តុលាការកំពូលបដិសេធ សំណើសុំដោះលែង សកម្មជនចលនាមាតាធម្មជាតិ

រាជធានីភ្នំពេញ ៖ នៅថ្ងៃវន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ  តុលាការកំពូល បានបដិសេធសំណើសុំដោះលែងសកម្មជន នៃចលនាមាតាធម្មជាតិ ទាំង ៥នាក់  និងបន្តឃុំខ្លួនអ្នកទាំងនោះ នៅក្នុងពន្ធនាគារ ក្រោមបទចោទ ” រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ “។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូល បានបើកសវនាការពិនិត្យទៅលើសំណើសុំដោះលែង ឱ្យមានសេរីភាពពីក្រុមមេធាវី របស់អ្នកទាំង ៥នាក់ នៅខណៈអ្នកទាំង ៥នាក់ កំពុងរង់ចាំសវនាការលើអង្គសេចក្តី នៅសាលាឧទ្ធរណ៍ ។

ដោយឡែក នៅព្រឹកថ្ងៃចន្ទនេះ តុលាការកំពូល បានប្រកាសសេចក្តីសម្រេច របស់ខ្លួន ដោយបដិសេធសំណើសុំដោះលែង របស់អ្នកទាំង ៥នាក់នោះ និងបង្គាប់ឱ្យបន្តឃុំខ្លួននៅក្នុងពន្ធនាគារ ។

កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកចំនួន ១០រូប នៃសកម្មជនបរិស្ថានចលនាមាតាធម្មជាតិ ដោយដាក់ទោសអ្នកទាំងនោះ ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ពីបទ រួមគំនិតក្បត់ និងប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ។ សកម្មជនបរិស្ថានទាំង ៥រូប ដែលរួមមាន ៖ លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ាវុត , លោក យីម លាងហ៊ី , កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការផ្តន្ទាទោសពីបទ រួមគំនិតក្បត់ ។ រីឯលោក លាងហ៊ី ត្រូវបានតុលាការផ្តន្ទាទោសមួយបទទៀត គឺប្រមាថចំពោះអង្គព្រះមហាក្សត្រ ។

តុលាការតែងតែបដិសេធ សំណើសុំដោះលែង និងសុំនៅក្រៅឃុំ ទោះជាសាលាឧទ្ធរណ៍ នៅមិនទាន់កំណត់កាលបរិច្ឆេទ សម្រាប់សវនាការលើសំណុំរឿងអ្នកទាំងនោះនៅឡើយ ។ មកដល់ពេលនេះ សកម្មជនបរិស្ថានទាំង ៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជាង ២០ ខែមកហើយ ។

សកម្មជនទាំងនេះ ស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទិ្ធ ចំនួន ៩៧នាក់ ដែលបានចងក្រងដោយអង្គការ លីកាដូ ។

អ្នកជាប់ឃុំដោយប្រើសិទិ្ធទាំងនោះ រួមមាន ៖ សកម្មជននយោបាយ , សកម្មជនសិទ្ធិមនុស្ស , សកម្មជនបរិស្ថាន , សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលត្រូវបានជាប់ក្នុងពន្ធនាគារ ដោយសារតែភាពសកម្មនិយម របស់ពួកគេ ក្នុងការបញ្ចេញមតិ ឬការពារសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ៕ ប្រភព ៖ Licadho

អត្ថបទដែលជាប់ទាក់ទង