សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ២៦៣នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ បានជនសង្ស័យចំនួន ២៦៣នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ដោយសង្ស័យថា មានការលបលួចប្រព្រឹត្ត បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំ សម្របសម្រួលដោយ លេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ច ប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពី អគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ  និងឈានដល់បានឃាត់ខ្លួន ជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ សរុបចំនួន ២៦៣នាក់។

ជនសង្ស័យដែល សមត្ថកិច្ចឃាត់ទាំង ២៦៣នាក់នោះ រួមមាន ៖ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស ២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់) , ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ ០១នាក់ ។

ចំណែក វត្ថុតាងដកហូត រួមមាន ៖ កុំព្យូទ័រលើតុ 860 គ្រឿង, ទូរស័ព្ទ 4,129 គ្រឿង, កុំព្យូទ័រយួរដៃ 16 គ្រឿង និងiPad 14 គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ រីឯ ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន និងប្រគល់ជូន នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងរង់ចាំដល់មានបទបញ្ជាថ្មី ..៕

អត្ថបទដែលជាប់ទាក់ទង