តុលាការសម្រេចឃុំខ្លួន អតីតព្រះសង្ឃ ជា វុទ្ធី ដាក់ពន្ធនាគារ ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន

រាជធានីភ្នំពេញ ៖ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែមេសានេះ អតីតព្រះអង្ឃ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (ប៉េហ្សេ) ពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងក្រោមបទចោទពីបទ៖ «ញុះញុងបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ប្រសិនបើត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសនេះ។

សមាគមអាដហុក ដដែលឲ្យដឹងថា នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ព្រះភិក្ខុព្រះនាម ជា វុទ្ធី គង់នៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម ចូលទៅនាំព្រះកាយព្រះអង្គ ចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ជាទីកន្លែងដែល ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង និងជាសាលាគណខេត្ត ដាក់ចូលរថយន្ត ដោយមិនដឹងយកទៅទីណា?។ លុះម៉ោងប្រមាណ ១០ព្រឹកថ្ងៃដដែល រថយន្តនោះបានវិលត្រឡប់មកកន្លែងដដែលវិញ (វត្តពោធិ៍វាល) ពេលនោះព្រះតេជគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ច បានបញ្ជូនអតីតព្រះអង្គ ជា វុទ្ធី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមាគមអាដហុក បញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី០២ ខែឆ្នាំដដែលនេះ អតីតព្រះអង្ឃ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ។

តាមការបញ្ជាក់ពីព្រះអង្ឃ ជា វុទ្ធី មុនពេលចាប់ខ្លួន និងតាមការបញ្ជាក់ពីក្រុមនិស្សិតរៀននៅ សាកលវិទ្យាល័យជាមួយគ្នា បានឲ្យដឹងថា ការចាប់ខ្លួននេះ អាចទំនងជាបណ្តាលមកពី សំណេររបស់ព្រះអង្គ ជា វុទ្ធី សរសេរលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែយ៉ាងណាសំណេរនោះត្រូវបានលុបវិញកាលពីប៉ុន្មានថ្ងៃមុនៗ ពេលចាប់ខ្លួនមកម៉្លេះ។

សមាគមអាដហុក បញ្ជាក់ទៀតថា អតីតព្រះសង្ឃអង្គនេះ គឺជាសកម្មសង្ឃ ដែលកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្ម ក្នុងកិច្ចការងារសង្គម។

ព្រះអង្គអាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់២ឆ្នាំ ប្រសិនបើត្រូវបានតុលាការ រកឃើញថាបានប្រព្រឹត្តបទល្មើស។

ចំពោះករណីនេះ សមាគមអាដហុក បានជួប និងទទួលការពឹងពាក់ពីញោមស្រី របស់អតីតព្រះតេជគុណ ជា វុទ្ធី  គឺអ្នកស្រី ចាន់ ម៉ៅ ហើយសមាគមបានសម្រេចផ្តល់មេធាវី ដើម្បីការពារក្តីតាមនីតិវិធី ព្រមទាំងបន្តការឃ្លាំមើល ដោយយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង