អ្នកសារព័ត៌មាន២៤៤នាក់ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញ «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត សម្រាប់អ្នកសារព័ត៌មាន»
រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់អ្នកសារព័ត៌មាន» ដល់មន្ត្រីរាជការរបស់ក្រសួង តំណាងក្រសួងស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាននិងសោទស្សន៍ និងលើកកម្ពស់ការយល់ដឹងអំពីសីលធម៌វិជ្ជាជីវៈមានទំនួលខុសត្រូវ និងគោរពច្បាប់ ជូនដល់មន្ត្រីរាជការ ក្រសួងព័ត៌មាន មន្ត្រីបណ្តាក្រសួងស្ថាប័ន និងអ្នកសារព័ត៌មាន ដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់នូវ សណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។

សិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល អញ្ជើញមកពីក្រសួង ស្ថាប័ន សមាគមអ្នកសារព័ត៌មាន ១៩សមាគម អង្គភាពអ្នកសារព័ត៌មាន ចំនួន ១២១ អង្គភាព ក្នុងនោះ ៧៦នាក់ ជាចាងហ្វាង សរុបចំនួន ២៤៤នាក់។
លោក ជុំ កុសល មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីពង្រឹងស្ថាប័នព័ត៌មាន ឱ្យដំណើរការបានស្របតាមច្បាប់ សីលធម៌ និងទិសដៅអភិវឌ្ឍន៍ជាតិ។
លោកបន្តថា វិស័យព័ត៌មានគឺជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍប្រទេស មិនត្រឹមតែជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន ប៉ុន្តៃជាកម្លាំងបង្កើតការយល់ដឹងការបង្កើតទំនុកចិត្តនិងការរក្សាស្ថិរភាពសង្គម។ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ព័ត៌មានការអនុវត្តច្បាប់ យ៉ាងត្រឹមត្រូវគឺជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមទាំងអស់ ។
លោកក៏បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ សូមចាប់យកឱកាសនេះ សហការសកម្ម ចែករំលែក បទពិសោធន៍ជាមួយគ្នា យកចិត្តទុកដាក់រៀនសូត្រពីវាគ្មិនយើង ដែលប្រកបទៅដោយបទពិសោធន៍ ឱ្យបានជាអតិបរមា។ ពិសេសសូមយកចំណេះដឹង និងជំនាញ ដែលទទួលបានក្នុងវគ្គនេះ ទៅអនុវត្តន៍ក្នុងការងារប្រចាំថ្ងៃ របស់ខ្លួន ប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕


















