ពលរដ្ឋខេត្តព្រះសីហនុ ស្នើឲ្យអាជ្ញាធរ ជួយទប់ស្កាត់ក្លិនស្អុយ ភាយចេញពី​រោងចក្រកែឆ្នៃផ្លែ​ស្វាយ នៅក្បែរគល់ស្ពានទឹកសាប ព្រោះប៉ះពាល់ដល់ការរស់នៅ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មួយចំនួន រស់នៅខេត្តព្រះសីហនុ បាន​រអ៊ូរទាំចំពោះ​​​ក្លិនស្អុយ ដែល​សាយភាយចេញពី រោងចក្រកែឆ្នៃផ្លែស្វាយ មួយ​កន្លែង នៅជាប់ផ្លូវជាតិលេខ៤ ក្បែរស្ពានទឹកសាប សង្កាត់រាម ក្រុងកំពង់សោម ដែលបាន​បង្កក្លិនស្អុយ នាំឲ្យ​ប៉ះពាល់ដល់សុខភាព ​ផ្លូវដង្ហើមនិងការប្រកបមុខរបរ របស់ពួកគាត់ធ្ងន់ធ្ងរ។

​​ប្រជាពលរដ្ឋមួយចំនួន រស់​នៅ​សង្កាត់រាម ក្រុងកំពង់សោម បានឲ្យដឹងនៅថ្ងៃចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២៦នេះថា រោងចក្រស្វាយខាងលើនេះ មិនបាន​ទុកដាក់​កាកសំណល់ សល់ពីការកែឆ្នៃ ផ្លែ​​ស្វាយ របស់ខ្លួន ឲ្យបានត្រឹមត្រូវទេ ដោយមានសាយភាយ ក្លិនស្អុយ ពិបាកដល់ការដកដង្ហើម និងការរស់នៅប្រចាំថ្ងៃ។ ជាងនេះ​ទៀត រោង​ចក្រនេះ ក៏តែងបានបង្ហូរសារធាតុគីមីស្អុយចូលទៅក្នុងដៃព្រែក ឬដៃសមុទ្រ ដែលប៉ះពាល់ដល់​​បរិស្ថាន និងជីវចម្រុះ នៅ​តាមដងព្រែកធ្ងន់ធ្ងរថែមទៀតផង។

​​ពលរដ្ឋម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់រាម​ ​បានស្នើដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ជាពិសេស លោក ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យជួយអន្តរាគមន៍ទៅរោងចក្រស្វាយ មានទីតាំងជាប់ផ្លូវជាតិលេខ៤ ម្តុំខាងកើតគល់​​ស្ពានទឹកសាប ឲ្យបាន​​ឆាប់ផង ដ្បិត​បានប៉ះពល់​ដល់​ការរស់នៅប្រចាំថ្ងៃ និង​ការប្រកបមុខរបរចិញ្ចឹមជីវិត របស់ពួកគាត់​។

លោក​ឲ្យដឹងដូច្នេះ៖​ « ជិះ​លើផ្លូវជាតិលេខ៤ តាម​​មុខរោងចក្រស្វាយហ្នឹង គឺក្លិនស្អុយជះពេញមុខរោងចក្រហ្នឹងហ្មង។ ជិះគាត់ដឹងតែធំក្លិនហើយ រោង​​​ចក្រស្វា​យនៅចំណុច ៩៣ ជិតអូរកំបុត។ ហើយគេបង្ហូរទៅព្រែកខាងក្រោម ដោយដើមឈើងាប់អស់គ្មាន​សល់​ស្លឹកទេ។ ហើយ​ផលប៉ះ​ពាល់​​ខ្លាំង គឺអ្នកនេសាទ គឺនេសាទអត់បានផលទេ​។»​​

ពលរដ្ឋច្រើនទៀត ក៏បានលើកឡើងពីផលវិបាក នៃការបំពុលបរិស្ថាន ចេញពី​រោងចក្រកែឆ្នៃស្វាយនេះដែរ។ ពួកគេ អះអាងថា ការសាយភាយក្លិនស្អុយនេះ គឺពួកគាត់ ក៏ធ្លាប់បានស្នើសុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរ​​​​​​សង្កាត់រាម ច្រើនលើកច្រើនសារ ​កន្លង​​មកហើយ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលវិជ្ជមានច្រើនទេ។

​ឆ្លើយតបបញ្ហានេះ ចៅសង្កាត់រាម លោក ​គឹម ចាន់ និយាយប្រាប់កាសែតក្នុងស្រុក​ថា លោកមិន​ដឹងព័ត៌មាន ជុំវិញ​ក្លិនស្អុយ ភាយចេញ​ពីរោង​ចក្រ​ស្វាយ ក្នុងមូលដ្ឋាននេះទេ។ ប៉ុន្តែលោកថា នឹងចុះទៅពិនិត្យដល់ទីតាំងរោងចក្រជាក់ស្តែង។

ចំណែក លោក​ ម៉ើង សុភាព ប្រធានមន្ទីរស្តីទី នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ លើកឡើងថា នឹងបញ្ជូនមន្ត្រីជំនាញឲ្យចុះ​ទៅ​ពិនិត្យ​ដល់​​រោងចក្រកែឆ្នៃផ្លែស្វាយនេះ ឲ្យបានឆាប់បំ​ នៅថ្ងៃនេះ ដើម្បីឈានទៅរកដំណោះស្រាយជូនពលរដ្ឋ។

​លោកបន្តថា ៖ ​ ៖ « ខ្ញុំ ក៏ទើបទទួលបានព័ត៌មានពាក់ព័ន្ធនឹងរោងចក្រស្វាយ។ អញ្ចឹងរោងចក្រស្វាយ នៅទឹកសាបនេះ ខ្ញុំ នឹងឲ្យក្រុមការងារខ្ញុំ ចុះមើល​​​ល្ងាចនេះ។»

​​ដោយឡែក លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃចន្ទនេះថា នឹងចាត់ក្រុមការងារ ឲ្យចុះទៅពិនិត្យជាក់ស្តែង ដល់រោងកចក្រ ដើម្បី​​​រកដំណោះស្រាយជូនពលរដ្ឋ។ លោកថា ​ករណី ក្លិនស្អុយ​សាយភាយ ចេញពី​រោង​ចក្រស្វាយនេះ កន្លងមកអាជ្ញាធរ ក៏​ធ្លាប់​ចុះណែនាំដល់ អ្នកគ្រប់គ្រង រោងចក្រនេះ ម្តងជាពីរដងរួចមកហើយៗ ក៏បានព្រមាន កុំឲ្យការផលិត របស់ខ្លួន នាំឲ្យ​ប៉ះ​​ពាល់ដល់ ការរស់​​​នៅ របស់​​ពលរដ្ឋ ​នៅជិតរោងចក្រនេះ។​

លោកបន្ថែមថា៖​ « រោងចក្រស្វាយហ្នឹងខ្ញុំធ្លាប់បញ្ជូនមន្ត្រីចុះពីរបីដងរួចមកហើយ។ ចាំខ្ញុំ ឲ្យមន្ត្រីចុះទៅពិនិត្យមើលទៀត។»

កម្ពុជាថ្ងៃនេះ នៅ​មិនអាចទាក់ទង លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញកង្វល់ពលរដ្ឋ លើករណីមានក្លិនស្អុយ ចេញពីរោងចក្រ​កែឆ្នៃ​​ផ្លែស្វាយ នៅសង្កាត់រាម​ បាន​ទេនៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ។ ប៉ុន្តែ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកនឹងប្រាប់ទៅ​មន្ទីរបរិស្ថាន ដើម្បីបញ្ជូនមន្ត្រីជំនាញ ចុះទៅ​ពិនិត្យជាក់ស្តែង​ដល់ទីតាំង​រោងចក្រ និងឈានទៅ​មាន​វិធានការជាក់ស្តែង​ ឲ្យបានឆាប់បំផុត។

លោកថា ​៖ « កន្លែងហ្នឹងដូចជាមន្ត្រីជំនាញបានចុះទៅពិនិត្យមើលមួយសារហើយៗ ក៏បាត់ម្តងហើយ។ ឥឡូវក្លិនជះមកទៀតហើយឬ?។ អាហ្នឹង​​អាចថា បណ្តាលមកពីបញ្ហាបច្ចេកទេផង ឬមួយក៏កាកសំណល់ស្វាយហ្នឹងផង ដែលមិនទាន់រកវិធីណាមួយ ដើម្បីរំដោះក្លិនហ្នឹងបាន។ បញ្ហា​​ក្លិន​ជារឿងមួយហើយ និងទី២ តើអាផលប៉ះពាល់របស់វានោះយ៉ាងណា? ដែលវាចេញពីអាងប្រព្រឹត្តិកម្មហើយបង្ហូរទៅទន្លេរ ឬបង្ហូរទៅ​​សមុទ្រ​​​ហ្នឹវាយ៉ាងម៉េចទៀត?។ រឿងនេះអត់អីទេ​ ខ្ញុំ នឹងប្រាប់ទៅខាងមន្ត្រីបរិស្ថាន ជូនគាត់ជាព័ត៌មាន ដើម្បីសុំឲ្យគាត់​ចាត់ក្រុមកាករងារ​ចុះ​​ពិនិត្យ​​​មើល តើវាមានផលប៉ះពាល់កំរិតណា? នឹងត្រូវមានវិធានការរបៀបម៉ិចទៀត?។»

ទោះជាបែបនេះក្តី លោក ជិន វណ្ណៈ ប្រធានអង្គការការពារបរិស្ថាន ប្រចាំខេត្តព្រះសីហនុ ឲ្យដឹងថា កន្លងមកអង្គការនេះ ក៏ធ្លាប់បាន​​ដាក់​លិខិត ស្តីពីការ​បំពុលបរិស្ថាន ចេញពី​រោងចក្រស្វាយខាងលើនេះ ជាច្រើនដងទៅអជ្ញាធរ​ ប៉ុន្តែហាក់មិ​នទទួលបាន​លទ្ធ​​ផលសោះ។ ​ លោក​បន្ត​ថា ផលប៉ះពាល់ ដែលកើតចេញពី​រោងចក្រកែឆ្នៃផ្លែស្វាយ នៅម្តុំជិតគល់ស្ពានទឹកសាប​​នេះ ​បានកើតឡើងតាំងពីឆ្នាំ​២០១៩​មក​ម៉្លេះ។
[5/11/2026 4:19 PM] ដែន អយុធ្យា: អ្នកឃ្លាំមើលបរិស្ថានរូបនេះ ស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ ពិសេស រដ្ឋមន្ត្រីក្រសួ​ងបរិស្ថាន ឲ្យជួយអន្តរាគមន៍ ទៅរោងចក្រ​កែឆ្នៃផ្លែ​ស្វាយ​​នេះ ​ឲ្យមាន​ចម្រោះទឹក​ឲ្យបានត្រឹមត្រូវ ដើម្បីបន្សាបជាតិពុល ឬកាកសំណល់​ផ្សេងៗ ឲ្យបានល្អ​​ជាមុនសិន មុន​នឹង​បង្ហូរ​ចូល​ទៅសមុទ្រ ឬដៃ​​ព្រែក​ ព្រោះបានជះក្លិនស្អុយ និងប៉ះពាល់​ដល់ជីវចម្រុះ​ច្រើនទៀត។

លោកបន្តដូច្នេះ ៖ « ស្នើឲ្យរោងចក្រធ្វើអាងចម្រោះឲ្យបានត្រឹមត្រូវ។ ក្លិនស្អុយហ្នឹងចេញពីសំបកស្វាយ ដែលរោងចក្រដាក់គរចោល នៅក្នុង​រោងចក្រ ហើយមានក្លិនស្អុយខ្លាំងណាស់។ សំបកស្វាយហ្នឹងគេបង្ហូរចូលទឹកផង និងគរទុកចោលផង ហើយស្អុយរលួយ។ ក្លិនស្អុយ​ជះចំហាយ ៥រយម៉ែត្របួនជ្រុង នៅជុំវិញបរិវេណក្រុមហ៊ុន។»

​ប្រធានអង្គការការពារបរិស្ថានរូបនេះ ឲ្យដឹងទៀតថា ​ចំពោះ​រោងចក្រកែច្នៃស្វាយ ឬផ្លែឈើ ដែលជះក្លិនស្អុយនេះ ទំនង​អាច​មកពីកាកសំណល់​​​​សំបក​ស្វាយ និងផ្លែខូចរលួយ ដែល​ទឹកសំណល់មានជាតិសរីរាង្គខ្ពស់, ប្រព័ន្ធ​​អាង​​ស្តុក​​​​​ទឹក​ស្អុយមិន​ល្អ និងការបង្ហូរទឹកសំណល់​​មិន​​​ល្អ ចូលព្រែក ឬតំបន់ទឹកសាប ទើបមានជះក្លិនស្អុយជាប្រចាំ នាំឲ្យ​ប៉ះពាល់ដល់​ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅជិតៗ​រោង​​ចក្រ​​នោះ​។

លោកបន្ថែមថា ៖ ​« អញ្ចឹងប្រជាពលរដ្ឋ គាត់រស់នៅជិតរោងចក្រស្វាយហ្នឹង​គឺរស់នៅអត់បានទេ ព្រោះក្លិនស្អុយពេក។ ពួកគាត់ថា រោង​​ចក្រធ្វើ​ស្វាយហ្នឹងក៏ធ្វើទៅអត់អីទេ។ តែស្នើត្រូវធ្វើអាងចម្រោះលាងឲ្យស្អាត ឬច្រោះជាតិគីមីឲ្យស្អាត។ ហើយបង្ហូរកាកសំណល់​​ចូលអាចចម្លោះ ឲ្យ​បាន​​​​ស្អាត​​​ហើយ ចាំបង្ហូរទឹកសំណល់នោះ ចូលទៅក្នុងព្រែក ដើម្បីជៀសវាងប៉ះពាល់​ដល់ជីវចម្រុះ។ ខាងអាជ្ញាធរហ្នឹង​ពីមុន​​​មក​ដូចជា​​​អត់​សូវយកចិត្តទុកដាក់សោះ។ ទៅអើតឡើមៗមួយភ្លេតៗ ទៅមើលហើយវិលមកវិញហើយ គឺអត់ដោះស្រាយឲ្យ​ប្រជា​​ពលរដ្ឋទេ។»

យោងតាមច្បាប់ស្តីពីការការពារ និងគ្រប់គ្រងបរិស្ថាន ​បានកំណត់ថា​ មិនអនុញ្ញាត​ឲ្យ​បង្ហូរ​សារ​ធាតុ​គីមី ឬសារធាតុពុលចូលក្នុងទឹក ឬដី ដោយ​គ្មានការគ្រប់គ្រងឲ្យបានល្អ​ទេ។ ហើយ​រោងចក្រ​សហ​គ្រាស​ ត្រូវ​តែមានប្រព័ន្ធសម្អាតទឹកកខ្វក់​ និងត្រូវ​​គោរពស្តង់ដារបរិស្ថានជាដើម។ ​​​​​​ចំពោះ​ការបង្ហូរ​​ទឹកកខ្វក់ ដោយគ្មានការគ្រប់គ្រង​ត្រឹមត្រូវ គឺផ្ទុយនឹងច្បាប់។ ហើយ​អាជ្ញាធរ​​​ មានភារកិច្ចត្រួតពិនិត្យ និង​ចាត់វិធានការច្បាប់។ ជាងនេះទៀត ប្រសិនបើ​រោងចក្រ ឬសហគ្រាសទាំងនោះ មិន​អនុវត្តតាម​ច្បាប់​ទេ នឹង​ត្រូវ​ពិន័យជាប្រាក់, បិទអាជីវកម្ម ឬទទួល​​ទោស​តាមច្បាប់ ​​​៕

អត្ថបទដែលជាប់ទាក់ទង