អាជ្ញាធរខេត្តពោធិ៍សាត់ និងកោះកុង កោះហៅអ្នកកាសែត Koh Kong Hot News ករណីចុះផ្សាយពីភាពមិនប្រក្រតី នៃការចាប់ជនជាតិចិន បង្ក្រាប Scam Online
ខេត្តកោះកុង ៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ និងខេត្តកោះកុង ព្រមានចាត់វិធានការច្បាប់ ទៅលើអ្នកសារព័ត៌មាន Koh Kong Hot News ដោយចោទថា ចុះផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ មានចេតនាបង្ក ចលាចល ញុះញង់បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សមត្ថកិច្ចរដ្ឋាភិបាល ដែលកំពុងចុះអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើស Scam Online នៅកម្ពុជា។
យ៉ាងណាចំណាត់ការនេះ ត្រូវរងការរិះគន់ពីមន្ត្រីសង្គមស៊ីវិលឃ្លាំមើលសង្គម និងអ្នកសារព័ត៌មានមួយចំនួននៅកម្ពុជា ដោយចាត់ទុក ការកោះហៅ អ្នកសារព័ត៌មានខាងលើ ថាជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងមិនចំណេញដល់យុទ្ធនាការអនុវត្តបទបញ្ជា ០៣ របស់រដ្ឋាភិបាល ស្តីពីការលុបំពាត់បទល្មើស Scam Onlineនោះទេ។
ចាងហ្វាងសារព័ត៌មាន Koh Kong Hot News លោក យួន ឈីវ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា រូបគាត់ត្រូវបាន អាជ្ញាធររដ្ឋបាលខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប្តឹងទៅកាន់ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តទាំងពីរនេះ ដើម្បីចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត ក្រោយរូបលោក បានចុះផ្សាយអត្ថបទព័ត៌មាន អំពីភាពមិនប្រក្រតីនៃការចាប់ឃាត់ខ្លួន ជនជាតិចិន របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ និងកោះកុង ក្នុងយុទ្ធនាការចុះបង្ក្រាប Scam Online កន្លងមកនេះ។
លោកបន្តថា នឹងចូលខ្លួនទៅបំភ្លឺទៅតាមលិខិតកោះហៅ របស់ស្នងការរដ្ឋានខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា និងស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ ទាក់ទងការផ្សព្វផ្សាយព័ត៌មាន របស់លោកជាបន្តបន្ទាប់មកនេះ។
លោក យួន ឈីវ បានលើកយកអត្ថបទចុះផ្សាយ កាលពីថ្ងៃទី២០ ខែមីនា មកបញ្ជាក់ថា រូបលោកបានផ្សាយព័ត៌មានដ៏រស៊ើបមួយ ដែលសមត្ថកិច្ចខេត្តកោះកុង ចាប់ឃាត់ខ្លួនជនជាតិចិន ទាំងមានច្បាប់ និងអត់ច្បាប់ ដោយដាក់ចំណងជើងថា «ជនជាតិចិន ត្រូវការឡើងយន្តហោះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ត្រូវបានគេដកហូតប៉ាស្ព័របាត់» ដែលអត្ថបទនេះ ធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង មិនសប្បាយចិត្ត និងដាក់ពាក្យប្តឹងគាត់ទៅផែននគរបាលព្រហ្មទណ្ឌ ខេត្តកោះកុង។
លោកបន្តថា អត្ថបទចុះផ្សាយជាបន្តបន្ទាប់ របស់លោក គឺយោងតាមប្រភពព័ត៌មាន ដែលសំណូមពរមករូបលោក ស្នើឲ្យជួយផ្សព្វផ្សាយ និងរកយុត្តិធម៌ ដែលត្រូវសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួន និងដកហូតលិខិតឆ្លងដែន របស់ពួកគេ ដោយគ្មានមូលហេតុ។ ហើយការចុះផ្សាយនេះ ក៏ត្រូវបាន អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ប្តឹងចាត់វិធានការច្បាប់ ចោទថា ការចុះផ្សាយចុះផ្សាយ របស់គាត់ គ្មានមូលដ្ឋាន ខ្វះវិជ្ជាជីវៈ មានចេតនាបង្ក ចលាចល ញុះញង់បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលខេត្តកោះកុង ទៅវិញ។
លោក យួន ឈីវ បញ្ជាក់ថា ការចុះផ្សាយរបស់គាត់ ដោយយោងតាមប្រភព ទទួលបានពីមិត្តភ័ក្តិជនជាតិចិន ស្នើឲ្យជួយសរសេរអត្ថបទ ចុះផ្សាយលើករណី មានជនជាតិចិនចំនួន ៧នាក់ ដែលមានលិខិតឆ្លងដែន ឬ Passport និងឯកសារត្រឹមត្រូវទាំងអស់ ប៉ុន្តែត្រូវបានគណៈបញ្ជាការខេត្តកោះកុង ដឹកនាំដោយ លោក ហាក់ ឡេង ជាអភិបាលរងខេត្ត បានដកហូតយក Passport របស់គាត់ នៅទីតាំងស្នាក់នៅមួយកន្លែង ដោយមិនបានបញ្ជាក់ពីមូលហេតុ និងតម្រូវឲ្យជនជាតិចិនទាំង៧នាក់នោះ ត្រូវទៅដោះស្រាយនៅស្នងការនគរបាលខេត្ត។ ខណៈ ជនជាតិចិនទាំង ៧នាក់នោះ គឺពួកគេ បានទិញសំបុត្រយន្តហោះ ត្រៀមវិលទៅកាន់ប្រទេសចិនវិញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ តែបែរជាត្រូវសមត្ថកិច្ច ដកហូតយកលិខិតឆ្លងដែនទៅវិញ?។
លោក យួន ឈីវ បានដកស្រង់សំដីប្រភពមកបញ្ជាក់ទៀតថា ជនជាតិចិនទាំង៧នាក់ ដែលក្រុមការងារដឹកនាំដោយ លោក ហាក់ ឡេង ដកយកលិខិតឆ្លងដែន គឺស្នាក់នៅសណ្ឋាគារយីហោ «បន្ទប់មើលសមុទ្រនៅផ្ទះ» ស្ថិតក្នុងខេត្តកោះកុង។
លោក យួន ឈីវ បន្តថា រឿងដាច់ដោយឡែកមួយទៀត គឺរូបលោក ក៏ទទួលបានសារពីប្រភពព័ត៌មាន មកថា ក្រុមការងារខេត្តកោះកុង ដឹកនាំដោយ លោក ហាក់ ឡេង ដដែលនេះ បានដោះលែងជនជាតិចិនចំនួន ៤នាក់ ដែលគ្មានលិខិតឆ្លងដែន ជាថ្នូរតម្រូវឲ្យបង់ប្រាក់ឲ្យ សមត្ថកិច្ច ចំនួន៤ម៉ឺនដុល្លារអាមេរិក។
តាមលោក យួន ឈីវ យ៉ាងហោចមានជនជាតិចិនសរុបជាង ៥០នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨-១៩ ខែមីនា ទាំងមានឯកសារស្របច្បាប់ និងអត់ច្បាប់។ សម្រាប់ជនជាតិចិនមានច្បាប់ ក៏ត្រូវសមត្ថកិច្ចដកហូតមកលិខិតឆ្លងដែន ឬប៉ាស្ព័រដែរ ហើយតម្រូវឲ្យជនជាតិចិនទាំងនោះ ទៅដោះស្រាយនៅស្នងការនគរបាលខេត្ត ដែលជនជាតិទាំងទាំងនោះ មានចម្ងល់ហេតុអ្វី បានជា សមត្ថកិច្ច ដកហូតយកលិខិតឆ្លងដែនរបស់គាត់?។
យ៉ាងណា លោក យួន ឈីវ បានស្នើដល់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ពិសេស លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយពិនិត្យពីភាពមិនប្រក្រី ដែលកើតចេញពីយុទ្ធនាការចុះបង្ក្រាប Scam Online នៅខេត្តកោះកុង ឲ្យបានច្បាស់លាស់ផង។ ជាជាងមកប្រើអំណាច ដើម្បីប្តឹងផ្តល់អ្នកសារព័ត៌មាន ដែលចូលរួមផ្សព្វផ្សាយកែលម្អ ពីចំណុចអវិជ្ជមានមួយចំនួន ដើម្បីរួមចំណែកជួយជម្រុញឲ្យការងារ ចុះអនុវត្តបទបញ្ជា០៣ ឬយុទ្ធនាការចុះបង្ក្រាបបទល្មើស Scam Online របស់រដ្ឋាភិបាល ឲ្យទទួលជោគជ័យនោះ។
លោក យួន ឈីវ បន្តថា រូបលោក មិនបានប្រព្រឹត្តបទល្មើស កាប់សម្លាប់មនុស្ស ឬបទល្មើសសាហាវព្រៃផ្សៃ ដែលត្រូវទទួលបណ្តឹងព្រហ្មទណ្ឌនោះទេ ដោយគ្រាន់តែបំពេញវិជ្ជាជីវៈ ស្របទៅតាមប្រភពផ្តល់ជូនតែប៉ុណ្ណោះ។
លោកបន្ថែមដូច្នេះ៖ « យើងខ្ញុំចុះផ្សាយព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល ដើម្បីឲ្យជ្រាបជាព័ត៌មាន ហើយក៏ជាដំណឹងមួយនៅក្នុងស្រុក។ ហើយខ្ញុំ មិនមានចេតនាណាញុះញង់ ឬបង្កឲ្យមានផលប៉ះពាល់អ្វីមួយទេ គឺយើងតែទៅតាមប្រភព។ តែមិនបានឲ្យខ្ញុំ កែតម្រូវណាមួយឲ្យបានច្បាស់លាស់ទេ តែបែរជាទៅប្តឹងយើងខ្ញុំវិញ។ កុំចេះតែងាកប្តឹង កុំចេះតែងាកៗចេះតែចាប់ចង ពាក់ព័ន្ធនឹងការធ្វើព័ត៌មានកន្លងមកនេះ »។
នៅមិនទាន់អាចទាក់ទង លោក ឈិត រតនៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីបំភ្លឺជុំវិញករណីខាងលើបាននៅឡើយទេ។ ប៉ុន្តែ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានប្រាប់សារព័ត៌មាន Koh Kong News ដោយបដិសេធថា រូបលោកមិនជាប់ពាក់ព័ន្ធ នឹងការយកលុយពីជនជាតិចិនទាំងនោះទេ។ ហើយប្រសិនបើពិតជា កើតមានករណីយកលុយ ពីជនជាតិចិន ដូចការចោទប្រកាន់មែននោះ គឺបុគ្គលរូបណាប្រព្រឹត្ត បុគ្គលរូបនោះ ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់។
លោកបញ្ជាក់ដូច្នេះថា៖ « ខ្ញុំឆ្លើយដោយខ្លី បើសិនរឿងហ្នឹងជារឿងពិត អ្នកណាធ្វើអ្នកហ្នឹងទទួលខុសត្រូវ។ ហើយឲ្យសួរទៅម្ចាស់ផ្ទះ ឬម្ចាស់គោលដៅទាំងអស់ហ្នឹងទៅ។ ខ្ញុំ បើកសិទ្ធឲ្យ មានការអីសួរម្ចាស់ទីតាំង ហើយយើងក៏មានធ្វើកំណត់ហេតុមួយឲ្យម្ចាស់ទីតាំង និងម្ចាស់បន្ទប់ទាំងអស់ហ្នឹងទៀត គឺមានទាំងអស់ រង់ចាំឆ្លើយតប »។
ទោះជាបែបនេះក្តី ក្រុមអ្នកឃ្លាំំមើលសិទ្ធិមនុស្ស និងក្រុមអ្នកសារព័ត៌មានមួយចំនួន បានបង្ហាញការខកចិត្ត ដ្បិតឃើញឥរិយាបទ របស់អាជ្ញាធរខេត្តកោះកុង និងពោធិ៍សាត់ ចេញលិខិតកោះឲ្យ អ្នកសារព័ត៌មាន Koh Kong Hot News ដែលបានចូលរួមផ្សព្វផ្សាយកែលម្អពីភាពមិនប្រក្រតី នៃយុទ្ធនាការចុះបង្ក្រាប Scam Online ក្នុងមូលដ្ឋានទាំងពីរ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក យ៉ិន ម៉េងលី បានឲ្យ វីអូឌី ដឹង នៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ ដោយបានចាត់ទុកសកម្មភាពអ្នកសារព័ត៌មានខាងលើ ថាបានចូលរួមចំណែក លើការងារលុបំបាត់បទល្មើស Scam Online ជាមួយ រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្ត។ ហើយមិនគួរណា ត្រូវរងនូវការចោទប្រកាន់ ឬប្តឹងប្តល់ពីអាជ្ញាធរនោះទេ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើឲ្យរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ត្រូវបង្កើតក្រុមការងារពិសេសមួយ ដើម្បីបើកការស៊ើបអង្កេត ពីភាពមិនប្រក្រតី ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើស Scam Online ទាំងនៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង ប្រយោជន៍ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធ៌មជូនដល់ផ្នែកពាក់ព័ន្ធ ទាំងកម្លាំងសមត្ថកិច្ច អ្នកសារព័ត៌មាន និងជនជាតិចិន ដែលចូលមកកម្ពុជាស្របច្បាប់។
លោកបន្ថែមដូច្នេះ ៖ «ខ្ញុំគិតថា ត្រូវមានគណៈកម្មការពិសេសមួយពីថ្នាក់ជាតិ ពីអគ្គស្នងការនគរបាលជាតិ ស៊ើបអង្កេតអំពីបញ្ហានេះ។ ថាតើហេតុអ្វីបានជាកើតមានបញ្ហានេះកើតឡើង។ បើសិនជាធ្វើការឆែកឆេរទៅលើជនបរទេសឬជនជាតិចិនទាំងនោះ បើគាត់មានឯកសារគ្រប់គ្រាន់ហើយ ត្រូវដោះលែងគាត់ទៅវិញ ហើយបើគាកត់មិនមានឯកសារគ្រប់ទេ គឺអត់អាចដោះលែងបានទេ។ ហើយជនជាតិចិនទាំងអស់ហ្នឹង យើងត្រូវតែមានវិធានការតាមផ្លូវច្បាប់។ តែនេះធ្វើការឃាត់ខ្លួន ហើយធ្វើការដោះលែងទៅវិញ? តើអ្វីជាបញ្ហានៅក្នុងបញ្ហានេះ?។ ហើយនៅខេត្តកោះកុងក៏ដូចគ្នាដែរ គឺត្រូវធ្វើការស៊ើបអង្កេតថែមទៀតពីបញ្ហានេះ មិនត្រឹមតែកោះហៅអ្នកសារព័ត៌មានទៅទេ? »។
តាមលោក យ៉ិន ម៉េងលី ប្រសិនបើរដ្ឋាភិបាល មិនបើកការស៊ើបអង្កេត ជុំវិញភាពមិនប្រក្រតី ដែលជ្រៀតចូលនៅក្នុងសកម្មភាពនៃយុទ្ធនាការចុះបង្ក្រាបបទល្មើស Scam Online ដូចសារព័ត៌មានបានចុះផ្សាយ ដោយយោងតាមប្រភពទទួលបានពីសាច់ញាតិ ឬមិត្តភ័ក្តិជនរងគ្រោះផ្តល់ជូន ឲ្យបានស៊ីជំរៅ និងមានយុត្តិធ៌មទេ នឹងនាំឲ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគទុន ចូលមកកម្ពុជា នាថ្ងៃអនាគត។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ៖ «ហើយមួយទៀត ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរវិញ។ ហើយយើងធ្វើអញ្ចឹង ធ្វើឲ្យភ្ញៀវទេសចរភ័យខ្លាចរអារ ជាពិសេសភ្ញៀវទេសចរចិន ដែលគេចង់ចូលមកទស្សនាប្រទេសយើងហ្នឹង។ មកដល់ឲ្យតែឃើញចិន យើងចាប់ផ្តើមឆែកឃាតឬយ៉ាងម៉េច? រឿងនេះត្រូវធ្វើការស៊ើបអង្កេត ហើយបកស្រាយឲ្យបានច្បាស់លាស់។ ហើយនៅក្នុងសេចក្តីបំភ្លឺនៅខាងខេត្តកោះកុង ក៏គាត់បានបញ្ជាក់ដែរ ការដកហូតលិខិតឆ្លងដែន ឬប៉ាស្ព័រពីជនជាតិចិនហ្នឹង ដើម្បីកុំឲ្យជនជាតិចិនទាំងអស់ហ្នឹងធ្វើដំណើរទៅនេះឬទៅនោះអញ្ចឹងទៅ?។ អញ្ចឹងថាតើជនបរទេស ដែលចូលមកស្រុកខ្មែរ ត្រូវធ្វើការដកហូតប៉ាស្ព័រ ឬក៏យ៉ាងម៉េច?។ ចឹងបានខ្ញុំទាមទារឲ្យមានការស៊ើបអង្កេតមួយ ដើម្បីលុបលាងទាំងអស់គ្នា។ មិនត្រឹមតែកោះហៅអ្នកសារព៏ត៌មាននោះទេ បាទ! »។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មើលឃើញថា កន្លងមកមានអ្នកសារព័ត៌មានជាច្រើនរូប បានរងគ្រោះដោយសារការបំពេញវិជ្ជាជីវៈ ចុះយកព័ត៌មាន ឬក៏ផ្សព្វផ្សាយព័ត៌មាន ហើយត្រូវបាន អាជ្ញាធរចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ លោកបន្តថា អ្នកសារព័ត៌មាន គឺ មានច្បាប់ស្តីពីរបបសារព័ត៌មាន ដែលត្រូវលើកយកមកអនុវត្ត ដោយមិនត្រូវយកច្បាប់ព្រហ្មទណ្ឌ មកអនុវត្តចំពោះអ្នកសារ័ពត៌មានឡើយ។ លោកថា ប្រការនេះ បាននាំឲ្យប៉ះពាល់ដល់សេរីភាព នៃការចុះបំពេញវិជ្ជាជីរៈ របស់អ្នកសារព័ត៌មាន ដែលព្យាយាមបំពេញតួនាទី ស្វែងរកព័ត៌មានពិតផ្តល់ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក អំ សំអាត សង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបឬលុបបំបាត់បទល្មើស Scam Online របស់ប្រមុខដឹកនាំរដ្ឋាភិបាល ទំនងជានឹងមិនទទួលជោគជ័យច្រើនទេ បើសិនជាគ្មានការចូលរួមចំណែក ផ្តល់ព័ត៌មានពិតពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឲ្យបានទូលំទូលាយនោះទេ។
លោកបញ្ជាក់បន្ថែម៖ «ជារឿយៗគឺគេអត់ដែលយកច្បាប់ស្តីពី របបសារព័ត៌មាន មកអនុវត្តចំពោះអ្នកសារព័ត៌មានជាមុនទេ។ គឺប្រើប្រាស់តែក្រមព្រហ្មទណ្ឌ ដែលជាការដាក់ទោសទណ្ឌពន្ធនាគារ សម្រាប់ពួកគាត់ ។ ដែលបញ្ហានេះ គឺវាជះឥទ្ធិពលមិនល្អ ទៅដល់សិទ្ធិសេរីភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ដែលគេហៅតា ការរិតត្បិតនៃលំហរសេរីភាពសារព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់នៅក្នុងការផ្តល់ព័ត៌មាន និងការទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ »។
ទាក់ទិនបញ្ហានេះដែរ លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកសារព័ត៌មាន បានឲ្យដឹងដែរថា បើយោងតាមមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ចែងថា បុគ្គលណាមួយ ដែលយល់ថាអ្នកសារព័ត៌មាន បានចុះផ្សាយអត្ថបទមិនពិត ហើយមានលក្ខណៈបរិហារ ធ្វើឲ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលនោះ គឺបុគ្គលរូបនោះ អាចមានសិទ្ធិដាក់ពាក្យបណ្តឹងទៅតុលាការ។ ហើយតុលាការ អាចសម្រេចចំនួន ៣ករណី៖ ទី១៖ អាចសុំឲ្យអ្នកសារព័ត៌មានកែតម្រូវ។ ទី២៖ អាចសុំឲ្យអ្នកសារព័ត៌មានសុំអភ័យទោស និងទី៣៖ អាចឲ្យ អ្នកសារព័ត៌មានសងជំងឺចិត្ត នៅក្នុងរយៈពេល៧ថ្ងៃ។
ទោះយ៉ាងណា លោកសាស្ត្រាចារ្យរូបនេះ បញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីលើកតម្កើងនូវសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិ គឺអាជ្ញាធរត្រូវមានការអត់ធ្មត់ខ្ពស់បំផុត ចំពោះការដាក់ទោស ឬការប្តឹងផ្តល់ចំពោះអ្នកសារព័ត៌មាន។
លោកបញ្ជាក់បន្ថែម៖ «ជាពិសេសការដាក់ទោស ឬការប្តឹងផ្តល់ណាមួយ គឺត្រូវសមមាត្រនឹងទោសកំហុស របស់អ្នកសារព័ត៌មាន ជាពិសេសចំពោះតុលាការ។ ពីព្រោះការប្រកបអាជីពសារព័ត៌មានដោយវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺកំហុស របស់អ្នកសារព័ត៌មាន គឺជាកំហុសដោយសុចចិត្ត។ គឺអ្នកសារព័ត៌មាន មិនមានគំនុំគុំគួន ចង់សងសឹកអ្នកណាមួយនោះឡើយ »។
ដោយឡែកសម្រាប់ លោក តិល សាមុត អ្នកសារព័ត៌មានចាស់វស្សានៅគេហទំព័រ «បាយ៉ងថែមស៍» មើលឃើញថា នៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន ចំពោះអ្នកសារព័ត៌មានទាំងឡាយណា ដែលហ៊ានផ្សព្វផ្សាយព័ត៌មានពិត ជុំវិញបទល្មើស ឬទាក់ទងបញ្ហារស៊ើបអ្វីមួយ ប៉ះពាល់ដល់ មន្ត្រីមានតួនាទីខ្ពស់ ឬបុគ្គលមានឥទ្ធិពលនៅកម្ពុជា តែងត្រូវរងនូវពាក្យបណ្តឹងជាបន្តបន្ទាប់។ ប៉ុន្តែបើក្រុមអ្នកសារព័ត៌មាន ដែលសរសេរលើកជើង ឬផ្សព្វផ្សាយព័ត៌មានតាមរបៀប អាជ័យធ្លាក់ទឹកហៃអើៗ ទើបបានសុខខ្លួន។
លោកព្រលយថា យុទ្ធនាការបង្ក្រាបឬលុបបំបាត់ Scam Online របស់រដ្ឋាភិបាល អាចនឹងមិនទទួលបានជោគជ័យទេ ដរាបណាសមត្ថកិច្ចនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការរិតត្បិត ឬគម្រាមកំហែងដល់ការចុះផ្សាយ របស់អ្នកសារព័ត៌មាន ដែលរកឃើញពីចំណុចអវិជ្ជមាន នៃការចុះអនុវត្តបទបញ្ជា ០៣ របស់រដ្ឋាភិបាល ហើយទទួលរងនូវការប្តឹងផ្តលទៅតុលាការនោះ។
អ្នកកាសែតរូបនេះឲ្យដឹងដូច្នេះ៖ «ហើយមនុស្សដែលខិលខូចនេះ មិនសប្បាយចិត្តជាមួយនឹងអ្នកសារព័ត៌មានទេ ដែលធ្វើការផ្សព្វផ្សាយព័ត៌មានពិត គឺគាត់មិនចូលចិត្តទេ។ គាត់តែតែរិះរកគ្រប់មធ្យោបាយ ដើម្បីកាច់បំបាក់អ្នកហ៊ាននិយាយការពិតហ្នឹង។ នេះជាបទពិសោធន៍ របស់ខ្ញុំ គឺតែងតែជួបរឿងបែបហ្នឹង »។
សម្រាប់លោក ណុប វី នាយកប្រតិបត្តិ CamboJa បានចាត់ទុក ការកោះហៅ អ្នកសារព័ត៌មានទៅបំភ្លឺ លើការចុះផ្សាយព័ត៌មានរស៊ើបអ្វីមួយ ដែលពាក់ព័ន្ធកិច្ចការងារ របស់សមត្ថកិច្ចឬអាជ្ញាធរ ស្ទើរក្លាយជាទម្លាប់ទៅហើយ នៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន។ ហើយ ជានិច្ចជាកាលគេឃើញ អាជ្ញាធរតែងជ្រើសរើសយកការដាក់ពាក្យបណ្ដឹង ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយ នូវចំណុចអវិជ្ជមានអ្វីមួយ។ ជាក់ស្តែងដូចជាករណី ភាពមិនប្រក្រតី ដែលកើតចេញពីការចុះអនុវត្តយុទ្ធនាការបង្ក្រាប Scam Online នៅខេត្តកោះកុង និងពោធិ៍សាត់ជាដើម។ តែយ៉ាងណា លោកក៏សង្កេតឃើញមានទម្លាប់ល្អមួយដែរ គឺនៅតាមស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ បានបង្កើតឲ្យមានការិយាល័យព័ត៌មាន ឬក៏នាយកដ្ឋានព័ត៌មាន និងមានមន្ត្រីទទួលបន្ទុកអ្នកនាំពាក្យ រង់ចាំឆ្លើយបំភ្លឺ ជាមួយអ្នកសារព័ត៌មាន ទាក់ទងនឹងសេចក្តីរាយការណ៍ព័ត៌មាន ឬព័ត៌មានណាមួយ ដែលអាជ្ញាធរ យល់ឃើញថា មិនគ្រប់គ្រាន់ ឬមានការខ្វះចន្លោះជាដើម។
តាមលោក ណុប វី សមត្ថកិច្ច ឬរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គួរតែផ្តល់ការលើកទឹកចិត្តដល់ អ្នកសារព័ត៌មាន ដែលបានចូលរួមសហការ ផ្តល់របាយការណ៍ពីចំណុចអវិជ្ជមាននានា ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online ជាមួយប្រមុខដឹកនាំរដ្ឋាភិបាល ជាជាងមកគម្រាមប្រើពាក្យបណ្តឹង ប្រឆាំងអ្នកកាសែតទាំងនោះ។
លោកបន្ថែមដូច្នេះ ៖ « ដូច្នេះ បើមានការប្តឹងផ្តល់ការចោទប្រកាន់បែបនេះ ខ្ញុំយល់ឃើញថា ជាសកម្មភាពមួយបន្តុចបង្អាក់ ចំពោះចំណាត់ការ របស់រដ្ឋាភិបាល របស់ប្រមុខដឹកនាំរដ្ឋាភិបាល ក្នុងការដោះស្រាយលើករណី Scam Olineនេះ។ ហើយយើងគួរតែទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ហើយចំពោះព័ត៌មានដែលយើងយល់ថា មិនមានព័ត៌មានគ្រប់គ្រាន់ ឬមិនមានទឡ្ហីករគ្រប់គ្រាន់ និងមិនមានភស្តុតាងគ្រប់គ្រាន់ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ គួរតែផ្តល់ព័ត៌មានបន្ថែម ជាជាងជ្រើសយកការប្តឹងផ្តល់ ដែលអាចបន្តុចបង្អាក់ទៅដល់ដំណើរការ នៃការចូលរួមចំណែក របស់វិស័យសារព័ត៌មាន »។
យ៉ាងណាក៏ដោយចុះ ក្រោយសារព័ត៌មាន Koh Kong Hot News បានចុះផ្សាយពាក់ព័ន្ធភាពមិនប្រក្រតី ផ្តើមពីការចាប់ឃាត់ខ្លួនជនជាតិចិន ទាំងមានច្បាប់ និងអត់ច្បាប់ ក្នុងយុទ្ធនាការបង្ក្រាប Scam Online របស់អាជ្ញាធរខេត្តពោធិ៍សាត់ និងខេត្តកោះកុង ជាបន្តបន្ទាប់រួចមក នៅថ្ងៃទី១៨ ខែមីនា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងនៅថ្ងៃទី២៩ ខែមីនា ស្នងការរដ្ឋាននគរបាលខេត្តកោះកុង ក៏បានចេញលិខិតកោះហៅ លោក យួន ឈីវ ចាងហ្វាងគេហទំព័រ « Koh Kong Hot News » ឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធបទចោទជាច្រើនករណី រួមមាន៖ បទបរិហាកេរ្តិ៍ បង្កចលាចល ញុះញង់បង្កអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអាជ្ញាធរ ជាដើម ដែលបានផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុក។
ករណីនេះដែរ កាលពីថ្ងៃទី២១ ខែមីនា អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ក៏បានចេញលិខិតបំភ្លឺដោយបដិសេដ ចំពោះការផ្សាយ របស់ព័ត៌មាន Koh Kong Hot News ដោយចាត់ទុកការផ្សាយនោះ ថាគ្មានមូលដ្ឋានច្បាស់លាស់ ខ្វះវិជ្ជាជីវៈ មានចេតនាបង្កចលាចល ញុះញង់បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលខេត្តកោះកុង ដែលខិតខំអនុវត្តការងារបង្ក្រាបបទល្មើស Scam Online ក្នុងមូលដ្ឋាននេះ។
ជាងនេះទៀត អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ក៏បានស្នើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Koh Kong Hole News ត្រូវធ្វើការកែតម្រូវការចុះផ្សាយ របស់ខ្លួនឡើងវិញ និងស្នើឲ្យសមត្ថកិច្ចជំនាញ ចាត់វិធានការច្បាប់ជាធរមាន ឲ្យបានម៉ឺងម៉ាត់បំផុត។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ក៏បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនា លោកស្រី ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចាត់ឱ្យលោក ហាក់ ឡេង អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងរស់នៅប្រមូលផ្តុំ នៅតាមទីតាំងមួយចំនួន នៅខេត្តកោះកុង ជាលទ្ធផលមានជនបរទេសសរុប ចំនួន៥៩នាក់ ស្រី១៩នាក់ និងមាន ០៥សញ្ញាតិ។ ហើយថា ការចុះត្រួតពិនិត្យនេះ ចំពោះជនបរទេស ដែលមានឯកសារច្បាប់ត្រឹមត្រូវ អាជ្ញាធរ បានអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ។ តែចំពោះអ្នកគ្មានត្រូវឃាត់ទុក ដើម្បីបន្តនីតិវិធី។
បន្ថែមលើនេះ ក៏បានបដិសេធ ចំពោះការចុះផ្សាយ របស់ សារព័ត៌មាន Koh Kong Hot News ដែលចោទ សមត្ថកិច្ច ទារយកប្រាក់ពីជនជាតិចិនចំនួន ៤ម៉ឺនដុល្លារ ដែលគ្មានលិខិតឆ្លងដែនជាថ្នូរ ដោះលែងនោះ ត្រូវអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បដិសេធថាជារឿងមិនពិតទេ ។
សូមបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធានាដោយច្បាប់ ប៉ុន្តែការអនុវត្តជាក់ស្តែង នៅតែមានបញ្ហាច្រើន។ ក្នុងនោះ រដ្ឋធម្មនុញ្ញកម្ពុជា ក៏បានធានា “សិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងសិទ្ធិទទួលព័ត៌មាន” ដោយប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន មានសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែតាមស្ថានភាពជាក់ស្តែង បើយោងតាមរបាយការណ៍អន្តរជាតិ (ដូចជា Reporters Without Borders)៖ កម្ពុជា ត្រូវបានវាយតម្លៃថា «សេរីភាពសារព័ត៌មាននៅកម្រិតទាប» ដោយមានករណី៖ បិទស្ថាប័នព័ត៌មានឯករាជ្យមួយចំនួន , ការចាប់ខ្លួន ឬចោទប្រកាន់អ្នកសារព័ត៌មាន និងការគំរាមកំហែង ដល់អ្នកសារព័ត៌មានជាដើម។ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ស្ថិតក្រោមឥទ្ធិពល របស់រដ្ឋាភិបាល ឬអ្នកមានអំណាច។ ហើយអ្នកសារព័ត៌មានខ្លះ ខ្លាចនិយាយពិត ជាពិសេសច្បាប់មួយចំនួន អាចត្រូវបានប្រើ ដើម្បីបំបិតសំឡេងអ្នកវិភាគ ឬបញ្ចេញមតិ។
យោងតាមការវាយតម្លៃរបស់ Reporters Without Borders (World Press Freedom Index) ចេញផ្សាយកន្លងមកនេះ បានចាត់ថ្នាក់ ប្រទេសកម្ពុជា ក្នុងបាតតារាង បើប្រៀបធៀបនឹងសេរីភាពសារព័ត៌មាន ក្នុងបណ្តាប្រទេសអាស៊ាន រួមមាន៖ ថៃ មានសេរីភាពមធ្យម (ប៉ុន្តែមានសម្ពាធខ្លះពីយោធា), ប្រទេស ឥណ្ឌូនេស៊ី ជាប្រទេសមានសេរីភាពល្អជាងគេក្នុងតំបន់មួយ។ ហើយប្រទេសទាំងនេះ អ្នកសារព័ត៌មាន អាចសរសេររិះគន់រដ្ឋាភិបាលបានខ្លះ។ ដោយឡែក ប្រទេស ម៉ាឡេស៊ី និង ហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់មធ្យម ប៉ុន្តែពេលខ្លះ ក៏មានសម្ពាធនយោបាយ ឬអំពើហិង្សាខ្លះៗដែរ។
ចំណែកស្ថានភាពសេរីភាពសារព័ត៌មាន របស់ ប្រទេសកម្ពុជា, វៀតណាម, ឡាវ និង មីយ៉ាន់ម៉ា ស្ថិតក្នុងកម្រិតទាប ដោយរដ្ឋាភិបាល មានឥទ្ធិពលខ្លាំងលើសារព័ត៌មាន ហើយចំពោះការសរសេរចុះផ្សាយព័ត៌មានរិះគន់អ្វីមួយ ពាក់ព័ន្ធអាជ្ញាធរ ឬរដ្ឋាភិបាល អាចប្រឈមចំពោះមុខច្បាប់។ ហើយក្នុងនោះ ប្រទេស កម្ពុជា តែងតែស្ថិតនៅ “ចំណាត់ថ្នាក់ទាប” ក្នុងតំបន់អាស៊ាន ៕



















