រាជរដ្ឋាភិបាល បានសម្របសម្រួលនីតិវិធី លើគម្រោងជាប់គាំងសរុប ៤៦៧គម្រោង មានទុនវិនិយោគប្រមាណ ៨៣៤៣លានដុល្លារ
ខេត្តព្រះសីហនុ ៖ ក្នុងយន្តការថែទាំអ្នកវិនិយោគទុន ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុ បានបន្តយកចិត្តទុកដាក់ សម្របសម្រួលនីតិវិធីនានា ជូនវិនិយោគិនជាតិ-អន្តរជាតិ ដែលគម្រោងអចលនទ្រព្យ ឬសំណង់អគារ សម្រាប់ធ្វើអាជីវកម្ម របស់ពួកគេ ត្រូវជាប់គាំង ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។
បច្ចុប្នន្ន គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ មានគម្រោងគាប់គាំងសរុបជាង ៤០០ គម្រោង (៤៦៧គម្រោង) ត្រូវបានដោះស្រាយ និងទទួលបានលិខិតអនុញ្ញាតពីក្រុមការងារ របស់ រដ្ឋាភិបាល។
ក្រុមការងារជំរុញ ការវិនិយោគខេត្តព្រះសីហនុ ប្រកាសដល់ធុរជន និងវិនិយោគិន សូមដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗ ជុំវិញគម្រោងវិនិយោគអចលនទ្រព្យ ឬសំណងអគារ ជាប់គាំង របស់ខ្លួន។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃចន្ទ ទី២៣ ខែមីនា គម្រោងជាប់ទគាំងនានា ដែលក្រុមការងារ ដោះស្រាយចប់ជាស្ថាពរចាប់ពីឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៦ សរុបមានចំនួន ៤៦៧គម្រោង ក្នុងទុនវិនិយោគប្រមាណ ៨៣៤៣លានដុល្លារ។ ក្នុងនោះ គម្រោងជាប់គាំង មានចំនួន ២០៩គម្រោង មានទឹកប្រាក់វិនិយោគ ៣៨៦៤លានដុល្លារ។ គម្រោងថ្មីចំនួន ២១៧គម្រោង មានទឹកប្រាក់វិនិយោគ ៣៤៦១ដុល្លារ។ គម្រោងពង្រីកចំនួន ២៦គម្រោង មានទឹកប្រាក់វិនិយោគ ៩៧៨លានដុល្លារ។ និងគម្រោងមានស្រាប់ ចំនួន ១៥គម្រោង មានទឹកប្រាក់វិនិយោគចំនួន ៣៩លានដុល្លារ។
ដោយឡែក គម្រោងដែលទទួលបាន លិខិតអនុញ្ញាតជាគោលការណ៍ សម្រាប់ឆ្នាំ២០២៦ គិតត្រឹមខែមីនា មានចំនួន ៥៤គម្រោង មានទុនវិនិយោគប្រមាណ ៣០៨លានដុល្លារ។ គម្រោងជាប់គាំងមានចំនួន ១៥គម្រោង ទុនវិនិយោគ ៤៧លានដុល្លារ។ គម្រោងថ្មី ចំនួន ៣៨គម្រោង មានទុនវិនិយោគ ១៧៩លានដុល្លារ និងគម្រោងពង្រីកចំនន ១គម្រោង មានទុនវិនិយោគ ៨០លានដុល្លារ។

តាម លោក ឃាង ភារម្យ រាល់គម្រោង របស់អ្នកវិនិយោគទុនទាំងជាតិ-អន្តរជាតិ ទាំងគម្រោងតូចឬធំក្តី គឺបានទទួលសិទ្ធពិសេសដូចគ្នា របស់រដ្ឋាភិបាលដូចគ្នា។ ដោយកម្មវិធីនេះ មានក្រុមការងារ រង់ចាំជួយសម្របសម្រួលទាំងនីតិវិធីផ្នែកពន្ធ ផ្នែករដ្ឋបាល និងនីតិវិធីផ្សេងៗទៀត ដោយយកចិត្តទុកដាក់។
លោក ស្នើដល់វិនិយោគិន ដែលជួបផលវិបាក លើការងារវិនិយោគ របស់ខ្លួន អាចទាក់ទងមកកាន់ការិយាល័យក្រុងព្រះសីហនុ តាមរយៈទូរសព្ទ៖ ១២ ៩០២ ២០០ និង ០១៦ ៣២១ និងការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទ ៖ ០៩៣ ៨៥៨ ៥៤៣។
តាមរយៈក្រុមការងារ សម្របសម្រួលនីតិវិធី របស់រដ្ឋាភិបាលខាងលើនេះ បានទទួលការសាទរពី ក្រុមវិនិយោទុនជាច្រើន ទោះបីការក្រុមការងារនេះ ធ្វើការងារហាក់មានការយឺតយ៉ាវបន្តិចក្តី។
ទាក់ទិនបញ្ហានេះដែរ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងាររដ្ឋាភិបាល បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាង ៤០០គម្រោង មានទុនវិនិយោគប្រមាណជាង ៨ ប៊ីលានដុល្លារ និងបង្កើតការងារជូនពលរដ្ឋប្រមាណ ៥៥ ០០០កន្លែង។ ដោយផ្អែកតាមលទ្ធផលនេះ ទើប រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧៕


















