រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងគម្រោងវិនិយោគ ដែលស្នើសុំការលើកទឹកចិត្ត ដើម្បីជំរុញសេដ្ឋកិច្ចខេត្ត
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តសកម្មភាពយ៉ាងសកម្មក្នុងការចុះជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន ដើម្បីប្រែក្លាយតំបន់នេះឱ្យកាន់តែមានសក្តានុពលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងវិនិយោគ និងធុរកិច្ចជាង ១០ កន្លែង ដែលបានដាក់ពាក្យស្នើសុំការអនុគ្រោះ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»។
គណៈប្រតិភូបានចុះទៅពិនិត្យទីតាំងយុទ្ធសាស្ត្រមួយចំនួន រួមមាន គម្រោងរបស់លោក លឹម ប៉ាគ្រុយ ស្ថិតនៅភូមិថ្មធំ សង្កាត់រាម គម្រោងសាងសង់អគារសិក្សាសមាគមខ្មែរ-ចិន កាងហួរ កម្ពស់ ២ ជាន់ (២៤ បន្ទប់) លើផ្ទៃដី ៣,៤២៦ ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់បិតត្រាំង និងគម្រោងវិនិយោគផ្សេងៗទៀត ជាង ១០ ទីតាំង បន្ថែមទៀតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានបន្តថា លើគោលការណ៍គ្រឹះចំនួន ២ ដែលម្ចាស់វិនិយោគត្រូវអនុវត្ត ការអនុលោមតាមច្បាប់ រាល់ការសាងសង់ត្រូវតែស្របតាមប្លង់បច្ចេកទេស និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ចំពោះគម្រោងដែលមិនទាន់មានច្បាប់សាងសង់គ្រប់ជ្រុងជ្រោយ ត្រូវប្រញាប់រៀបចំឯកសារស្នើសុំ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ និងអត្ថប្រយោជន៍លើកទឹកចិត្តនានាពីភាគីរដ្ឋ។
“រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល ប៉ុន្តែម្ចាស់គម្រោងក៏ត្រូវមានការទទួលខុសត្រូវខ្ពស់លើការអនុវត្តតាមបទដ្ឋានបច្ចេកទេសផងដែរ។”
តំណាងម្ចាស់គម្រោងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះការចុះមកសម្របសម្រួលផ្ទាល់ដល់ទីតាំង។ ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើសុំឱ្យមន្ត្រីជំនាញជួយពន្លឿនការពិនិត្យឯកសារសំណើផ្សេងៗ ដើម្បីឱ្យដំណើរការសាងសង់អាចបញ្ចប់ទៅតាមផែនការដែលបានកំណត់។
សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» គឺជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដោះស្រាយបញ្ហាគម្រោងជាប់គាំង (Ghost Buildings) និងទាក់ទាញវិនិយោគិនថ្មីៗ តាមរយៈការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែសាមញ្ញ និងរហ័ស៕
អត្ថបទ និងរូបភាព ៖ ផូង ថៃ


















