ពលរដ្ឋអះអាងថា បទល្មើសចោរកម្ម និងជក់គ្រឿងញៀន​​ កើតមាន​ក្នុង​ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋរស់ស្រុកជុំគិរី ខេត្តកំពត បានអះអាងឲ្យ គេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងកាលពីថ្ងៃទី១៣ ខែមេសាថា សកម្មភាពនៃបទល្មើសចោរកម្ម ល្បែងស៊ីសង និង​​គ្រឿង​ញៀន បាន​បន្ត​​ធ្វើសកម្មភាព​ក្នុងមូលដ្ឋានឃុំច្រេស ហើយគ្មានសមត្ថកិច្ចទប់ស្កាត់ទេ។ ចំណុចនេះ ​សម្រាប់អ្នកឃ្លាំមើលស្ថានកាករសង្គម មើលឃើញថា ការ​អនុវត្តគោល​នយោ​​​បាយ​ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ក្នុងមូល​​ដ្ឋាននេះ បានដាំក្បាលចុះ និងស្នើឲ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះ​ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​ ក្នុង​នាំមូលដ្ឋាននេះជាថ្មី ដើម្បីស្អំចិត្ត​ពលរដ្ឋ។​

​ប្រជាពលរដ្ឋ រស់នៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត បានអះអាងថា ​រាល់ថ្ងៃនេះមូលដ្ឋាន​របស់ពួកគាត់ មិនសូវមានសុវត្ថិភាពទេ ខណៈបទល្មើសចោរលួចកាត់ខ្សែភ្លើង ក្រុមក្មេងទំនើង ល្បែងស៊ីសង ល្បែងឆ្នោតកន្ទុយលេខ និងចោរលួចកាត់បង្គោលភ្លើងបំភ្លឺផ្លូវ​ ឬបង្គោល សឡា ​នៅម្តុំចំណុចព្រំប្រទល់ខេត្តតាកែវ-កំពត នៃស្រុកត្រាំកក់ និងស្រុកជុំគិរី ត្រូវជនល្មើសលួចកាត់អស់​។

​ពលរដ្ឋ រស់នៅឃុំច្រេស ឲ្យដឹងបន្តថា បង្គោលភ្លើងបំភ្លឺផ្លូវ ឬបង្គោល សឡា ដែលសប្បុរសជន​ឧបត្ថម្ភ និងយកមកតម្លើង​​​​​​ជូនពលរដ្ឋ​ ​សម្រាប់បំភ្លឺផ្លូវ​ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៣ ឆ្ពោះទៅរម្មណីយដ្ឋានធម្មជាតិម្លេច​ ​ត្រូវ​ចោរលួចកាត់​​​រាប់សិបបង្គោល។ ប្រភព​​​​​​​​​ដដែលបន្តថា ​បច្ចុប្បន្នពលរដ្ឋ​ក្នុងមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់តាមផ្លូវខាងលើ​ បារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ​ ដ្បិត​ស្ថានភាពផ្លូវ​ស្ងាត់​​ងងឹតគ្មានភ្លើងបំភ្លឺ។ ហើយផ្លូវនេះ នៅពេលយប់ ក៏មានក្រុមក្មេង​ទំនើង​បានប្រមូលផ្តុំគ្នាជក់គ្រឿងញៀន និង​រង់ចាំស្ទាក់ផ្លូវ​​អ្នកដំណើរ​ថែមទៀត​។

ពលរដ្ឋបន្ថែមថា រូបគាត់ក៏ដូចជាអ្នកដំណើរដទៃទៀត មានការសោកស្តាយ ដែលបង្គោលសឡារាប់សិបដើម ​នៅតាម​​បណ្តោយផ្លូវ​​ជាប់​ជួរភ្នំនារាយណ៍​ ត្រូវចោរលួចអស់គ្មានសល់។ អ្នកស្រីសំណូមដល់ លោកស្នងការនគរបាលខេត្តកំពត បញ្ជូនសមត្ថកិច្ចជំនាញ ចុះស្រា​វ​ជ្រាវ​វែក​​រកមុខសញ្ញាក្រុមចោរ ​លួចកាត់បង្គោលភ្លើង សឡា នៅមូលដ្ឋានឃុំច្រេស ដើម្បីនាំខ្លួនទៅផ្តន្ទាទោសផង។ ដ្បិតកន្លងមកនេះ មិន​ដែល​ឃើញ​សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះជួយ​អន្តរាគមន៍វែក​​រកមុខ​​ជនល្មើស មកផ្តន្ទាទោសនោះទេ។

​​កសិករម្នាក់ទៀត រស់នៅឃុំច្រេស ឲ្យដឹងដែរថា បទល្មើស​ជួញដូរ និងជក់គ្រឿងញៀន, ចោរលួច​​កាត់ខ្សែភ្លើង, ចោរលួចកាត់បង្គោលភ្លើង​សឡា​​បំភ្លឺផ្លូវ និងល្បែងស៊ីសងជាច្រើនប្រភេទនៅតាមផ្ទះ បានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ក្នុង​​មូលដ្ឋាននេះ។ ក្នុងនោះ​បង្គោល សឡា រាប់សិបដើម នៅតាមផ្លូវជាប់ជើងភ្នំនារាយណ៍ ត្រូវចោរលួចកាត់អស់គ្មានសល់ ក្នុងប៉ុន្មានខែដើម​ឆ្នាំ២០២៦​នេះ។ ហើយ​ ក្រុមចោរ​ទាំងនោះ បានធ្វើសកម្មភាព​នៅពេលយប់ជ្រៅ..។

​ទោះជាបែបនេះក្តី នៅមិនទាន់អាចទាក់ទង លោកអធិការស្រុកជុំគិរី និងស្នងការនគរបាល​ខេត្តកំពត ដើម្បីបញ្ជាក់ជុំវិញ ​បទល្មើសចោរកម្ម ដែល​បានធ្វើសកម្មភាពក្នុង​មូលដ្ឋាន ស្រុកជុំគិរីនេះបាន​នៅឡើយទេ។ ប៉ុនែ្ត​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល ខេត្ត​កំ​ពត ធ្លាប់ប្រកាស​​​ឲ្យប្រជាពលរដ្ឋ ​ផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ច ពេលឃើញបទល្មើសកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​បញ្ជូន​កម្លាំងចុះបង្ក្រាប​ឲ្យ​បាន​ទាន់ពេល..។

ទាក់ទិនបញ្ហានេះដែរ លោក សេក សុជាតិ ​ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ មើលឃើញថា ការទុកបណ្តោយ​ឲ្យ​​កើត​មានបទល្មើសផ្សេងៗ ​បន្តកើតមាន នៅក្នុងមូលដ្ឋានឃុំច្រេស បង្ហាញពីការខ្ជីខ្ជារ ក្នុងការអនុវត្តបទបញ្ជា ភូមិឃុំសង្កាត់ មាន​សុវត្ថិ​ភាព ដែលរដ្ឋាភិបាលបានដាក់ចេញទេ។ ហើយភាពអសកម្មនេះ នឹងធ្វើឲ្យ​ពល​រដ្ឋអស់ជំនឿ ទៅលើ​ការដឹកនាំ របស់អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច ក្នុងមូលដ្ឋាននេះ។​

​អ្នកសិក្សាសង្គមរូបនេះ បានរិះគន់​ ចំពោះសមត្ថភាព ដឹកនាំ របស់សមត្ថកិច្ច​​នគរបាល និងអាជ្ញាធរ ឃុំច្រេស ​ថាបាន​បង្ហាញ​ពី​ភាព​កម្សោយ​ លើការងារ​ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ។ ហើយករណីនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏គួរ​ពិនិត្យ​កែ​​សម្រួល​សមាស​​ភាពអាជ្ញាធរ ឬសមត្ថកិច្ច ​​ដឹកនាំ ​មូលដ្ឋានឃុំច្រេសឡើងវិញ ​ដើម្បីឲ្យប្រជា​ពលរដ្ឋ ស្ងប់អារម្មណ៍។​ ​

​គួររំលឹកថា គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គឺត្រូវបានប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ​ដាក់ចេញ ដើម្បីឲ្យអាជ្ញាធរគ្រប់ជាន់​ថ្នាក់ នៅតាមរាជធានីខេត្តនានា អនុវត្ត ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ឲ្យមូលដ្ឋាននីមួយៗ មានសន្តិសុខ សុវត្ថិភាព និងសុខមាលភាពល្អសម្រាប់​​ប្រជាពលរដ្ឋ។

​​​គោលនយោបាយនេះ ​ផ្តោតសំខាន់​លើ​៧ចំណុច​​រួមមាន៖ ផ្តល់សេវាសាធារណៈល្អ​ មានគុណភាព តម្លាភាព និងប្រជាពលរដ្ឋជឿទុកចិត្ត, គ្មានបទល្មើសគ្រប់ប្រភេទដូចជា៖ លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, មានសណ្ដាប់ធ្នាប់សាធារណៈល្អ​ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងភាពរញ៉េរញ៉ៃក្នុងសង្គម, គ្មានអំពើហិង្សា និងអំពើអនាចារ,​ គ្មានការជួញដូរមនុស្ស និងក្មេងទំនើងជាដើម។

យ៉ាងនេះក្តី គោលនយោបាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត អះអាងថា​ ពួកគាត់ហាក់អស់ជំនឿ ទៅលើការផ្តល់ព័ត៌មានជុំវិញ​បញ្ហាអសកម្ម ដែលកើតមាន​នៅក្នុង​មូល​​​ដ្ឋាន​នេះទៀតហើយ។ ខណៈបទល្មើស ដែលកើតមាន​ក្នុងមូលដ្ឋាននេះ ទាំងលោកមេឃុំ និងមេ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំច្រេស ក៏បានដឹងឮរឿងនេះដែរ ប៉ុន្តែ​គ្មានវិធានការចុះបង្ក្រាប ឬទប់ស្កាត់ទេ។

ជាងនេះទៀត ចំពោះរាល់ការផ្តល់ព័ត៌មាន របស់ពលរដ្ឋ កន្លងមក គឺសមត្ថកិច្ច​មូលដ្ឋាននេះ ហាក់​មិន​រវល់​អើពើ​នឹងកង្វល់ ឬសំណូមពរ របស់​ពលរដ្ឋឡើយ។ ហើយបណ្តោយឲ្យបទ​ល្មើសជួញដូរ និងក្មេង​ជក់​គ្រឿង​​​ញៀន ល្បែងស៊ីសង និងចោរកម្ម ​អាចបន្តធ្វើ​សកម្មភាព ​មកដល់ខែមេសា ឆ្នាំ​២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង