តុលាការខេត្តកណ្តាល សម្រេចដោះលែងអ្នកនាង Love Riya ឲ្យនៅក្រៅឃុំនៅល្ងាចថ្ងៃអង្គារ៍នេះ
ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល សម្រេចដោះលែង អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
អ្នកនាំពាក្យសាលាដំបូង ខេត្តកណ្តាល បានឲ្យដឹងប្រព័ន្ធផ្សព្វផ្សាយដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស ២ឆ្នាំ តែអនុវត្ត ៦ខែ ៩ថ្ងៃប៉ុណ្ណោះ ។
គួររំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន ២បទល្មើស រួមមាន ៖ «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពី អ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់ មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ ៕


















