ប្រជានេសាទ សំណូមពរដល់ អភិបាលខេត្តព្រះសីហនុ ជួយទប់ស្កាត់សំណង់ផែទូកថ្មី ត្រូវបុគ្គលឯកជន សង់រំលោភយកចំណតទូក ក្នុងមណ្ឌល៣ តំបន់ទំនប់រលក..
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ រស់នៅតំបន់ទំនប់រលក សំណូមពរដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួយទប់ស្កាត់សំណង់ផែ ដែលត្រូវបុគ្គលឯកជន ឈ្មោះ ស្រីអូន និងស្វាម៉ី លួចង់ប៉ះពាល់ដល់ ចំណតជលយាន មានទីតាំងក្នុងមណ្ឌល៣ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យបានឆាប់ផង ត្បិត មានបុគ្គលឯកជន កំពុងលួចសាងសង់សំណង់ផែរឹងមាំ រំលោភយកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ..។
ប្រជានេសាទ ដែលធ្លាប់ចូលចតទូកនេសាទ របស់ខ្លួន នៅក្នុងមណ្ឌល០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានអះអាងថា ចំណតជលយាន(សមុទ្រ) សម្រាប់ចូលចតទូក ក្រោយពីវិលត្រឡប់មកពីធ្វើរបរនេសាទវិញ, បច្ចុប្បន្ននេះ កំពុងឈានទៅបាត់បង់ចំណតនេះ ជាបណ្តើរៗ ហើយ ដោយសារតែមាន បុគ្គលមួយចំនួន បានព្យាយាម លួចសង់សំណង់រឹងមាំ ផ្សេងៗ ចូលក្នុងសមុទ្រយកធ្វើជាកម្មសិទ្ធឯកជន ដោយមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធ មកហាមឃាត់នៅឡើយទេ។
ប្រភពដដែលបន្តថា ភាពអនាធិបតេយ្យទាំងនេះ នឹងធ្វើឲ្យបាត់បង់ទីកន្លែងចំណតទូក របស់ប្រជានេសាទ ដែលរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានបន្សល់ទុក ជាច្រើនឆ្នាំមកហើយនោះ។


ប្រជានេសាទ ជាម្ចាស់ទូកយន្តជាច្រើននាក់ បានអះអាងឲ្យ “កម្ពុជាថ្ងៃនេះ” ដឹងបន្តទៀតថា ថ្មីៗនេះ មានបុគ្គលឈ្មោះ ស្រីអូន និងស្វាមី ក្រោយពេលទទួលបាន ប្រាក់របបគោលនយោបាយពីរដ្ឋាភុបាល ពីការសាង់សង់សំណង់ផែរឹងមាំមួយកន្លែង ចូលក្នុងសមុទ្រជិតកំពង់ផែស្វ័ត ក្រុងព្រះសីហនុ ដែលនាំឲ្យ ប៉ះពាល់ដល់គម្រោងវិនិយោគ ពង្រីកកំពង់ផែនេះ រួចថ្មីៗ ក៏ឃើញ មកសាងសង់សំណង់ផែថ្មីមួយកន្លែងផ្សេងទៀត មានទីតាំងនៅក្បែរស្នាក់ការមណ្ឌល៣ (ទំនប់រលក) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ត្រង់ចំណុចនេះ សាធារណៈជន ក៏ដូចជា ប្រជានេសាទ រស់នៅតំបន់ទំនប់រលក មានចម្ងល់ថា តើការសាងសង់សំណង់ផែថ្មី របស់ស្រីអូន នេះ មានការអនុញ្ញាតច្បាប់ពីអាជ្ញាធរពាក់ព័ន្ធ ឬរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ដែរឬយ៉ាងណា..?
ទោះជាបែបនេះក្តី ប្រជានេសាទ បានចាត់ទុកសកម្មភាព សង់សំណង់ផែរឹងមាំក្នុងសមុទ្រ ខាងលើនេះ នឹងបណ្តាលឲ្យបាត់បង់ចំណតទូក ដែលជាចំណតសុវត្ថិភាព ក្នុងពេលមានខ្យល់ព្យុះ ឬរលកសមុទ្រធំៗ នារដូវវស្សា ចូលមកដល់ម្តងៗ។
ទាក់ទិនបញ្ហានេះ លោក អេង វុទ្ធី ប្រធានមណ្ឌល៣ ដែលមានស្នាក់ការ របស់ខ្លួន នៅជិតសំណង់ផែ កំពុងសាងសង់ខាងលើនេះ ត្រូវបានសារព័ត៌មាន ដកស្រង់សំដីមកចុះផ្សាយ ដោយបញហជាក់ថា សំណង់ផែខាងលើនេះ មិនមានច្បាប់ទេ ហើយរូបលោក បានថតរូប និងរាយការណ៍ជូនទៅ រដ្ឋបាលក្រុងព្រះសីហនុ រួចហើយ។
ចំណែក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅមិនទាន់អាចសុំការធ្វើអត្ថាធិប្បាយ ករណីខាងលើនេះនៅឡើយទេ ខណៈ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ក៏មិនទាន់អាច សុំរបំភ្លឺបាននៅឡើយដែរ នៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
យ៉ាងណា “កម្ពុជាថ្ងៃនេះ ” ក៏មិនទាន់អាច ស្វែងរកកាបំភ្លឺជុំវិញ ករណីសង់សំណង់ផែរឹងមាំ ខាងលើនេះ ពីឈ្មោះ ស្រីអូន និងស្វាមី បាននៅឡើយដែរ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
យ៉ាងណា ប្រជានេសាទតំបន់ទំនប់រលក សំណូមពរដល់ ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ជួយមានចំណាត់ការទប់ស្កាត់ករណី មានបុគ្គលឈ្មោះ ស្រីអូន និងស្វាមី លួចសាងសង់សំណង់ផែ រឹងមាំរំលោភចូលសមុទ្រ ដែលជាទីតាំងសម្រាប់ចំណតទូកចូលចត ពេលមានព្យុះភ្លៀង កើតឡើងនៅលើលម្ហសមុទ្រនេះ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព ៕





















