ពលរដ្ឋរស់នៅស្រុកជាំក្សន្ត ខេត្តព្រះវិហារ ត្រូវអាជ្ញាធរ ហាមឃាត់មិនឲ្យចូលដាំដុះ លើដីធ្លាប់បង្កបង្កើនផង

ខេត្តព្រះវិហារ ៖ ប្រជា​ពលរដ្ឋជាង ២ពាន់គ្រួសារ រស់នៅស្រុកឃុំក្សាន្ត ចោទអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះវិហារ មិនឲ្យពួកគាត់ ចូលទៅបង្ក​បង្កើន​​ផល​កសិកម្ម ដាំដុះនៅលើដីធ្លាប់​អាស្រ័យផលច្រើនឆ្នាំកន្លងមក​ទៀតទេ។ ខណៈរដូវបង្កបង្កើនផល បានចូលមកដល់​ ហើយពួកគាត់ មិន​អាចធ្វើ​​ស្រែ​ចំការ ឬ​​ដាំដុះផលដំណាំ សម្រាប់ចិញ្ចឹមគ្រួសារបានទេ?។

​​តំណាងពលរដ្ឋ សំណូមពរដល់ប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យ​ជួយអន្តរាគមន៍ ​អាចឲ្យពួកគាត់ ចូលទៅ​បង្កបង្កើនផល នៅលើ​ដីធ្លាប់ដាំដុះ ឲ្យ​បានទាន់រដូវវស្សាផង ដ្បិតពលរដ្ឋពួកគាត់ មិនមានមុខរបរអ្វី ក្រៅតែអំពីការដាំដុះដំណាំកសិម្ម ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​​នោះ​​ទេ?។

ប្រជាពលរដ្ឋចំនួន៤ឃុំ រួមមាន៖ ​ឃុំ រំដោះស្រែ, ឃុំ ជំាក្សាន្ត, ឃុំ ទឹកក្រហម និងឃុំ ព្រីងធំ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្ហាញ​កង្វល់​​ពីការ​​​បាត់បង់ដីធ្លី និងត្រូវអាជ្ញាធរមូលដ្ឋាននេះ ហាមមិនឲ្យចូលទៅបង្កបង្កើនផលកសិកម្ម នៅលើដីធ្លាប់ដាំដុះអាស្រ័យផល ចាប់ពី ជាង ១០ឆ្នាំ​ ទៅ​​​ជាង​២០ឆ្នាំ​​នោះ ទៀតទេ។

ផ្តើម​ពីបញ្ហានេះ ពលរដ្ឋរស់នៅឃុំរំដោះស្រែ ស្នើមិនបង្ហាញអត្តសញ្ញាណ ដោយ​បារម្ភខ្លាចត្រូវ អាជ្ញាធរស្រុកជាំក្សាន្តគំរាមកំហែង បាន​សំណូមពរដល់ ថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ឲ្យពួកគាត់ អាចចូលទៅ​ដំណាំដាំដុះ នៅលើដីធ្លាប់​បង្ក​បង្កើន​ផល ដែល​ពលរដ្ឋខ្លះ បានអាស្រ័យផលតាំងពី​ឆ្នាំ​២០១២ ឬក៏ចាប់ពី១០ទៅ២០ឆ្នាំ អាចចេញចូលធ្វើចំការស្រែ​ដូចមុនវិញ?។ ពលរដ្ឋបន្តថា ពេល​នេះ​ចូល​ដល់​រដូវ​វស្សា ដែលត្រូវកសិករដូចពួកគាត់ ធ្វើការ​ដាំដុះផលដំណាំហើយ។ ហើយប្រសិន​​ពួកគាត់ មិនអាចចេញចូលដាំដុះ បាន​នឹង​ត្រូវ​ដាច់ពោះស្លាប់ ខណៈ​ជម្លោះ​ព្រំដែន ​មិនអាចឲ្យពួកគាត់ ចេញ​​ស្វែងរកការងារធ្វើ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានទេ។

ពលរដ្ឋបន្តថា ៖ « សុំប្រគល់ដីនេះឲ្យប្រជាជនវិញព្រោះអីប្រជាជនមានច្រើនគ្រួសារណាស់ដែលប៉ះពាល់ គឺចំនួន ៤ឃុំ។ ចង់សុំឲ្យសម្តេច​ ជួយ​​​​ប្រគល់​ដីមកឲ្យប្រជាជនវិញផង។ ចំណុចតាំងពីស្រះម្លេះ រហូតដល់ស្ទឹងតាគៀប ខាងស្រុកជាំក្សាន្ត។ ដីនេះជាដី​កសិកម្ម ប្រជាជន​អាស្រ័យ​​​ផលស្រូវនៅលើដីនេះជាប្រចាំរាល់ឆ្នាំ។ អត់ស្រូវអត់ស្រែ តើឲ្យប្រជាជនរំពឹងអី?។ ប្រទេសជាតិ កំពុង​មាន​សង្គ្រាម ហើយមក​យក​ដី​​ប្រជាជនទៀត។ និយាយទៅនៅខេត្តព្រះវិហារហ្នឹងវិវាទដីធ្លីហ្នឹងកើតឡើងស្ទើរគ្រប់ស្រុក អាជ្ញាធរមកយកដី​ប្រជាជនហ្នឹងឯង​។»

ស្រដៀងគ្នាដែរ សម្រាប់​ពលរដ្ឋផ្សេងទៀត ក៏បានលើកឡើងថា នៅថ្ងៃសុក្រនេះអាជ្ញាធរស្រុកជាំក្សាន្ត ​បានចុះមកតម្រូវឲ្យពលរដ្ឋ រស់​នៅឃុំរំដោះស្រែ និងឃុំផ្សេងទៀត ផ្តិតស្នាមមេដៃ លើកិច្ចសន្យាមួយច្បាប់ ប៉ុន្តែត្រូវពលរដ្ឋ​ភាគ​ច្រើន​បដិសេធ ដោយខ្លាចចាញ់បោកអាជ្ញាធរ នាំ​ឲ្យបាត់បង់ដីធ្លី ដូចធ្លាប់ជួបកន្លងមក។

ត្រង់ចំណុចនេះ ពលរដ្ឋរងគ្រោះ ក៏បាន​សំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ​​ជួយពិនិត្យ និង​អន្តរាគមន៍​មកមន្ត្រីស្រុកជាំក្សាន្ត និងអភិបាល​ខេត្តព្រះវិហារ បើកផ្លូវឲ្យពលរដ្ឋ អាចចេញចូល​ ដាំដុះផលដំណាំ នៅ​​លើដីធ្លាប់​បង្កបង្កើន​ផល ដូចពេលមុនវិញ។ ដ្បិតពេលនេះ ពល​រដ្ឋពួក​គាត់ ត្រូវអាជ្ញាធរស្រុកជាំក្សាន្ត គំរាមនិង​ហាមមិន​ឲ្យចូលដាំដុះផល​ដំណាំ​ផ្សេង​ៗ នៅលើ​ដី ដែល​ធ្លាប់អាស្រ័យផលទៀតទេ។

លោកថា ៖ « ឯកសារនោះគេយើងអត់យល់ស្រប គេចុះវាស់វែងឲ្យយើងផ្តិតមេដៃនៅលើឯកសារ ចុះកិច្ចសន្យាសុំអាស្រ័យផល។ ខ្ញុំ មក​រស់​នៅលើដីនេះដប់ឆ្នាំជាងហើយ តាំងពីឆ្នាំ​២០១២ មានដាំស្វាយចន្ទី ដាំដំឡូង និងធ្វើស្រែជាដើម។ សំណូមពរសុំចុះធ្វើស្រែវិញ កុំឲ្យ​​គេចា​ប់ ព្រោះយើងចុះធ្វើៗអត់បានទេឥឡូវនេះ។ គេឲ្យយើងលាយលក្ខអក្សរ ធ្វើកិច្ចសន្យាសុំអាស្រ័យផល ហើយផ្តិតមេដៃ ទើបគេឲ្យទៅ​​ធ្វើដី​ស្រែ​​ចំការ។ តែយើងជាម្ចាស់កម្មសិទ្ធិហ្នឹង បែរជាទៅសុំគេវិញ? ​យើងអាស្រ័យផលយូរណាស់ហើយ ទៅជាយើងទៅ​​សុំអាស្រ័យ​ផល​ពីគេ​វិញ?។»

ចំណែក សម្រាប់ស្ត្រីវ័យចំណាស់ម្នាក់ ក៏ថ្លែងហួសចិត្តកាលបើដីស្រែចំការធ្លាប់បង្កបង្កើនផល តាំងពី កូនក្នុងផ្ទៃ របស់​គាត់មិនទាន់កើត រហូត​​​​ដល់ ពេលនេះ គាត់មានចៅទៀត ទៅហើយនោះ បែរជាត្រូវអាជ្ញាធរស្រុកជាំក្សាន្តមកហាម និងគំរាម មិនឲ្យចូលដាំ​ដុះបែបនេះ​ទៅ​វិញ​?។ ពលរដ្ឋ​ថា អន្និច្ចា​ណាស់ ជម្លោះជាមួយចោរសៀមប្លន់ដី មិនទាន់ដោះស្រាយចប់ផង បែរជាមក ត្រូវអាជ្ញាធរ ខ្លួនឯង មកបង្ខំ​  មិន​ឲ្យ​​​​​ចូល​ទៅ​ដាំដុះផលដំណាំ​ នៅលើដីរបស់ខ្លួនឯង​ទៅវិញ?។

ស្ត្រីវ័យចំណាស់បន្ថែមថា ៖ « ខ្ញុំចង់បានដីខ្ញុំមកវិញ ខ្ញុំធ្វើតាំងពីម្ភៃសាបសិបឆ្នាំមកហើយ តាំងពីកូនខ្ញុំ មីបងកើតមកអាយុ ៣០ឆ្នាំហើយ។ នៅ​​​យូរ​ណាស់ហើយតាំងពីស្រុកមានសង្គ្រាមវៃគ្នាឯណោះ មិនចាំឆ្នាំទេ។ ឥឡូវកូនបងកើតមក ឥឡូវយក ប្តី បានចៅធំប៉ុណ្ណាហ្នីទៀត​ហើយ​នេះ។»

វីអូឌី មិនអាចទាក់ទង លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកដីធ្លី ដើម្បីបំភ្លឺជុំវិញករណីខាងលើ​បានទេ នៅថ្ងៃស្រុក ទី ១៥ ខែឧសភានេះ។ ខណៈ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត  ក៏មិនអាចទាក់ទងស្នើការបំភ្លឺបានដែរ។

ដោយឡែក លោក សេត ម៉ាប់ មេឃុំរំដោះស្រែ បាននិយាយខ្លីថា មិនបានដឹងរឿង អាជ្ញាធរ​ស្រុក​​​ជាំក្សាន្ត ចុះស្រង់ស្ថិតិ ឬមក​ហាមពលរដ្ឋ ​​ មិន​ឲ្យចូលបង្កបង្កើនផល នៅលើដីធ្លាប់អាស្រ័យផល ក្នុងមូលដ្ឋាន​​នេះទេ។

​​ទោះ​ជាបែបនេះក្តី ​​លោក ស៊ាំ ស៊ីឃ្លីន អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំ​ខេត្តព្រះវិហារ យល់ថា គួរតែអាជ្ញាធរ អនុញ្ញាតឲ្យពលរដ្ឋ ចូល​​ដាំដុះនៅលើដីធ្លាប់អាស្រ័យផលជាមុនសិន ព្រោះរហូវនេះ ជារដូវបង្កបង្កើនផលកសិកម្ម។ ប៉ុន្តែបើអាជ្ញាធរបែរជា​ហាមពួក​គាត់ មិនឲ្យ​ដាំ​​​ដុះបែបនេះ អាចនាំឲ្យពលរដ្ឋ កាន់តែរងទុក្ខវេនាថែមទៀត។

ជាងនេះ​លោកថា ករណីវិវាទដីធ្លី ដែលដោះមិនចេះចប់ មួយផ្នែកអាចជា​កំហុស របស់អាជ្ញាធរផងដែរ ព្រោះនៅពេលពលរដ្ឋ ចូល​មក​កាប់​គាស់ព្រៃ រស់​នៅលើដីនោះភ្លាមៗ ហេតុអ្វី ក៏មិនមកហាមឃាត់ ឬ​​ប្រាប់គាត់ថាដីនេះជាដីរបស់អ្នកនេះ ឬអ្នកនោះ ដែលមិន​អាចឲ្យ​ពលដ្ឋ​ ចូល​​មករស់​នៅឬកាន់កាប់បានទេ?។ ប៉ុន្តែផ្ទុយទៅវិញ ទុកបណ្តោយឲ្យដល់ពលរដ្ឋ ចូលមកកាប់គាស់ និងអាស្រ័យ​ផលអូស​បន្លាយពេល ដប់ឬម្ភៃឆ្នាំ ទើបលេចមុខអាជ្ញាធរ មកមក​​ប្រាប់​ពលរដ្ឋរស់នៅលើដីខុសច្បាប់ ឬជាដីកម្មសិទ្ធិអ្នកនេះអ្នកនោះទៅវិញ?។

ត្រង់ចំណុចនេះ លោកស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋាភិបាល គួរ​ពិនិត្យ​ចមពោះវិវាទដីធ្លី កំពុងកើតមាន នៅតាមស្រុកមួយចំនួន ក្នុង​ខេត្តព្រះវិហារ ឲ្យបានស៊ីជំរៅឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះ ទទួលបាន​សិទ្ធិវិនិយោគ ​ក្រោយពេល ពលរដ្ឋ ចូលមកតាំងទីលំនៅ ឬ​អាស្រ័យ​ផលលើដីជាក់ស្តែង​ទៅទៀត?។

លោកឲ្យដឹងបន្តដូច្នេះ ៖« បើករណីដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្លាប់អាស្រ័យផលកន្លងមក។ អាជ្ញាធរ ដល់រហូតនេះហើយគួរតែ​អនុញ្ញាត​​​​ឲ្យប្រជាពលរដ្ឋ គាត់អាស្រ័យផលសិនចាំសម្របសម្រួល ឬក៏ដោះស្រាយតាមក្រោយក៏វាមិនខាតបង់អីដែរ។ ព្រោះគាត់​​អាស្រ័យ​​ផល វាមិនមែនទៅដាំដំណាំអីដែលមិនអាចប្រមូលផលបានឯណា? វាមានរដូវរបស់វា ប៉ុន្មានខែគាត់អាចប្រមូលផល​បានហើយៗផុតប្រមូល​ផល គាត់អាចចាត់ចែង ឬក៏ដោះស្រាយតាមវិធីសាស្ត្របន្តបន្ទាប់អញ្ចឹងទៅ។ ហើយបើសិនជាបណ្តោយឲ្យ មិនមានដំណោះស្រាយ ហាម​​ឃាត់ៗ ហើយចុះបើអាជ្ញាធរ មានគោលការណ៍ជាក់លាក់ប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ ហើយបើហួសរដូវកាលដាំដុះហើយ​ តើគាត់​​ត្រូវ​​ធ្វើ​​​​ម៉េច​​វិញ។ អាហ្នឹងហើយជាបញ្ហាប្រឈម នឹងជីវិតប្រចាំថ្ងៃ របស់ពួកគាត់។»

យ៉ាងណា នៅលើកិច្ចសន្យា ដែលអាជ្ញាធរស្រុកជាំក្សាន្ត បាន​តម្រូវឲ្យពលរដ្ឋចំនួន ៤ឃុំ នៅស្រុកជាំក្សាន្ត បំពេញទិន្នន័យព័ត៌មាន​ ​ដូចជា ៖ ចុះឈ្មោះ ភូមិ ឃុំ និង​ទំហំដី​​ធ្លាប់បង្កបង្កើនផល ចាប់ពីឆ្នាំណាដល់ឆ្នាំណា ​ដើម្បីដាក់ជូនទៅ លោកអភិបាល​ស្រុក​ជាំក្សាន្ត ពិនិត្យ គឺ​ត្រូវ​​​​ពល​រដ្ឋ​​ចាត់ទុកថា ជាកិច្ចសន្យាមានហានិភ័យខ្ពស់ និងមានចំណុចសង្ស័យ​ច្រើន ​​​ដែល​ឈាន​​ទៅបន្លំថា ពួកគាត់ បាន​​​ផ្តិតស្នាមមេដៃ ប្រគល់​ដីធ្លាប់បង្កបង្កើនផល ទៅឲ្យអ្នកផ្សេង ដូចដែល​ពួកគាត់ ធ្លាប់​​ជួប​កន្លង​​មក៕

អត្ថបទដែលជាប់ទាក់ទង