បាក់ទំនប់ស្តុកទឹក ក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី បណ្តាលឲ្យពុលត្រីងាប់នៅព្រែកកំពង់សិលា

ខេត្តព្រះសីហនុ : ​សហគមន៍នេសាទសាមគ្គីព្រែកកំពង់សិលា ខេត្តព្រះសីហនុ ព្រួយបារម្ភពីសារធាតុពុល ដែលហូរចេញពីការបាក់ទំនប់អាងស្តុកទឹក របស់​​​ក្រុមហ៊ុន​ដូងប្រេងម៉ុងប្ញទ្ធី បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់អណ្តែតពាសពេញទឹកព្រែក​។ ​មន្ទីរបរិស្ថាន ទទួលស្គាល់ថា ពិតជា​មាន​​ករណី បាក់ទំនប់ស្តុកទឹកខាងលើពិតមែន ហើយបច្ចុប្បន្នមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងកើតហេតុ។

ប្រជានេសាទរស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអះអាងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មានករណី បាក់ទំនប់អាងស្តុក​ទឹក ​​​របស់​ក្រុ​​ម​​ហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ​ហូរចូលព្រែក បណ្តាលឲ្យត្រីគ្រប់ប្រភេទ ពុលងាប់អណ្តែតពាសពេញផ្ទៃទឹក។ ពលរដ្ឋស្នើឲ្យមន្ត្រីស្ថាប័នជំនាញ ​ចុះពិនិត្យគុណភាពទឹកក្នុងព្រែកកំពង់សិលា ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់​។

លោក ឃួន ឃា អនុប្រធានសហគមន៍នេសាទសាមគ្គីព្រែកកំពង់សិលា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ទំនប់អាងស្តុកទឹកក្រុមហ៊ុន​ដូងប្រេ​​ងម៉ុង​ប្ញទ្ធីនេះ បានបាក់កាលពីថ្ងៃទី​១២ ខែមិថុនា។ ហើយបានហូរចូលទៅក្នុងព្រែក បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់ អណ្តែ​ត​ពេញទឹក។ លោក​ថា ត្រី​ដែលងាប់នេះ ទំនងអាចបណ្តាលមកពីសារធាតុគីមី មាននៅ​ក្នុងទឹក ដែលបាក់ទំនប់ ឬអាងស្តុកទឹក របស់ក្រុមហ៊ុនដូងប្រេង ​ម៉ុងប្ញទ្ធី។

លោក​​​​​​ស្នើឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យគុណភាពទឹក នៅក្នុងព្រែកកំពង់សិលា ដែលមានត្រីងាប់ ​ឲ្យបានឆាប់ ដើម្បីផ្សព្វ​ផ្សាយទប់​ស្កាត់កុំ​ឲ្យ​​ពលរដ្ឋ បរិភោគត្រី ឬក៏នាំយកទៅលក់នៅលើទីផ្សារ ដែល​អាច​ប៉ះ​ពាល់​ដល់សុខភាព ឬអាយុជីវិត របស់អ្នកបរិភោគ។

តំណាងសហគមន៍នេសាទរូបនេះ ក៏ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយចុះធ្វើអន្តរាគមន៍ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី មាន​ទីតាំង​​​នៅ​ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ធ្វើទំនប់ឲ្យបានរឹងមាំ និងមានស្តង់ដារត្រឹមត្រូវ ដ្បិតអាងស្តុកទឹក ដែល​មាន​សារ​ធាតុគីមីនេះ ក៏ធ្លាប់​បាក់ម្តងហើយ កាលពីឆ្នាំ​២០២៤ ដែលបណ្តាលឲ្យត្រីងាប់ និងបំផ្លាញដល់ជីវចម្រុះក្នុងទឹកធ្ងន់ធ្ងរបំផុត។

ទាក់ទិនបញ្ហានេះ លោក ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជាស្ថាបនឹកក្រុមហ៊ុនដូងប្រេង​ម៉ុងប្ញទ្ធី ក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុក បាន​​ឆ្លើយ​បដិសេធន៍​ថា មិនមានករណីបាក់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនលោកទេ ដោយបញ្ជាក់ថា ជារឿងចាស់កើតឡើងតាំងពីឆ្នាំ​២០២៤​។ ហើយ បាននិយាយចំអក​​ឲ្យអ្នក​​កាសែត ថា​ទទួលព័ត៌មានយឺត និងមិនច្បាស់ទៅវិញ?។

ទោះជាបែបនេះក្តី លោក ប៊ូ សាម៉េត មេភូមិ​ថ្មី ឃុំកំពង់សិលា បានទទួលស្គាល់ថា ពិតជាមានករណីបាក់ទំនប់អាងស្តុកទឹក ក្រុមហ៊ុន​ដូង​ប្រេង​​​ម៉ុងប្ញទ្ធី ពិតមែន។ ហើយ​ថា ករណីនេះ រូបលោក រួមជាមួយ​​​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្ថាប័នជំនាញ ក៏បានចុះទៅដល់​ទីតាំងកន្លែង​បាក់​​​​ទំនប់នោះ ដើម្បីស្នើឲ្យក្រុមហ៊ុននេះ រកវិធីទប់ទំនប់ ដែលបាក់នោះឲ្យបានឆាប់ ដោយ​​បារម្ភខ្លាចមានផលប៉ះ​ពាល់កាន់​តែធ្ងន់ធ្ងរ​ថែម​​​ទៀត។ លោកថា ក្រោយបាក់ទំនប់អាងស្តុកទឹកខាងលើនេះ បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់អណ្តែតពេញទឹកព្រែក។

ចំណែក លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា ពិតជាមានករណីបាក់ទំនប់ សម្រាប់​ស្តុកកាក​សំណល់រាវ ចេញពីក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ពិតមែន។ ហើយរូបលោកក៏បានជូនដំណឹងនេះ ទៅកាន់មន្ទីរជំនាញរួចហើយដែរ ដើម្បី​​ចុះមក​ពិនិត្យគុណភាពទឹក ដែលហូរចូលព្រែកបណ្តាលឲ្យត្រីងាប់នោះហើយ។

​ឆ្លើយតបបញ្ហានេះ លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យដឹងថា ទំនប់ទឹកក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ដែល​​បាក់​​​នោះ គឺត្រូវបានបិទ​ភ្ជាប់វិញហើយ។ ហើយមន្ត្រីជំនាញ ក៏បានចុះទៅយកសំណាកទឹកនោះទៅពិនិត្យ ដើម្បីរកផលប៉ះពាល់ និង​ឈាន​​ទៅ​រកវិធីទប់ស្កាត់។

ប្រធានអង្គការការពារបរិស្ថាន ប្រចាំខេត្តព្រះសីហនុ លោក​ ជិន វណ្ណៈ បានឲ្យដឹងថា យ៉ាងហោចមានក្រុងស្រុកចំនួន៣ នៅខេត្តព្រះសីហនុ  រួមមាន៖ ក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សិលា តែងមានសកម្មភាពបង្ហូរទឹកស្អុយកខ្វក់ និងមានក្លិនឆួល​ ចេញពីក្រុមហ៊ុន​ផ្សេងៗ ចូលទៅក្នុងដៃព្រែក ឬ​សមុទ្រ ដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាត ឲ្យបានត្រឹមត្រូវជាមុន​ទេ ដែល​បណ្តាល​ឲ្យសត្វស្លាប និងមច្ឆាសមុទ្រគ្រប់ប្រភេទ ងាប់​ជាបន្តបន្ទាប់។

លោកស្នើដល់ ក្រសួងបរិស្ថាន ត្រូវយកចិត្តទុកដាក់លើបញ្ហា នៃការបង្ហូរទឹកពុល ឬទឹកកខ្វក់ចូលព្រែក ឬសមុទ្រ ព្រែកទឹកសាប និង​ព្រែក​កំពង់​សិលា ជាដើមនេះ ឲ្យមានប្រសិទ្ធភាព ព្រោះសកម្មភាពនេះ បានកើតមានជាបន្តបន្ទាប់ និងច្រើនឆ្នាំ​មកហើយ៕ ​

 

អត្ថបទដែលជាប់ទាក់ទង