សង្គមស៊ីវិល ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតករណី លោក ចេង ស្រុង ចេញប្លង់កម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ នៅសង្កាត់រាម ក្រុងកំពង់សោម ជូនឈ្មោះ ថាន ចំរើន ថាតើបានអនុវត្តស្របតាមច្បាប់ដែរឬទេ?
ខេត្តព្រះសីហនុ ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងសាធារណជនមួយចំនួន ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អេស៊ីយូ (ACU) បើកការស៊ើបអង្កេត ទៅលើករណី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ចេញប្លង់ ឬបណ្ណកម្មសិទ្ធិដី ប៉ះពាល់លើដីចំណីឆ្នេរ និងក្នុងទឹកសមុទ្រ មានទីតាំងក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ជូនបុគ្គលឯកជនម្នាក់ មានលំនៅដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌ផ្លូវច្បាប់ សម្រាប់ពលរដ្ឋទាំងអស់គ្នា។
បច្ចុប្បន្ន បុគ្គល ទទួលបានប្លង់កម្មសិទ្ធិ លើដីលើដីសាធារណៈ របស់រដ្ឋ ខាងលើ កំពុងសម្រុកដឹកថ្មចាក់លុបឆ្នេរសមុទ្រ និងសង់សំណង់រឹងមាំ ធំស្កឹមស្កៃ ទាំងមិនទាន់មានច្បាប់សាងសង់ពីអាជ្ញាធរទេ។
មេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន ស្នើឲ្យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ រួមមាន៖ ក្រសួងដែនដី , ក្រសួងបរិស្ថាន, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (គអឆក) ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ចំពោះសកម្មភាពអនុវត្តការងារ របស់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានចេញប្លង់កម្មសិទ្ធិ លើដីចំណីឆ្នេរសមុទ្រ ជូនបុគ្គលឯកជនឈ្មោះ ថាន ចំរើន មានអាស័យដ្ឋានរស់នៅរាជធានីភ្នំពេញ ដើម្បីឲ្យប្រាកដថា តើការចេញបណ្ណនេះ អនុវត្តស្របតាមច្បាប់ដែរឬទេ?។
លោក សន ជ័យ នាយកប្រតិបត្តអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ (ANSA) បានឲ្យ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃអង្គារ ទី១២ ខែឧសភាថា សំណង់ដែលកំពុងចាក់ថ្មចូលសមុទ្រ និងសង់សំណង់រឹងមាំ លើចំណីឆ្នេរ និងទឹកសមុទ្រ ក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម រាល់ថ្ងៃនេះ បានប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ និងបំពានច្បាប់ធ្ងន់ធ្ងរ។
លោកស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នជំនាញ ជួយបកស្រាយ ឬចុះស៊ើបអង្កេតករណីនេះជាបន្ទាន់ ថាតើ ការចេញប្លង់កម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រខាងលើនេះ អនុវត្តស្របតាមច្បាប់ឬទេ។ ជាងនេះទៀត ករណីចាក់ថ្មចូលសមុទ្រ និងការសាងសង់រឹងមាំនេះ មានច្បាប់អនុញ្ញាតិឬទេ។ ហើយបើមានច្បាប់ ស្ថាប័នណាជាអ្នកអនុញ្ញាតិ?។
បន្ថែមលើនេះ លោកស្នើឲ្យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស លោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបើកការស៊ើបអង្កេត ទៅលើសកម្មភាព របស់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដែលហ៊ានចេញបណ្ណកម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ និងក្នុងទឹកសមុទ្រ ជូនបុគ្គលឯកជន ឈ្មោះ ថាន ចំរើន ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថមានឋានៈបុណ្យស័ក្តិខ្ពស់ នៅរាជធានីភ្នំពេញ នាំឲ្យប៉ះពាល់ដល់ដីសាធារណៈ របស់រដ្ឋ។ ជានេះទៀត ក៏ដើម្បីបង្ហាញឲ្យសាធារណជន បានដឹងថា តើការចេញបណ្ណកម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ នៅសង្កាត់រាមនេះ បានអនុវត្តស្របតាមច្បាប់ ឬមួយក៏មានការគប់គិតអ្វីដែរឬទេ? ។ លោកសង្កត់ធ្ងន់ថា បើរកឃើញកំហុសឆ្គង គឺត្រូវតែផ្តន្ទាទោស អ្នកជាប់ព័ន្ធទាំងអស់ ឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន ប្រយោជន៍ដើម្បីឈានទៅទប់ស្កាត់ រាល់សកម្មភាព បំផ្លាញធនធានរបស់ជាតិ ដែលនៅសេសសល់ កុំឲ្យបន្តបាត់បង់ តទៅទៀត នាថ្ងៃអនាគត។

តាមការកត់សម្គាល់ នៅចុងឆ្នាំ២០២៥ និងក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ គេសង្កេតឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ បានសកម្ម លើការងារចុះស៊ើបអង្កេត និងចាប់បញ្ជូនមន្ត្រីខិលខូច នៅតាមស្ថាប័នរដ្ឋមួយចំនួន ដែលគប់គិត ប្រព្រឹត្តិអំពើពុករលួយ ជាច្រើនករណី បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ព្រមទាំងបានឃុំខ្លួន ដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្នុងនោះរួមមាន៖ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួកសរុបចំនួន៣នាក់ និងមន្ត្រីតុលាការនៅខេត្តពោធិ៍សាត់ជាដើម ពាក់ព័ន្ធអំពើពុករលួយ។
ត្រង់ចំណុចនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការលីកាដូ ក៏ថ្លែងរិះគន់ និងចាត់ទុកករណី លោក ចេង ស្រុង ចេញប្លង់កម្មសិទ្ធិជូន ឈ្មោះ ថាន ចំរើន លើដីចំណីមាត់សមុទ្រ និងឆ្នេរសមុទ្រជារឿងខុសច្បាប់។ ហើយទាមទារឲ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេត បញ្ហានេះជាបន្ទាន់ ព្រោះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសតំបន់ឆ្នេរ ខេត្តព្រះសីហនុ ធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលសង្គមរូបនេះក៏ស្នើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេស នាយករដ្ឋកម្ពុជា បញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណី ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន ប៉ះពាល់ដីចំណីឆ្នេរ ឬមាត់សមុទ្រ ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ឲ្យបានឆាប់ ដើម្បីកុំឲ្យរងការរិះគន់ពីសាធារណជន ចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នា រវាងអ្នកមានអំណាច មានឋានៈបុណ្យស័ក្តិខ្ពស់ និងពលរដ្ឋក្រីក្រ។
”កម្ពុជាថ្ងៃនេះ” បានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញករណី ចេញប្លង់កម្មសិទ្ធិ ជូនឈ្មោះ ថាន ចំរើន នៅលើចំណីមាត់សមុទ្រ នៅភូមិអុង សង្កាត់រាមបានទេ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។
ទោះជាបែបនេះក្តី លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានឲ្យកម្ពុជាថ្ងៃនេះដឹងថា ទីតាំងចាក់ថ្មចូលសមុទ្រ និងមានសង់សំណង់រឹងមាំនោះ ជាសំណង់សង់មិនទាន់មានច្បាប់អនុញ្ញាតិទេ។ ហើយមន្ត្រីលោក ក៏បានចុះហាមឃាត់ការសាងសង់នេះ ចំនួនពីរដងរួចមកហើយ ប៉ុន្តែបុគ្គលម្ចាស់សំណង់នេះ នៅតែគឃ្លើនបន្តសាងសង់ ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរឡើយ។
លោកទទួលស្កាល់ថា បុគ្គល ដែលសំណង់សង់អត់ច្បាប់នេះ គឺពិតជាបានលបលួច សម្រុកដឹកថ្មចាក់ចូលក្នុងទឹកសមុទ្រ ដោយម្ចាស់សំណង់នេះ សំអាងថាមានប្លង់កម្មសិទ្ធិស្របច្បាប់ ចេញដោយ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០២៣។
លោកថា រឿងម្ចាស់សំណង់ មានបណ្ណកម្មសិទ្ធិស្របច្បាប់ឬបែបណា ជារឿងដោយឡែក រូបលោកមិនលូកមាត់ទេ? ប៉ុន្តែសំណង់សង់អត់ច្បាប់ គឺលោកមិនអនុញ្ញាតិឲ្យមានការសាងសង់ទៀតទេ។ ហើយបើក្នុងករណី ម្ចាស់សំណង់នៅតែចចេសសាងសង់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណា “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ថាន ចំរើន ម្ចាស់ក្បាលដីលេខ៩៩ មានទំហំ ៥០០០ម៉ែត្រការ៉េ បណ្ណកម្មសិទ្ធិ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខា និងបោះត្រា ដោយលោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ មានទីតាំងនៅភូមិអុង សង្កាត់រាម បាននៅឡើយទេ នៅថ្ងៃអង្គារ ទី១២ ខែឧសភា។ ខណៈ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបានដែរ តាមទូរសព្ទ..?។
ត្រង់ចំណុចនេះ សាធារណជន មួយចំនួន បង្ហាញការសោកស្តាយ ដែលធនធានធម្មជាតិមួយចំនួន ដូចជា ៖ ឆ្នេរសមុទ្រ មច្ឆាសមុទ្រ និងព្រៃកោងកាង ដែលជាប្រភពជីវៈចម្រុះបាតសមុទ្រ បានបន្តរងនូវការរំលោភបំពាន ជាបន្តបន្ទាប់ ហើយការទប់ស្កាត់ ហាក់មិនទាន់មានប្រសិទ្ធភាពទេ។

ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ចំពោះការសាងសង់ “សំណង់រឹង” តាមឆ្នេរសមុទ្រ (ដូចជា៖ អគារ កំពង់ផែ ជញ្ជាំងបេតុង ទំនប់ រមណីយដ្ឋាន ឬសំណង់ពាណិជ្ជកម្មផ្សេងៗ) ត្រូវស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាច្រើន ពាក់ព័ន្ធនឹងការគ្រប់គ្រងដីឆ្នេរ បរិស្ថាន និងធនធានធម្មជាតិ..។
ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរគឺ កម្ពុជា មានគោលនយោបាយគ្រប់គ្រងតំបន់ឆ្នេរ ដើម្បីការពារ ៖ ឆ្នេរសមុទ្រ, ព្រៃកោងកាង, ប្រព័ន្ធអេកូឡូស៊ី និងសិទ្ធិប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ឆ្នេរសាធារណៈ។ ហើយជាទូទៅ មិនអនុញ្ញាតឲ្យសាងសង់សំណង់រឹង រំលោភលើដីសាធារណៈ របស់រដ្ឋ ឬរារាំងផ្លូវចូលឆ្នេរសមុទ្រនោះទេ។ ហើយ ត្រូវរក្សាចម្ងាយសុវត្ថិភាព ពីខ្សែទឹកជោរ-នាចជាដើម..។
បន្ថែមលើនេះ ច្បាប់ភូមិបាលឆ្នាំ២០០១ ក៏បានកំណត់ថា៖ ឆ្នេរសមុទ្រ, ព្រែក, សមុទ្រ, និងតំបន់សាធារណៈ ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ ដែលមិនអាចកាន់កាប់ធ្វើកម្មសិទ្ធិឯកជន ដោយសេរីបានឡើយ។ ហើយចំពោះ ការសាងសង់លើដីសាធារណៈ ត្រូវមានអាជ្ញាបណ្ណ ឬសម្បទានស្របច្បាប់។
ជាងនេះទៀត ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ក៏បានកំណត់ថា រាល់គម្រោងសំណង់ធំៗ នៅតំបន់ឆ្នេរ ក៏ត្រូវធ្វើរបាយការណ៍វាយតម្លៃ ពីផលប៉ះពាល់បរិស្ថាន (EIA), សិក្សាពីផលប៉ះពាល់លើទឹកសមុទ្រ, ជលផល និងសហគមន៍ ព្រមទាំងត្រូវទទួលការអនុម័តពី ក្រសួងបរិស្ថានជាមុនសិន។ ហើយក្នុងករណី គ្មានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន (EIA) ឬបំពានលក្ខខណ្ឌណាមួយ អាជ្ញាធរ អាចចុះផ្អាកគម្រោង, ពិន័យ និងបញ្ជាឲ្យរុះរើសំណង់នោះចោល៕


















