រាជរដ្ឋាភិបាល ចុះជួយកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ្ស៊ែរ ជូនកសិកររស់នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ លោក គន់ រ័ត្នមុនី្ន អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក គន់ រ័ត្នមុន្នី អមដំណើរពីថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ សហការជាមួយ រដ្ឋបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋាន និង សហគមន៍កសិកម្មកសិកររុងរឿង បានចុះពិនិត្យសកម្មភាពកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចុះជួបសំណេះសំណាលជាមួយ កសិករចំនួន ៧២គ្រួសារ ក្នុងភូមិបារាណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
បាឱកាសនោះ លោក គន់ រ័ត្នមុនី្ន បានបញ្ជាក់ថា ដើម្បីដើរស្របតាមបច្ចេកទេសថ្មីៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយការចំណាយ លើការងារបង្ករបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះជួយកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ្ស៊ែរ ដើម្បីធ្វើឲ្យដីស្រែ មានសភាពរាបស្មើល្អ ។
លោកបន្តថា ដីស្រែរាបស្មើល្អ គឺជួយកាត់បន្ថយការប្រើប្រាស់ទឹក ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងមានភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ធ្វើឲ្យប្រសើរឡើងនូវទិន្នផលស្រូវ កាត់បន្ថយពេលវេលាគ្រប់គ្រងកត្តាចង្រៃ ស្រូវចេញផ្កា ផ្លែ ទុំស្រុះគ្នា ទំហំគ្រាប់ប៉ុនគ្នា ព្រមទាំងបង្កើនទាំងគុណភាពគ្រាប់ ព្រមទាំងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម មុន និងក្រាយប្រមូលផល។

ចំណែក លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរ អនុវត្តដោយគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម ដែលជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
លោកបន្តថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងខេត្តត្បូងឃ្មុំ មានពីដំណាក់កាល ដែលដំណាក់កាលទី១ នៅឆ្នាំ ២០២៤ – ២០២៥ បានកៀរពង្រាបដីស្រែនៅប្រព័ន្ធធារាសាស្ត្រត្រពាំងត្រស់ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ៥៨,៣០ ហិកតា។ លោកថា សម្រាប់ឆ្នាំ២០២៦ គម្រោងចាប់ផ្តើមកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ចំនួន ៣ទីតាំងបន្ថែមទៀត គឺនៅសហគមន៍កសិកម្មតំបែររុងរឿង នៅឃុំតំបែរ ស្រុកតំបែរ លើផ្ទៃដីចំនួន ៥៧,៨៧ហិកតា ។ នៅសហគមន៍កសិកម្មកសិកររុងរឿង នៅឃុំឈូក ស្រុកក្រូចឆ្មារ លើផ្ទៃដីចំនួន ១៤៥,២២ហិកតា និងនៅសហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក គ្រោងលើផ្ទៃដីចំនួន ៩៩,០៧ហិកតា ។ សរុបទាំ៣ទីតាំងក្នុងឆ្នាំ២០២៦នេះ គ្រោងកៀរពង្រឹបលើផ្ទៃដីសរុប ៣៦០.៤៦ ហិកតា ដែលមានកសិករទទួលផល ៥៨៣គ្រួសារ ក្នុងនោះកសិករមានមេគ្រួសារជាស្ត្រី ១៨៦នាក់។
មន្ត្រីរូបនេះ បញ្ជាក់បន្ថែមថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល នាបច្ចុប្បន្ន ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ កំពុងពេញនិយម ហើយសមស្រប សម្រាប់កសិករដាំដុះដំណាំស្រូវ។ មិនត្រឹមតែបង្កើនប្រសិទ្ធភាព គុណភាពផលិតកម្មនោះទេ វាថែមទាំងមានទំនាក់ទំនងដល់គុណតម្លៃ ក្នុងខ្សែច្រវាក់តម្លៃស្រូវ អង្ករ និងបានបញ្ជូលបច្ចេកវិទ្យាថ្មី ក្នុងការរៀបចំដីកសិកម្មឲ្យរាបស្មើល្អ ដែលវានឹងរួមចំណែក កាត់បន្ថយការប្រើប្រាស់ទឹក ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងមានភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ៕



















