ករណីអំពើហិង្សាក្នុងពិធីមង្គលការ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាស
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច ឲ្យដឹងថា ករណីវាយតបគ្នាផ្អើលរោងការ ហើយត្រូវបាន អ្នកលេងបណ្តាញសង្គម ចែកចាយព្រោងព្រាត ពេលនេះ ត្រូវកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ និងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២២ និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ស្ថិតក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង ០៤នាក់ រួមនឹងបក្ខពួក ជាសាច់ញាតិខាងកូនក្រមុំ បានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការ ក៏មានភ្ញៀវទាំងសង្ខាង បានឡើងរាំលេងកម្សាន្តសប្បាយ រីករាយ។ ទន្ទឹមគ្នានេះ ក៏មានភ្ញៀវខ្លះ បានរាំច្រង៉េងច្រង៉ាង យកជើងឈូស ក្នុងលក្ខណៈឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំលោះ ហើយក៏បានបង្កជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវ ចាន គប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ។ ក្នុងនោះ ក៏មានក្មេងប្រុសម្នាក់ បានរបួសដៃដេរធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនីមន្ទីរពេទ្យ។
ក្រោយពីទទួល ព័ត៌មានខាងលើនេះភ្លាម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានដាក់បទបញ្ជា ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសសហការណ៍ជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់។
ជនសង្ស័យទី១៖ ឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី២៖ ឈ្មោះ ខេន ណារ៉ុម ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៣៖ ឈ្មោះ មៀច សំអុល ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងជាសង្ស័យទី៤៖ ឈ្មោះ សាយ ពិសិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ជនសង្ស័យទាំង០៤នាក់នេះ មានទីលំនៅបច្ចុប្បន្ន ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យកបាន រួមមានទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕


















