ករណីបង្ហូរទឹកកកខ្វក់ សង្ស័យមានជាតិគីមី ចូលក្នុងព្រែកទឹកសាប ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រតិបត្តិករ បំរើវិស័យទេសចរណ៍ នៅតាមព្រែកទឹកសាប បង្ហាញកង្វល់ពីការបំពុលបរិស្ថានទឹកកខ្វក់ ឬសារធាតុគីមី ដែលសង្ស័យបង្ហូរ ចេញពីរោងចក្រ ឬសហគ្រាសនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អាចនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងជីវៈចម្រុះធ្ងន់ធ្ងរ។

ពួកគេ ស្នើដល់អាជ្ញាធរខេត្ត ពិសេសថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជួយរកវិធីទប់ស្កាត់ បញ្ហាបំពុលទឹកកខ្វក់ខាងលើនេះ ឲ្យបានឆាប់ ដ្បិតការបំពុលទឹក ក្នុងព្រែកទឹកសាបនេះ មានវិសាលភាពធ្ងន់ធ្ងរបំផុត។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍឧស្សាហកម្មយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ការកើនឡើង នៃរោងចក្រសហគ្រាសនេះ ក៏បានបង្កើតក្តីព្រួយបារម្ភពីសហគមន៍មូលដ្ឋាន អំពីការបង្ហូរទឹកកខ្វក់ឧស្សាហកម្ម ចូលក្នុងប្រភពទឹកធម្មជាតិ ដូចជា៖ ព្រែក និងតំបន់សមុទ្រជាដើម។ ហើយតំបន់ ដែលរងផលប៉ះពាល់ ឬមានការប្រែប្រួល គុណភាពទឹកខ្លាំងបំផុតនោះ គឺនៅតំបន់ព្រែក ឬប្រភពទឹក ដែលនៅជិតតំបន់ឧស្សាហកម្មទាំងនេះ។

ការសង្កេតមួយចំនួនបង្ហាញថា មានការប្រែប្រួល នៃគុណភាពទឹក នៅតំបន់ព្រែកទឹកសាប ដែលនៅជិតតំបន់ឧស្សាហកម្ម នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ប្រជាពលរដ្ឋ រស់នៅជិតតំបន់នោះ បានរាយការណ៍ថា ទឹកមានពណ៌ខុសពីធម្មតា មានក្លិនស្អុយ និងឆួលខ្លាំង។

ប្រភពពីប្រជាពលរដ្ឋមួយចំនួន រស់នៅអមព្រែកទឹកសាប ស្ថិតក្នុងក្រុងកំពង់សោម បានលើកឡើងក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះនិងសំឡេងថា រាល់ថ្ងៃនេះ ស្ថានភាពទឹកក្នុងព្រែកទឹកសាប ដែលមានទីតាំងជិត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺទឹកមានពណ៌ខុសពីធម្មតា ប្រែទៅជា ពណ៌ខ្មៅ លឿង កខ្វក់ខួរអណ្តែង មានពពុះ មានក្លិនស្អុយ និងក្លិនឆួលខ្លាំង។

ពលរដ្ឋទាំងនោះ បង្ហាញការព្រួយបារម្ភ លើបញ្ហាបំពុលបរិស្ថាន ក្នុងព្រែកទឹកសាបនេះជាខ្លាំង ហើយបានស្នើដល់ មន្ត្រីជំនាញក្រសួងពាក់ព័ន្ធ ជួយបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ និងអង្គេតរកប្រភព នៃការបំពុលទឹកនេះ ឲ្យបានឆាប់ផង។ ដ្បិតការបំពុលបរិស្ថាននេះ មានវិសាលកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ និងកើតឡើងច្រើនឆ្នាំមកហើយ។

ប្រភពឲ្យដឹងដូច្នេះថា ៖ « ស្ថានភាពទឹកមានពណ៌ខ្មៅ លឿង មានក្លិនស្អុយ និងឆួលខ្លាំងនេះ ទំនងជាក្លិនគីមី ដែលបង្ហូរចេញពីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។ ដោយសភាពទឹក គឺមានពពុះលើផ្ទៃទឹក ហុយផ្សែង ។ ហើយមានពេលខ្លះ ក៏ឃើញមានត្រី និងសត្វទឹក ងាប់ ជាបន្តបន្ទាប់ដែរ។ ការនេសាទត្រីនៅតំបន់នេះ ក៏មិនទទួលបានផលដែរ ព្រោះមិនមានត្រីទេ»។

ស្រដៀងគ្នាដែរ អ្នកទេសចរមួយក្រុម ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ហើយនាំគ្នាជិះទូកទស្សនាតាមដងព្រែកទឹកសាប កាលពីថ្ងៃទី០៨ ខែមីនា ដើម្បីអបអរទិវាអន្តរជាតិស្ត្រី លើកទី១១៥ បានថ្លែងហួសចិត្ត និងសោកស្តាយ ដែលអាជ្ញាធរមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ ទុកបណ្តោយឲ្យមានការបំពុលទឹក ក្នុងតំបន់ព្រែកទឹកសាប ដែលមានសក្តានុពល លើវិស័យទេសចរណ៍ ធ្ងន់ធ្ងរបែបនេះ។

ភ្ញៀវទេសចរទាំងនោះ បានដាក់ការសង្ស័យថា បញ្ហាបំពុលទឹកក្នុងព្រែកធម្មជាតិមួយនេះ ទំនងកើតឡើងពីទឹកកខ្វក់ឧស្សាហកម្ម ដែលមិនបានសម្អាតឲ្យបានត្រឹមត្រូវ មុននឹងបង្ហូរចេញពីឧស្សាហកម្មមួយចំនួនដូចជា ៖ រោងចក្រកាត់ដេរ រោងចក្រផលិតប្លាស្ទិក និងរោងចក្រផលិតគ្រឿងអេឡិចត្រូនិកផ្សេងៗជាដើម ដែលអាចបង្កើតទឹកកខ្វក់ មានសារធាតុគីមីនេះឡើង។

ភ្ញៀវទេសចរទាំងនោះ បារម្ភថា៖ « បំពុលទឹកក្នុងព្រែកទឹកសាបនេះ តទៅថ្ងៃអនាគត ទំនឹងអាចបង្កផលប៉ះពាល់ដល់ជីវចម្រុះសមុទ្រ, ប៉ះពាល់ដល់ការនេសាទ របស់ពលរដ្ឋ, ប៉ះពាល់សុខភាពសហគមន៍ និងប៉ះពាល់ដល់វិស័យទេសចរណ៍ នៅតាមព្រែកទឹកសាបនេះជាដើម។ ព្រោះជាក់ស្តែង ឃើញស្ថានភាពទឹក នៅក្នុងព្រែកនេះ កខ្វក់ មានក្លិនស្អុយ និងឆួលសារធាតុគីមីខ្លាំង ទ្រាំមិនបានទេ ពេលធ្វើដំណើរទៅដល់តំបន់បង្ហូរទឹកកខ្វក់នេះ»។

ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរទាំងនោះ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការត្រួតពិនិត្យប្រព័ន្ធ ជាបន្ទាន់។ រួមមាន៖ ត្រូវធ្វើតេស្តគុណភាពទឹកជាប្រចាំ, អនុវត្តច្បាប់បរិស្ថានយ៉ាងតឹងរឹង និងបង្ហាញព័ត៌មានជាសាធារណៈ អំពីលទ្ធផលត្រួតពិនិត្យជាដើម។

បន្ថែមលើនេះ ពួកគេ ក៏បានបញ្ជាក់ថា ការការពារបរិស្ថាន និងប្រភពទឹកធម្មជាតិ គឺមានសារៈសំខាន់បំផុត សម្រាប់សុខភាពពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការត្រួតពិនិត្យបញ្ហាបំពុលទឹក គួរត្រូវបានអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាថា ការអភិវឌ្ឍឧស្សាហកម្ម មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាននោះទេ។

ចំណែក បុរសជាប្រតិបត្តិករ ប្រកបរបរលើវិស័យទេសចរណ៍ នៅតាមព្រែកទឹកសាប ស្នើមិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងដែរថា គុណភាពទឹក ក្នុងព្រែកទឹកសាប ស្ថិតក្នុងក្រុងកំពង់សោមនេះ គឺមិនល្អទេ។ ហើយពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ មិនអាចចុះងូតកម្សាន្ត ក្នុងព្រែកនេះបានឡើយ ព្រោះទឹកមានក្លិនស្អុយ ពណ៌ខ្មៅ និងរមាស់។

អាជីវកររូបនេះ ក៏មិនដឹងថា បញ្ហាបំពុលបរិស្ថានក្នុងព្រែកទឹកសាបនេះ បណ្តាលមកពីអ្វី និងមានប្រភពមកពីណាដែរ។ ប៉ុន្តែលោកថា ប្រភពទឹក ដែលហូរតាមព្រែកនេះ គឺហូរចេញពីផ្នែកខាងលើ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលពូនផ្តុំដោយរោងចក្រសហគ្រាសធំៗរាប់រយក្រុមហ៊ុន។

អ្នកវិនិយោគរូបនេះ បង្ហាញកង្វល់ពីការបំពុលបរិស្ថាន តាមដងព្រែកទឹកសាបនេះថា អាចនាំឲ្យប៉ះពាល់ដល់ជីវចម្រុះសមុទ្រធ្ងន់ធ្ងរ, ប៉ះពាល់ការធ្វើនេសាទរបស់ពលរដ្ឋក្នុងមូលដ្ឋាន, ប៉ះពាល់សុខភាពសហគមន៍ ជាពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍ នៅព្រែកទឹកសាបនេះផងដែរ។

ប្រតិបត្តិកររូបនេះ បានសំណូមពរថា ដើម្បីការពារបរិស្ថាន និងសុខភាពសាធារណៈ សូមស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ទៅលើការប្រែប្រួល នៃព្រែកទឹកសាប ដែលមានទឹកពណ៌ខ្មៅ មានផ្សែង មានក្លិនស្អុយ ឆួលខ្លាំង, ត្រី ឬសត្វទឹក បានងាប់ និងទឹករមាស់ជាដើម បណ្តាលមកពីអ្វី និងមានប្រភពមកពីណាឲ្យពិតប្រាកដ។

ទាក់ទិនករណីនេះ នៅមិនទាន់អាចសុំការបំភ្លឺពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ជុំវិញករណីបំពុលទឹក នៅក្នុងព្រែកទឹកសាប ក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ បានទេ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

យ៉ាងណា លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ៖ «ខ្ញុំ នឹងផ្តល់ព័ត៌មាននេះ ជូនទៅខាងមន្ទីរជំនាញសិន ដើម្បីឲ្យលោកចុះទៅពិនិត្យ និងធ្វើការកំណត់ពីប្រភព នៃការបញ្ចេញទឹកកខ្វក់ហ្នឹងសិន។ ជៀសវាង យើងធ្វើការសន្និដ្ឋានទៅ អត់មានប្រភពព័ត៌មានច្បាស់លាស់ »។

ឆ្លើយតបសំណួរ អ្នកសារព័ត៌មាន ទាក់ទិនក្លិនស្អុយ ដែលសាយភាយចេញពីក្នុងទឹកសមុទ្រ នៃព្រែកទឹកសាប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងដំណើរចុះពិនិត្យពីវឌ្ឍនភាព នៃសក្តានុពលវិស័យទេសចរណ៍ នៅរមនីយដ្ឋានទេសចរណ៍ ទើបបង្កើតថ្មីមួយកន្លែងមានឈ្មោះ «ទឹកសាប» កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកបានឲ្យដឹងថា « ខ្ញុំ គិតថា ការងារទេសចរណ៍ វាពាក់ព័ន្ធជាមួយនឹងសោភណ្ឌភាព ភាពស្អាត និងសេវាកម្ម។ អញ្ចឹងកន្លែងនេះ ខ្ញុំ គិតថា ខាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងសហការណ៍ជាមួយ មន្ទីរពាក់ព័ន្ធ និងគ្រប់ផ្នែកទាំងអស់ ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ ដើម្បីរៀបចំ ធ្វើម៉េច ឲ្យកាន់តែមានសោភណ្ឌភាព និងមានបរិស្ថានល្អ »។

 

សូមបញ្ជាក់ថា ច្បាប់បរិស្ថាន ស្តីពីការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ត្រូវបានរៀបចំឡើង ដើម្បីការពារបរិស្ថានសមុទ្រពីការបំពុល តាមរយៈអនុសញ្ញា សន្ធិសញ្ញា និងពិធីសារអន្តរជាតិជាច្រើន ចាប់តាំងពីសតវត្សរ៍ទី២០។

ជាក់ស្តែង រដ្ឋបាលខេត្តព្រះសីហនុ កន្លងមក បានបិទប្រឡាយទឹកកខ្វក់ ដែលហូរចូលឆ្នេរសុខា ហើយបូមទឹកនោះទៅស្ថានីយ៍ប្រព្រឹត្តិកម្ម នៅអូរឈើទាល ដើម្បីចម្រោះជាតិពុល មុននឹងបង្ហូរចូលសមុទ្រវិញ។ ហើយ ក្រសួងបរិស្ថាន ក៏បានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះរោងចក្រណា ដែលលួចបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រភពទឹកធម្មជាតិ ដោយបានទប់ស្កាត់ទឹកកខ្វក់រាប់លានម៉ែត្រគូប កុំឱ្យហូរចូលតំបន់ទឹកសាធារណៈផងដែរ។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុនចំនួន៧ ដែលលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងទឹកស្អាត ហើយបានចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងនោះ មានក្រុមហ៊ុនមួយ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។

ទន្ទឹមគ្នានេះ ក្រសួងបានបន្តអំពាវនាវ ឱ្យក្រុមហ៊ុនទាំងអស់គោរពច្បាប់ ដើម្បីការពារបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

យោងតាមច្បាប់ ស្តីពីការការពារ និងគ្រប់គ្រងបរិស្ថាន បានកំណត់ថា មិនអនុញ្ញាតឲ្យបង្ហូរសារធាតុគីមី ឬសារធាតុពុលចូលក្នុងទឹក ឬដី ដោយគ្មានការគ្រប់គ្រងទេ។ ហើយរោងចក្រសហគ្រាស ត្រូវមានប្រព័ន្ធសម្អាតទឹកកខ្វក់ និងត្រូវគោរពស្តង់ដារបរិស្ថានជាដើម។ ការបង្ហូរទឹកកខ្វក់ដោយគ្មានការគ្រប់គ្រង គឺផ្ទុយនឹងច្បាប់។ ហើយអាជ្ញាធរ មានភារកិច្ចត្រួតពិនិត្យ និងចាត់វិធានការច្បាប់។ ជាងនេះ ប្រសិនបើរោងចក្រឬសហគ្រាសទាំងនោះ មិនអនុវត្តតាមច្បាប់ទេ នឹងត្រូវពិន័យជាប្រាក់, បិទអាជីវកម្ម ឬទទួលទោសតាមច្បាប់។

របាយការណ៍ពី រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ មានរោងចក្រ សរុបជាង ២០០ក្រុមហ៊ុន បានចុះបញ្ជី និងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ចំនួននេះ មានទាំង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ មានការងារធ្វើប្រមាណ ៣ម៉ឺន ២ពាន់កន្លែង។ ហើយក្រុមហ៊ុនភាគច្រើនមកពី ប្រទេសចិន, អឺរ៉ុប និង អាម៉េរិកជាដើម។ រោងចក្រទាំងនោះ មានផលិតដូចជា៖ សម្លៀកបំពាក់ , គ្រឿងបន្លាស់រថយន្ត , សំបកកង់, គ្រឿងម៉ាស៊ីន , គ្រឿងអេឡិចត្រូនិក, គ្រឿងសំណង់, សម្ភារៈលំនៅឋាន, ឧបករណ៍ថាមពល ឬគ្រឿងបន្លាស់ថ្មីៗ និងរោងចក្រ BYD (ផលិតរថយន្តថាមពល) ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង