សង្គមស៊ីវិល៖ រដ្ឋាភិបាល អាចទប់​ទំនិញហាមឃាត់ពីថៃ មានប្រសិទ្ធភាព​ ដរាបណាហ៊ាន​វះកាត់ ឬហ៊ានផ្តន្ទាទោស មន្ត្រីមានឋានៈខ្ពស់ ក្នុងជួរដ្ឋាភិបាល ដែលគប់គិតជាមួយឈ្មួញ!

រាជធានីភ្នំពេញ ៖ សង្គមស៊ីវិលមួយចំនួន បានលើកឡើងថា ដរាបណា ថ្នាក់ដឹកនាំរដ្ឋាភិបាល មិនហ៊ានវះកាត់ ឬចាត់វិធានការផ្លូវច្បាប់​ ទៅលើមន្ត្រី​មាន​អំណាច ដែលគប់គិតជាមួយឈ្មួញលួចនាំចូលទំនិញ ​ជាប់​បំរាម​​​​ថៃ ឲ្យបានធ្ងន់ធ្ងរ​​​ទេ គឺមិនអាចទប់​ស្កាត់ការនាំ​​​ចូល​​​​ទំនិញពីថៃ ចូលមកកម្ពុជា មានប្រសិទ្ធភាពឡើយ។

ការលើកឡើងនេះ បន្ទាប់ពី ​លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាថ្មីម្តងទៀត បានព្រមានចាត់វិធានការ​​ផ្លូវច្បាប់ ចំពោះមន្ត្រី និងឈ្មួញ ដែលបន្តនាំ​​ចូលទំទិញខុសច្បាប់​​​ពីប្រទេសថៃ ចូលមកកម្ពុជា ជាបន្តបន្ទាប់ ហើយរងការរិះគន់ពីមេដឹកនាំថៃ។

ក្រុមអ្នកឃ្លាំមើលសង្គមមួយចំនួន ចាត់ទុក សារព្រមានក្តែងៗ របស់លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ​ ​នឹងចាត់វិធានការផ្លូវច្បាប់​​​ ទៅលើ​មន្ត្រី ដែលគប់គិតជាមួយឈ្មួញ បន្ត​​នាំចូលទំនិញ​​ខុស​ច្បាប់​​​​ពីប្រទេសថៃ នឹងមិនមានប្រសិទ្ធភាពទេ ដរាបណាមិនហ៊ានវះកាត់ ឬចាត់​វិធាន​ការ​មន្ត្រីមានឋានៈខ្ពស់ ដែលកាងការពារឈ្មួញ នាំចូលទំនិញទាំងនោះ ឲ្យបានធ្ងន់ធ្ងរទេនោះ។

​លោក សន ជ័យ នាយកប្រតិបត្តិអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា ករណីប្រទេស​ថៃ ​​បិទ​​ព្រំដែនជា​​ឯកតោភាគី ជាស្ថាពរ ប៉ុន្តែ​នៅ​​តែមានទំនិញ​ជាប់បំ​រាម បន្តនាំចូលមកកម្ពុជាទៀតនេះ គឺបង្ហាញពីការចាក់ស្រេះ នៃអំពើពុករលួយ ពិសេស មន្ត្រីក្រសួង​ស្ថាប័ន​​​​​​​ជំនាញនីមួយៗ ដែល​ប្រចាំការនៅតាម​ព្រំដែននីមួយៗ​ ​មិនស្តាប់បង្គាប់ថ្នាក់ដឹកនាំរដ្ឋ ឬក្បត់មេជាដើម?។

​លោកថា មន្ត្រីធុននេះ គួរ​​ត្រូវ​បានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬស្ថាប័នអនុវត្តច្បាប់ ត្រូវស៊ើបអង្កេតវែករកមុខ នាំខ្លួនមក​ផ្តន្ទា​​ទោស​​​​​​ឲ្យបានធ្ងន់ធ្ងរ។ ដោយ​មិនត្រឹម ប្រកាស​​​​ដកតំណែងពីកន្លែងមួយ រួចផ្តល់​តួនាទីនៅកន្លែងផ្សេងនោះទេ​​។

លោកថា៖ « គឺជាឱកាសសម្រាប់ជនពុករលួយ សម្រាប់ជនដែលប្រឆាំងនឹងបទបញ្ជា របស់អាជ្ញាធររដ្ឋ។ អញ្ចឹងករណីនេះ ខ្ញុំ យល់ថា គឺជា​​ចំណុច ដែលមិនអាចលើកលែងបានទេ។ បើវិធានការ របស់អាជ្ញាធរដ្ឋ បានដាក់ចេញ ហើយបើមន្ត្រីខិលខូចឬបុគ្គលខិលខូច នៅតែ​​មាន​​ឱកាស​​​​រំលោភបំពានអំណាច ដើម្បីនាំចូលផលិតផលទំនិញថៃ មកកម្ពុជា​ វាស្មើនឹងការប្រមាថមើលងាយទៅលើស្មារតីជាតិនិយម របស់​​ពល​​រដ្ឋ ឬស្មើទៅនឹងការរំលោភបំពានទៅលើច្បាប់ របស់កម្ពុជា។»​

តាម​លោក សន ជ័យ ចំពោះគ្រប់មន្ត្រីឬជនទាំងឡាយណា ដែល​គប់គិតបន្តនាំចូលទំនិញហាមឃាត់ពី​ថៃ គួរត្រូវ​​ផ្តន្តាទោសឲ្យបានធ្ងន់ធ្ងរ ​ដោយ​​​មិនត្រឹម​ដកតួនាទី ឬនាំខ្លួនទៅអនុវត្តច្បាប់ តាមរបៀប​រើសមុខនោះទេ?។ ដ្បិតជនទាំងនោះ គឺជាដង្កូវជញ្ជក់ឈាម​សង្គម ​ដែល​​រដ្ឋាភិបាល ត្រូវធ្វើការវះកាត់ បើពិតជាចង់ធ្វើកំណែទម្រង់ការដឹកនាំ និងលុបំបាត់អំពើពុករលួយ ពិតប្រាកដ​មែននោះ។

លោកបន្ថែម៖ « អញ្ចឹងគ្មានហេតុផលណាមួយត្រូវលើកលែង ឬព្រងើយកន្តើយ​ឲ្យមានបុគ្គលបែបនេះ នៅតែបន្តរំលោភបំពានច្បាប់ របស់​កម្ពុជាទៀតទេ។ ខ្ញុំ អាចនិយាយបានថាពួកគេជាប្រភេទមនុស្ស ដែលមិនឲ្យតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែង របស់ប្រជាពលរដ្ឋកម្ពុជា នៅ​​ក្នុងការ​ធ្វើពហិការទំនិញឬផលិតផល របស់ប្រទេសថៃ។»​

ស្រដៀងគ្នាដែរ សម្រាប់ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការលីកាដូ ក៏ចង់ឃើញប្រព័ន្ធច្បាប់នៅកម្ពុជា ពិសេស​ប្រមុខ​ដឹកនាំ ហ៊ានវះកាត់សាច់ស្អុយ ឬមន្ត្រីពុករលួយ ដែលបន្ត​គប់គិតបើកដៃឲ្យឈ្មួញ នាំចូលទំនិញជាប់បំរាមពីថៃ ចូលមកកម្ពុជា ដោយ​មិន​​​ស្តាប់​​តាមការណែនាំ របស់រដ្ឋាភិបាល​​​។ បើមិនដូច្នេះទេ មិនខុសអ្វីពីសុភាសិតខ្មែរមួយឃ្លាពោលថា «កោកៗ​​សឹក​​មាត់ត្រដោក ស្អែត​​​ពោះ​ក្របី​​» នោះទេ។

លោកមើលឃើញថា កន្លងមកនេះ មន្ត្រីអនុវត្តច្បាប់នៅតាមក្រសួងស្ថាប័នជំនាញពាក់ព័ន្ធភាគច្រើន គឺទាល់តែមានបទបញ្ជា របស់​ប្រមុខ​​ដឹកនាំ ចង្អុល​បង្ហាញ​លើបញ្ហាអសកម្ម​អ្វីមួយ ទើប​នាំគ្នាដុតដៃដុតជើងអនុវត្តតាម​បទ​​បញ្ជា​នោះ ​​ដែលបង្ហាញពីភាពកម្សោយ និងគ្មាន​ទំនួល​​​សុខ​​​​សត្រូវក្នុងភាពជាអ្នកដឹកនាំទេ។

លោកបន្តថា៖ « យើងឃើញថា រាជរដ្ឋាភិបាល បានដាក់បំរាមទៅលើមុខទំនិញ ដែលមិនអនុញ្ញាតឲ្យនាំចូលពីថៃ។ អញ្ចឹងមន្ត្រី ដែលអនុវត្ត​ច្បាប់​​​​​​នៅតាមព្រំដែនហ្នឹង ត្រូវតែអនុវត្តឲ្យបានតឹងរឹង ហើយបើសិនជាមានការគប់គិត ឬអំពើពុករលួយ ឲ្យនាំចូលទំនិញទាំងនោះ ហើយ​​អនុវត្ត​​​​មិនបាន គឺ​ត្រូវចាត់់វិធានការតាមផ្លូវច្បាប់ទៅលើមន្ត្រី ឬបុគ្គល ដែលអនុវត្តផ្ទុយពីបំរាម របស់រាជរដ្ឋាភិបាលហ្នឹង។»​

បន្ថែមលើនេះ លោក អំ សំអាត ក៏បានរំលឹកដល់ប្រជាពលរដ្ឋមួយចំនួន ដែលនៅបន្តប្រើប្រាស់ទំនិញថៃ គួរងាកមកពិចារណាឡើងវិញ ចំពោះ​​ទង្វើ​​ឈ្លានពាន របស់កងទ័ពថៃមកលើបូរណៈភាពទឹកដី របស់កម្ពុជា ដែលនាំឲ្យបាត់បងអាយុជីវិតកងទ័ព អាយុជីវិតពលរដ្ឋ ​និងបំផ្លាញ​​ទ្រព្យ​សម្បត្តិ​​​ផ្ទះស្បែងប្រជា​ពលរដ្ឋ រស់នៅតាមព្រំដែនកន្លងមកនេះ។ ថាតើគួរនាំគ្នាធ្វើពហិកា មិនប្រើប្រាស់ទំនិញថៃ ឬក៏បន្ត​ប្រើ​ប្រាស់​?។

ទាក់ទិនបញ្ហានេះដែរ លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការសង្គម មិនធ្វើអត្ថាធិប្បាយជុំវិញ ការ​ដាក់​បទបញ្ជាជាថ្មី​ របស់​ប្រមុខ​​រដ្ឋ​​​ស្ត្រីទី​កម្ពុជា ជុំវិញការចូលទំនិញជាប់បំរាមពីថៃចូលមកកម្ពុជា ខាងលើ​នេះទេ ព្រោះជា​រឿង​ដដែល​ៗ។ តែលោក​​កត់សម្គាល់ឃើញ​​ថា មួយ​រយៈ​​​ចុង​ក្រោយនេះ ឃើញមានទំនិញនាំចូលតាមផ្លូវគោកពីប្រទេសចិន ​ចូលមកកម្ពុជា តាមរយៈ​​​វៀតណាម មានសន្ទុះកើនឡើង។

លោក​បន្តថា កន្លងមកកម្ពុជា គិតថា ការធ្វើពហិកាមិនប្រើប្រាស់ទំនិញថៃ និងការបិទព្រំដែន អាចនាំឲ្យសេដ្ឋកិច្ចថៃយ៉ាប់យ៉ឺន។ ប៉ុន្តែបច្ចុប្បន្ន​នេះ យើងសង្កេតឃើញថា ​វៀតណាម ហាក់បីដូចជាប្រើយុត្តិសាស្ត្រ យកខ្សែមករិតកកម្ពុជា តា​មរយៈការរិតបន្តឹង​ការនាំចូលទំនិញ​តាមផ្លូវគោក​ពីប្រទេស​​ចិន ​ចូល​មកកម្ពុជា តាមរយៈ​វៀតណាម។ ​អាចក្នុងគោលបំណង​រុញឲ្យកម្ពុជា មានច្រកតែមួយ គឺ​​​ការ​​​បង្កើន​​​ការនាំ​ចូល​ទំនិញ​​ពីវៀតណាម ឲ្យ​​បាន​​ច្រើន ឬបែបណា?។ តែលោកថា ទាំងនេះ គ្រាន់តែជាចម្ងល់ ឬការយល់ឃើញ របស់លោកប៉ុណ្ណោះ?។

លោកបណ្ឌិតបន្ថែម៖ « ការបិទព្រំដែន​យើងគិតថាវាប៉ះពាល់ធំទៅដល់សេដ្ឋកិច្ច របស់ថៃ ដែលមានទំហំធំប្រមាណប្រាំឬប្រាំ​​មួយពាន់​​លាន​ដុល្លារ ​ហើយយើងគិតថា វាជាការច្របាច់ច្រមុះថៃ។ ហើយក្រោយការបិទខ្ទប់ទំនិញពីថៃមកយើងឃើញថា ទំនិញបានចាប់​​ផ្តើមហូរ​​ចូល​​ច្រើនពីប្រទេសចិន តាមប្រទេសវៀតណាម។ ប៉ុន្តែយើងសង្គេតឃើញថា មួយអាទិត្យពីរអាទិត្យចុងក្រោយនេះ យើងឃើញថា វៀតណាម បាន​​ចាប់ផ្តើមរិតបន្តឹងការនាំចេញនាំចូលទំនិញពីចិន កាត់តាមប្រទេវៀតណាម ចូលមកកម្ពុជា ហើយធ្វើឲ្យទំនិញខ្លះនៅខក។ ហើយ​​ឥឡូវ​​នេះ មានទំនិញខ្លះខកប្រមាណមួយខែហើយ នៅមិនទានដឹងថា ទំនិញហ្នឹងនៅពេលណា ដែលគេឲ្យមកទេ។»​

ជាថ្មីម្តងទៀត កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍នេះ​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច ​បានព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះជនទាំងឡាយណា ដែលបន្តនាំចូល​ទំនិញខុសច្បាប់មកពីថៃ ​​ដោយតម្រូវឲ្យដក​​ហូតទ្រព្យសម្បត្តិ បន្ថែមពីលើការផ្តន្ទាទោស។ ​ជាងនេះទៀត ក៏បានព្រនានវែករកមុខអ្នកជាប់ពាក់ព័ន្ធ ការនាំចូលសាច់បង្កក ពីថៃ ចូលមកកម្ពុជា ផងដែរ។

លោកឲ្យដឹងដូច្នេះ « មើលតាមទល់ដែនទាំងឡាយ ដាក់អាពួកនាំចូលទំនិញខុសច្បាប់ ត្រូវរឹបអូសយកស្អីៗឲ្យអស់ ហើយឲ្យទៅរែកដី។ ក្រែង​​​រាល់ថ្ងៃយើងមានទឹកសុទ្ធ របស់យើង យើងមានមីរបស់យើង យើងមានស្អីៗ របស់យើងអស់ហើយហ្ហី?។ ហើយជួនកាលនាំ​ចូលមក​​សុទ្ធ​​​តែជង្គង់មាន់ អាគេមិនស៊ីជង្គង់មាន់ហ្នឹងផង ឯងយកមកឲ្យខ្មែរស៊ី។ អញ្ចឹងដកហូតយកទ្រព្យសម្បត្តិ វាឲ្យវាទៅជីកត្រង់សេ និងធ្វើ​ពល​កម្ម​ឲ្យវាធ្ងន់ទៅមើល វាអត់មិនបានឬស្អី។»

ព្រមជាមួយគ្នានេះ សម្តេចតេជោ សែន ក៏បានបញ្ជាក់​ថា ចំពោះការបិទច្រកព្រំដែនរបស់ភាគីថៃ គឺ កម្ពុជា ​មិនបានខាត់បង់ច្រើន​ដូចប្រទេសថៃ​​ទេ។ ពោលគឺកន្លងមក ​ទំហំពាណិជ្ជកម្ម ដែលថៃ នាំ​ចូលមកកម្ពុជា ​មាន​រហូតដល់ជាង ១០ពាន់​​​​លានដុល្លារអាមេរិកឯណោះ។ ខណៈកម្ពុជា នាំចូលទៅថៃវិញ ​មានត្រឹមតែជាង​មួយ​ពាន់លានដុល្លារទេ។ ដូច្នេះកម្ពុជា មិនបានខ្វល់ចំពោះ​​ការបិទច្រកព្រំដែន របស់ថៃនោះ​ឡើយ​។ ហើយថា ទោះ ថៃ ចង់បិទព្រំដែន ប្រាំរយឆ្នាំទៀត ក៏បិទទៅចុះ។ យ៉ាងណា សម្តេច ហ៊ុន សែន ក៏បានប្រាប់​ពល​​​រដ្ឋ​ខ្មែរ​ថា សូម​កុំរំ​​ពឹង ចំពោះ​​​ការបើកច្រកព្រំដែន ជាមួយថៃនេះ ឲ្យសោះ៕ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង