សកម្មភាពកាប់ទន្ទ្រានដីព្រៃកោងកាង ធ្វើជាកម្មសិទ្ធិឯកជន នៅខេត្តព្រះសីហនុ បានបន្តកើតមាន
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ អះអាងថា សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង រានយកដីធ្វើជាកម្មសិទ្ធិឯកជន នៅតាមដៃព្រែក ឬដៃសមុទ្រមួយចំនួន ក្នុងខេត្តព្រះសីហនុ កំពុងបន្តកើតមាន និងគ្មានការទប់ស្កាត់ទេ។ យ៉ាងណា អាជ្ញាធរជំនាញខេត្តនេះ និយាយថា ទីតាំងមានការកាប់រានព្រៃកោងកាងទាំងនោះ គឺមានប្លង់កម្មសិទ្ធិស្របច្បាប់ទាំងអស់។
លោក សុខ សុខុម ប្រធានអង្គការ ស្រឡាញ់ធនធានធម្មជាតិកម្ពុជា ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) បានបង្ហាញការព្រួយបារម្ភពីការរលាយហិនហោចដីព្រៃលិចទឹក ឬដីព្រៃកោងកាង ក្នុងសហគមន៍នេសាទធំៗចំនួនពីរ ក្នុងខេត្តព្រះសីហនុ គឺសហគមន៍បឹងជុំ ស្ថិតក្នុងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម និងសហគមន៍បឹងរាំង ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។ លោកថា ការបាត់បង់ដីព្រៃលិចទឹកនេះ មួយផ្នែកដោយសារក្រសួងជំនាញ ចេញប្លង់គ្របដណ្តប់លើបរិវេណព្រៃកោងកាង និងមួយផ្នែកទៀត ត្រូវឈ្មួញមានឥទ្ធិពល ចូលទន្ទ្រានកាន់កាប់។
លោករិះគន់ថា សកម្មភាពចុះអនុវត្តការងារ របស់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មានភាពកម្សោយ និងមិនអាចជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ រស់នៅនៅសហគមន៍នេសាទបឹងជុំ និងបឹងរាំង មានប្រសិទ្ធភាពទេ។ ខណៈសកម្មភាពទន្ទ្រាន់ដីព្រៃលិចទឹក របស់បុគ្គល ឬឈ្មួញមានឥទ្ធិពល ដែលសំអាងមានប្លង់កម្មសិទ្ធិ នៅតែបន្តកើតមានដោយរលូន។
តាមលោក សុខ សុខុម បទល្មើសកាប់រានព្រៃលិចទឹក នៅតាមសហគមន៍នេសាទនានា ក្នុងខេត្តព្រះសីហនុ កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននីមួយៗ ក៏ធ្លាប់ស្នើសុំកិច្ចអន្តរាគមន៍ ទៅមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។
ស្រដៀងគ្នាដែរ សម្រាប់ប្រជានេសាទមួយចំនួន រស់នៅភូមិបឹងជុំ សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម លើកឡើងថា ពេលនេះ ពួកគាត់ហាក់គ្មានជំនឿ ទៅលើប្រសិទ្ធភាព នៃការចុះទប់ស្កាត់សកម្មភាពទន្ទ្រាន់កាន់កាប់ដីព្រៃលិចទឹក កំពុងកើតមាន នៅខេត្តព្រះសីហនុ របស់មន្ត្រីស្ថាប័នជំនាញទៀតទេ។
ប្រធានសហគមន៍នេសាទបឹងជុំ លោក ឈឺន ដៀប លើកឡើងថា ប្រសិនបើគ្មានការជួយទប់ស្កាត់ បទល្មើសបំផ្លាញព្រៃលិចទឹក ឲ្យមានប្រសិទ្ធិភាពទេ ក្នុងរយៈពេលដ៏ឆាប់ខាងមុខ ធនធានសមុទ្រ ឬជីវចម្រុះ ក្នុងមូលដ្ឋាននេះ នឹងត្រូវបំផ្លាញអស់គ្មានសល់។
លោកសោកស្តាយ ដែលមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ គ្មានលទ្ធភាពជួយការពារដីព្រៃកោងកាង ដែលជាជម្រក ត្រី ក្តាម បង្គា និងសត្វស្លាបជាច្រើនប្រភេទរស់នៅ និងបន្តពូជ ត្រូវបំផ្លាញស្ទើររលាយហិនហោច។ ជាងនេះទៀត ក៏រិតតែ បង្ហាញការហួសចិត្ត ដែលមន្ត្រីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ អាចចេញប្លង់កម្មសិទ្ធិដីធ្លី ជូនបុគ្គលឯកជន នៅលើបរិវេណដីព្រៃកោងកាង ទៅរួច?។

ដោយឡែក លោក រឿន រិន ប្រធានសហគមន៍នេសាទបឹងរាំង ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ក៏ព្រួយបារម្ភ ចំពោះសកម្មភាពកាប់រានដីព្រៃកោងកាង កំពុងកើតមានក្នុងមូលដ្ឋាននេះដែរ។ លោកបារម្ភថា ធនធានជលផលសមុទ្រ នឹងត្រូវរលាយហិនហោច នាថ្ងៃអនាគត បើគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។
លោកបន្តថា កម្មភាពទន្ទ្រានកាប់រានដីព្រៃលិចទឹក ក្នុងសហគមន៍បឹងរាំងនេះ ប្រជាពលរដ្ឋពួកគាត់ ធ្លាប់បានរាយការណ៍ជូន មន្ត្រីជំនាញជលផលកំពង់សោម ក៏ដូចជាមន្ទីរកសិកម្មរួចហើយៗ មន្ត្រីស្ថាប័នជំនាញនេះ ក៏បានចុះមកពិនិត្យ និងកំណត់ព្រំដីមានបណ្ណកម្មសិទ្ធិ និងដីសហគមន៍នេះរួចហើយ។ ប៉ុន្តែឈ្មួញមានឥទ្ធិពល នៅតែឆ្លៀតឳកាស ទន្ទ្រានរានយកដីព្រៃកោងកាងនេះ ជាបន្តបន្ទាប់។
បន្ថែមលើនេះ លោក រឿន រិន បានសំណូមពរដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យពិចារណាលុបចោលបណ្ណកម្មសិទ្ធិ ឬបញ្ឈប់ចេញប្លង់ដី ជូនក្រុមហ៊ុន ឬបុគ្គលឯកជន គ្របដណ្តប់លើផ្ទៃដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកមច្ឆាសមុទ្របន្តពូជតទៅទៀត។ ដ្បិតបច្ចុប្បន្ននេះ ធនធានជលផលសមុទ្រ ក្នុងខេត្តព្រះសីហនុ បានបាត់បង់ជាបណ្តើរៗ ដោយតាមរយៈការធ្វើនេសាទរបស់ពលរដ្ឋ មិនសូវបានផលច្រើនទៀតទេ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ទីតាំងដីដែលសហគមន៍នេសទទាំងពីរលើកឡើងនោះ គឺមានបណ្ណកម្មសិទ្ធិទាំងអស់។
ចំណែក លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បញ្ជាក់ថា បញ្ហាកំពុងកើតមាន ក្នុងសហគមន៍នេសាទបឹងរាំង និងបឹងជុំនេះ រូបលោក បានដឹកនាំមន្ត្រីជំនាញ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជាបន្តបន្ទាប់។ ហើយភាគច្រើនទីតាំងមានការកាប់រានដីព្រៃកោងកាងនោះ គឺគេមានបណ្ណកម្មសិទ្ធិស្របច្បាប់។ ហើយជំនាញលោក គ្មានសិទ្ធិរារាំងគេទេ។ ទោះជាបែបនេះក្តី ក្រុមការងារលោក ក៏បានចុះណែនាំដល់ម្ចាស់កម្មសិទ្ធិទាំងនោះ មិនឲ្យជីកប្រឡាយ ឬហ៊ុំព័ទ្ធរបង នាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាដីសាធារណៈរបស់រដ្ឋនោះទេ។
(សំឡេង លោក ឯម ភា)
ទាក់ទិនបញ្ហានេះដែរ លោក អ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ ថ្លែងប្រាប់កាសែតក្នុងស្រុកថា រូបលោកមិនទាន់ទទួលបានព័ត៌មានជុំវិញ ករណីទន្ទ្រានកាន់កាប់ដីព្រៃកោងកាង នៅក្នុងមូលដ្ឋានឃុំសាមគ្គីនេះទេ ប៉ុន្តែលោកថា នឹងបញ្ជូនមន្ត្រីចុះសហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យដោះស្រាយជាក់ស្តែង។
(សំឡេង លោក អ៊ី ធារិន្ទ)
ដូចគ្នាដែរ សម្រាប់លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ត្រូវកាសែតក្នុងស្រុកចុះផ្សាយថា លោកបានបញ្ជូនមន្ត្រីចុះពិនិត្យជាក់ស្តែង ដល់ទីកន្លែងកើតមានសកម្មភាពកាប់រានដីព្រៃលិចទឹក នៅសង្កាត់បឹងតាព្រហម្មរួចហើយ។ ប៉ុន្តែមិនទាន់ទទួល របាយការណ៍ឆ្លើយតប ពីមន្ត្រីចុះត្រួតពិនិត្យដោះស្រាយនេះ នៅឡើយទេ។
គួររំលឹកថា នៅក្នុងអាណត្តិដឹកនាំ ដោយអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតលេខ ៦១៦ ស.ជ.ណ ក.ស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តម្រូវឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិ ឬវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ ការកាន់កាប់ដី ខេត្តជាប់សមុទ្រទាំង៤ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ដែលពាក់ពន្ធ័ដីព្រៃកោងកាង ឬព្រៃលិចទឹក មកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់គ្រងវិញ។ ហើយរាជរដ្ឋាភិបាល អាណត្តិនោះ ក៏បានស្នើចែកចាយ និងផ្សព្វផ្សាយឯកសារ នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលលេខ ៦១៦ និងលេខ ៧៩៩ ដើម្បីឲ្យអាជ្ញាធរដែនដី ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធសហគមន៍ អង្គការដៃគូ បានដឹង និងរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅទប់ស្កាត់ និងបង្រ្កាបលើអ្នកទន្ទ្រានកាន់កាប់ លើដីព្រៃកោងកាង និងព្រៃលិចទឹក ឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែ សេចក្តីសម្រេចខាងលើនេះ មិនត្រូវបាន មន្ត្រីថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធអនុត្ត ឬមិនយកត្រចៀកស្តាប់ទេ គឺមិនខុសអ្វីពីប្រយោគខ្មែរមួយឃ្លាដែលនិយាយថា «កោកៗ សឹកមាត់ត្រដោក ឆ្អែតពោះក្របី» អញ្ចឹងដែរ។ ហើយថា ភាពសោះអង្គើយនេះ បានអូសបន្លាយបន្តមកដល់ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថែមទៀត ៕


















