធាប់..៕


