ពលរដ្ឋអះអាងថា ក្លិបកម្សាន្តមួយចំនួន ក្នុងក្រុងព្រះសីហនុ មានប្រើប្រាស់គ្រឿងញៀន និងបង្កប់ពេស្យាចារ
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានអះអាងថា ក្លិបកម្សាន្តរាត្រី និងទីតាំងបើកបំរើសេវាកម្មទេសចរណ៍មួយចំនួន នៅក្រុងព្រះសីហនុ មានលួចបង្កប់សេវាផ្លូវភេទ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែសមត្ថកិច្ច លើកឡើងថា មិនទាន់ទទួលបានព័ត៌មាននេះទេ ហើយស្នើឲ្យពលរដ្ឋ ជួយផ្តល់ព័ត៌មានពីទីតាំងជាក់លាក់ ដើម្បីបញ្ជូនកម្លាំងជំនាញ ចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។
អាណាព្យាបាលមួយចំនួន បង្ហាញការព្រួយបារម្ភ ខ្លាចកូនចៅ របស់ខ្លួនភ្លើតភ្លើនភ្លេចការសិក្សា និងបទល្មើសកើតឡើងកាន់តែច្រើន បណ្តាលមកពី ការរីកដុះដាល់ នៃក្លិបឌីស្កូ ក្លិបម៉ាស្សា និងក្លិបកម្សាន្តការ៉ាអូខេជាដើម ដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋាន ខេត្តព្រះសីហនុ។
ពលរដ្ឋ លើកឡើងថា ទន្ទឹមនឹងការរីកដុះដាល លើសេវាបំរើខាងវិស័យទេសចរណ៍ ប៉ុន្តែក៏មានព័ត៌មានមកថា នៅតាមក្លិបឌិស្កូ ក្លិបខារ៉ាអូខេ ក្លិបហាត់ប្រាណ ឬហាងម៉ាស្សាជាដើម មានលួចចែកចាយ និងសេពគ្រឿងញៀន។ ជាងនេះ ក៏មានទីតាំងខ្លះទៀត ក៏មានបើកបំរើសេវាផ្លូវភេទថែមទៀតផង។
ត្រង់ចំណុចនេះ អាណាព្យាបាលទាំងនោះ បានស្នើដល់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ពិសេសក្រសួងមហាផ្ទៃ ជួយបញ្ជូនមន្ត្រីជំនាញស្អាតស្អំ ចុះស៊ើបអង្កេត ជុំវិញភាពអសកម្មទាំងនេះ ដើម្បីឈានទៅមានវិធានការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។ ហើយក៏បានអំពាវនាវដល់ ក្រុមយុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថ្នាំឆ្គួតនេះ នឹងបំផ្លាញអនាគត របស់ពួកគេ ធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋផ្សេងទៀត រស់នៅសង្កាត់លេខ ២ ក្រុងព្រះសីហនុ បានឲ្យដឹងដែរថា នៅក្នុងទេសចរណ៍មួយនេះ សម្រាប់អ្នកមានតម្រូវការផ្លូវភេទ គឺមិនពិបាកស្វែងរកទេ គឺមានទីតាំងបើកចាំទទួល នៅចំណុចតំបន់ភ្នំខៀវ និងនៅខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាដើម។ ក្រៅពីនេះ ក៏មានលួចបង្កប់សេវាបំរើផ្លូវភេទនៅនៅតាមហាងម៉ាស្សា ក្លិបខារ៉ាអូខេជាដើម។ ជាពិសេស ក្លិប ឬហាងដែលមានថៅកែជាជនបរទេស។
ទោះជាបែបនេះក្តី នៅមិនទាន់អាចសុំការបំភ្លឺពី លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និង លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ជុំវិញកង្វល់ខាងលើនេះទេ នៅថ្ងៃទី២៣ ខែមេសានេះ។ ខណៈ លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា រូបលោកមិនទាន់ទទួលបានព័ត៌មានខាងលើនេះទេ។ ហើយស្នើដល់ឲ្យពលរដ្ឋ រស់នៅមូលដ្ឋាននេះ ជួយផ្តល់ព័ត៌មាន ជុំវិញទីតាំងក្លិបកម្សាន្តទាំងឡាយណា ដែលសង្ស័យឬមានលួចបង្កប់បទល្មើសគ្រឿងញៀន និងពេស្យាចារ មកកម្លាំងសម្ថកិច្ច របស់លោក ដើម្បីចុះអង្កេតនិងមានវិធានការបង្ក្រាប ឲ្យបានទាន់ពេល។
គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺបានផ្តោតសំខាន់រួមមាន៖ ផ្តល់សេវាសាធារណៈល្អ មានគុណភាព តម្លាភាព និងប្រជាពលរដ្ឋជឿទុកចិត្ត, គ្មានបទល្មើសគ្រប់ប្រភេទដូចជា៖ លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ , គ្មានអំពើហិង្សា និងអំពើអនាចារ, គ្មានការជួញដូរមនុស្ស និងគ្មានក្មេងទំនើងជាដើម។
ទោះជាបែបនេះក្តី អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានអះអាងថា មូលដ្ឋាននេះតែងកើតមានឃាតកម្ម, បទល្មើសចោរកម្ម, ចែកចាយគ្រឿងញៀន, ពេស្យាចារ បាញ់បោះសេរី , ក្រុមក្មេងទំនើង និងល្បែងស៊ីសង តែងកើតមានជាបន្តបន្ទាប់។ជាពិសេសបទល្មើសគ្រឿងញៀន គឺបានរីករាលដាលដល់គ្រប់មូលដ្ឋាន ទូទាំងខេត្តព្រះសីហនុ ទោះសង្កេតឃើញថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានចុះបង្ក្រាប និងចាប់បញ្ជូនជនល្មើសជាច្រើនករណី ទៅកាន់តុលាការផ្តន្ទាទោសបែបណាក្តី៕


















