អភិបាលខេត្តព្រះសីហនុ នាំយកជំនួយផ្តល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខ វីរកងទ័ពជួរមុខ ដែលឈរជើងនៅទិសព្រះវិហារ ដោយបាននាំយកជំនួយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាជំនួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងជំនួយ ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូន ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរ នៅសមរភូមិមុខ ដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹក ។

ជំនួយទាំងនេះ បានប្រគល់ជូនដល់ រដ្ឋបាលខេត្តព្រះវិហារ, កងពលធំអន្តរាគមន៍លេខ៣, កងពលតូចលេខ៣, កងពលតូចលេខ៨, កងពលតូចលេខ៩, តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។

មន្ត្រីដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងដា ជំនួយសប្បុរសធ៌ម របស់បងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀត រហូតអស់ពីស្តុក។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាល ខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគ ជំនួយ មកជូន រដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូន វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង ។

លោកអភិបាលបន្តថា «ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន💙ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន» ៕

អត្ថបទដែលជាប់ទាក់ទង