អាណាព្យាបាល រស់នៅខេត្តព្រះសីហនុ បង្ហាញកង្វល់ពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋាន
ខេត្តព្រះសីហនុ ៖ អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន បង្ហាញកង្វល់ជុំវិញបទល្មើសគ្រឿងញៀន ដែលកំពុងចរាចរតាមបណ្តាតស្រុក-ក្រុងមួយចំនួន ក្នុងមូលដ្ឋានខេត្តព្រះសីហនុមានសញ្ញាគួរឲ្យព្រួយបារម្ភ។ បទល្មើសនេះ ទាំងអ្នកសេព ឬអ្នកជួញដូរ អាចលក់ចែកចាយ ឬស្វែងរកទិញគ្រឿងញៀននេះ មកប្រើប្រាស់ដោយរលូន ។
បុរសវ័យចំណាស់ម្នាក់ ក្នុងចំណោមអាណាព្យាបាលមួយចំនួនទៀត រស់នៅខេត្តព្រះសីហនុ បានអះអាងថា គ្រឿងញៀន នៅតែជាបញ្ហាដ៏ក្តៅគគុក ដែលត្រូវថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ត្រូវពង្រឹងទប់ស្កាត់ឲ្យស៊ីជំរៅ និងទទួលខុសត្រូវខ្ពស់។
លោកអះអាងថា រាល់ថ្ងៃនេះ សកម្មភាពចែកចាយ ឬជួញដូរគ្រឿងញៀន ហាក់បានកំរើកឡើងវិញ។ ព្រោះ សង្កេតឃើញមាន យុវជនជាច្រើនក្រុម តែប្រមូលផ្តុំគ្នា សេព ឬជក់គ្រឿងញៀននេះ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ និងមិនញញើតសមត្ថកិច្ចទេ។
អាណាព្យាបាលរូបនេះ បញ្ជាក់ថា បញ្ហាចរាចរគ្រឿងញៀននេះ ទាមទារឲ្យ សមត្ថកិច្ចជំនាញ គ្រប់ស្ថាប័ន ត្រូវរួមគ្នាបង្ក្រាបជាប្រចាំ ទើបឈានទៅកាត់បន្ថយបទល្មើសនេះមានសញ្ញាថយចុះ។ ព្រោះតាមការសង្កេត ផលិតផលគ្រឿងញៀននេះ ហាក់មានភាពងាយស្រួល ឲ្យក្រុមយុវជន ឬអ្នកជក់គ្រឿងញៀនមួយចំនួន ស្វែងទិញយកមកប្រើប្រាស់យ៉ាងងាយ។ លោក ព្រួយបារម្ភពីជោគវាសនាប្រទេសជាតិ ក៏ដូចជាការរស់នៅ របស់កូនចៅជំនាន់ក្រោយ ខណៈគ្រឿងញៀន បានធ្វើចរាចរយ៉ាងអនាធិបតេយ្យ នៅទូទាំងខេត្តព្រះសីហនុ។
ប្រហាក់ប្រហែលគ្នាដែរ អាណាព្យាបាលម្នាក់ទៀត រស់នៅក្រុងព្រះសីហនុ ក៏បាន ព្រួយបារម្ភពីបទល្មើសគ្រឿងញៀន ដែលបន្តចែកចាយយ៉ាងសកម្ម ។ ហើយក្រុមយុវជនញៀនថ្នាំទាំងនោះ អាចស្វែងរកទិញគ្រឿងញៀនទាំងនេះ មកជក់ ឬសេព បានដោយរលូន។
លោកកត់ស្គាល់ថា បញ្ហាគ្រឿងញៀននេះ កន្លងមក ធ្លាប់ កម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប និងឃាត់ខ្លួន ជនពាក់ព័ន្ធជាច្រើនករណី បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។ ប៉ុន្តែបទល្មើសទាំងនេះ នៅតែបន្តកើតមាន មិនថមថយទេ។
ចំណែក អាណាព្យាបាល ស្នើលាក់អត្តសញ្ញាណ ម្នាក់ទៀត រស់នៅស្រុកស្ទឹងហាវ បានអះអាងថា ក្នុងមូលដ្ឋាននេះ សម្រាប់គ្រួសារទាំងឡាយណា ដែលមានកូនប្រុសក្នុងបន្ទុក គឺភាគច្រើនសេពគ្រឿងញៀន ឬញៀនថ្នាំឆ្គតនេះ ស្ទើរតែទាំងអស់។ លោកសំណូមពរដល់ កម្លាំងជំនាញពាក់ព័ន្ធ ជួយចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលចរាចរច្រើនឆ្នាំ នៅស្រុកស្ទឹងហាវ ឲ្យមានប្រសិទ្ធភាព។ ព្រោះយុវជនភាគច្រើន ក្នុងមូលដ្ឋាននេះ បានប្រើប្រាស់ ឬជក់គ្រឿងញៀន ពេញបន្ទុក។
លោកបន្ថែមថា ករណីគ្រឿងញៀននេះ កន្លងមកអាជ្ញាធរ មូលដ្ឋានស្រុកស្ទឹងហាវ ហាក់មិនសូវយកចិត្តទុកដាក់ លើការងារចុះបង្ក្រាប ឬទប់ស្កាត់ទេ។ ជាពិសេស គ្រឿងញៀន ដែលកំពុងចរាចរនៅម្តុំទីប្រជុំជនផ្សារស្ទឹងហាវ និងប្លុកផែទូកនេសាទ។

បញ្ហានេះដែរ លោក តី វិសាល អធិការនគរបាល ក្រុងព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា ករណីគ្រឿងញៀននេះ សមត្ថកិច្ចជំនាញ មិនព្រងើយកន្តើយទេ ដោយបានពង្រាយកម្លាំង ចុះស្រាវជ្រាវ ឬធ្វើសកម្មភាពជាប្រចាំ។ លោកបន្តថា ជាបន្តបន្ទាប់មកនេះ កម្លាំងជំនាញរបស់លោក តែងដាក់ពង្រាយឆែកឆែរ នៅតាមគោលដៅនានា ទាំងយប់ថ្ងៃ។
យ៉ាងណា លោកទទួលស្គាល់ថា មូលដ្ឋាននេះ ការចរាចរគ្រឿងញៀន នៅបន្តកើនមាន ហើយសមត្ថកិច្ច ក៏បានចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួន អ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់។
លោក តី វិសាល បន្តថា នៅដើមឆ្នាំ២០២៦នេះ កម្លាំងលោក បានស្រាវជ្រាវចាប់ខ្លួន អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី បញ្ជូនទៅកាន់តុលាការ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។ ហើយភាគច្រើន នៃអ្នកចែកចាយ និងសេពគ្រឿងញៀនទាំងនោះ គឺធ្វើដំណើរពីខេត្តផ្សេង មករកការងារធ្វើនៅក្រុងព្រះសីហនុ។
ទោះជាបែបនេះក្តី លោក តី វិសាលបដិសេធផ្តល់ព័ត៌មាន ជុំវិញចំនួនបទល្មើស ដែលសមត្ថកិច្ចបង្ក្រាប និងបញ្ជូនសំណុំរឿង ទៅកាន់តុលាការផ្តន្ទាទោស មានប៉ុន្មានករណី ឲ្យពិតប្រាកដនោះទេ?។ យ៉ាងណា លោកស្នើដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ជួយផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចជំនាញ ជុំវិញបទល្មើសគ្រឿងញៀន ដែលកើតមាន នៅតាមមូលដ្ឋាន របស់ខ្លួន ដើម្បីឈានទៅបញ្ជូនកម្លាំង ចុះបង្ក្រាប់ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
លោក តី វិសាល បញ្ជាក់បន្ថែម ៖« យើងនៅបន្តបង្ក្រាបដូចភ្លៀងរលឹម។ ហើយពួកនេះច្រើនតែពួកចំណូលស្រុកពីខេត្តផ្សេងៗ មករកការងារធ្វើ ហើយបន្តប្រើប្រាស់គ្រឿងញៀន។ ហើយ សមត្ថកិច្ចមូលដ្ឋាន យើង ក៏នៅតែបន្តបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានជាច្រើនករណី។ ហើយថ្នាំញៀនដែលជនល្មើសចែកចាយ នៅក្នុងក្រុងព្រះសីហនុ មានទាំងនាំចូលមកពីខាងក្រៅខ្លះ និងមានអ្នកចែកចែកចាយក្នុងខេត្តនេះតែម្តង »។
ផេកស្នងការនគរបាល ខេត្តព្រះសីហនុ បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា កម្លាំងជំនាញ បានស្រាវជ្រាវ និងឃាត់ខ្លួន យុវជនខ្មែរចំនួន ២៧នាក់ ដែលប្រមូលផ្តុំគ្នាសេព ឬជក់គ្រឿងញៀន នៅតាមផ្ទះជួលមួយចំនួន ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន យុវជនទាំងនោះ ត្រូវសមត្ថកិច្ចបញ្ជូន ទៅកាន់មណ្ឌលកែប្រែ ដើម្បីអប់រំ និងបន្សាបគ្រឿងញៀន។
បន្ថែមលើនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ក៏បានចាប់ខ្លួនជនសង្ស័យ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន សរុបជិត ៣០នាក់ បញ្ជូន ទៅកាន់តុលាការផ្តន្ទាទោស ៕


















