យុវជនយោធិនស្ម័គ្រចិត្ត១៤០នាក់ ក្នុងខេត្តត្បូងឃ្មុំ បានបញ្ជូនទៅហ្វឹកហាត់ជំនាញ
ខេត្តត្បូងឃ្មុំ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយុវជន ១៤០នាក់ មកពីបណ្តាក្រុង-ស្រុកទាំង៧ ទៅហ្វឹកហាត់ ដើម្បីបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីបានដាក់ពាក្យស្នើសុំរួចរាល់ ។
នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានកោតសរសើរ ចំពោះទឹកចិត្តស្នេហាជាតិដ៏មោះមុត ភាពក្លាហាន និងការស្ម័គ្រចិត្តបំពេញកាតព្វកិច្ច របស់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងស្នូល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពជូនប្រទេសជាតិ។
លោកបន្តថា ការចូលបម្រើកងទ័ព មិនត្រឹមតែជាកាតព្វកិច្ចស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពដ៏ធំធេងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
បន្ថែមលើនេះ លោកអភិបាល ក៏បានផ្តាំផ្ញើ និងណែនាំដល់យោធិនថ្មីទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ជំនាញយោធា និងការហ្វឹកហាត់កាយសម្បទា ពីយោធាចារ្យ ដើម្បីក្លាយជាយោធិនដ៏រឹងមាំ និងមានសមត្ថភាពពេញលេញ។ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ចេះស្រឡាញ់ ជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនបង្កើត និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីក្នុងយន្តការកាតព្វកិច្ចយោធា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំសហការគ្នា សម្របសម្រួល ផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះយុវជន ដែលគ្រប់អាយុតាមច្បាប់កំណត់ ឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។ ហលយថា លទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ មិនមែនជាស្នាដៃ របស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាលទ្ធផល នៃការរួមគ្នា ការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងល្អរវាងគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំខេត្តត្បូងជ្មុំ ក៏បានផ្តល់ជូននូវជំនួយ ថវិកាឧបត្ថម្ភ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដល់យុវជនជាប់កាតព្វកិច្ចយោធាទាំងអស់ ដើម្បីជាការលើកទឹកចិត្ត មុននឹងប្អូនៗឡើងរថយន្តចេញដំណើរទៅកាន់ សាលាហ្វឹកហ្វឺនកងទ័ព វគ្គទី១ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីមោទនភាពជាទីបំផុត៕
ដោយ ៖ សេងឡុង ពីខេត្តត្បូងឃ្មុំ



