ក្រសួងណែនាំមន្ត្រីមូលដ្ឋានប្រយ័ត្នលើកំហុសទិន្នន័យ ខណៈពលរដ្ឋប្រតិកម្មរឿងខុសអក្ខរាវិរុទ្ធលើឯកសារផ្សេងៗ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រីអត្រានុកូលដ្ឋាននៅមូលដ្ឋាន និងមន្ត្រីផ្តល់សេវាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យ និងត្រូវស្នើឱ្យប្រជាពលរដ្ឋពិនិត្យទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងប្រគល់ឯកសារអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់អគ្គនាយកដ្ឋាន នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកានេះ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា មួយរយៈកន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងនូវសំណូមពរទៅកាន់អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំ តាមរយៈបណ្តាញសង្គម ដោយស្នើឱ្យសម្រួលនីតិវិធីលើការកែកំហុសទិន្នន័យលើសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ប្រភពដដែលបានគូសបញ្ជាក់ជាថ្មីថា នៅក្រោយសម័យប៉ុលពត ឯកសារសម្គាល់អត្តសញ្ញាណបណ្ណរបស់ពលរដ្ឋ និងលិខិតស្នាមផ្សេងៗបានខូចខាតនិងបាត់បង់ស្ទើរគ្មានសល់ ដូច្នេះការរៀបចំឯកសារទាំងនោះឡើងវិញ ក្នុងយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានទូទាំងប្រទេសកាលពីឆ្នាំ២០២២ ត្រូវបានធ្វើដោយដៃ និងមានករណីមួយចំនួនទៀត បានធ្វើផ្អែកលើព័ត៌មានផ្ទាល់មាត់ ឬការចងចាំរបស់ពលរដ្ឋដែលពុំចេះអក្សរ និងពុំមានុំឯកសារសំអាងជាក់លាក់ ដែលបណ្តាលឱ្យមានកំហុសទិន្និន័យក្នុងបញ្ជី និងសំបុត្រកំណើតមានចំនួនច្រើន ដូចជា ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសភេទ ខុសថ្ងៃខែឆ្នាំកំណើត ឬភាន់ច្រឡំទិនន្នន័យឪពុកម្តាយជាដើម ដែលត្រូវបន្តដោះស្រាយមកដល់ពេលបច្ចុប្បន្ន។
អគ្គនាយកដ្ឋាន ក៏បានឆ្លើយសំណួរមួយចំនួន ដែលពលរដ្ឋបានសួរផងដែរ ដូចជាថាតើបញ្ហាខុសទិន្នន័យនេះ ជាកំហុសរបស់អ្នកណា? ហេតុអ្វីមិនកែតម្រូវជូនប្រជាពលរដ្ឋតាមការស្នើសុំ ដោយពុំចាំបាច់ទៅតុលាការ ឬស្រាវជ្រាវស៊ើបបញ្ជាក់ធ្វើអ្វី? ហើយការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ គឺជាការងាយស្រួល ឬជាបញ្ហាស្មុគស្មាញ?
ចំពោះចម្ងល់របស់ពលរដ្ឋទាំងនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបថា កំហុសទិន្នន័យមួយចំនួន បានកើតឡើងដោយអចេតនា របស់មន្ត្រីផ្តល់សេវា និងប្រជាពលរដ្ឋ ដែលបានរួមគ្នាពិនិត្យ ឬផ្ទៀងផ្ទាត់ដែរ ប៉ុន្តែមិនបានកត់សម្គាល់អំពីកំហុស ខណៈកំហុសមួយចំនួន បានកើតឡើងដោយសារមន្ត្រីផ្តល់សេវាធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ តាមការណែនាំឬបណ្តាលកន្លងមក និងកំហុសមួយចំនួនទៀត កើតឡើងដោយសារប្រជាពលរដ្ឋមួយចំនួនធ្វេសប្រហែស ឬផ្តល់ព័ត៌មានដោយផ្ទាល់មាត់ ឬស្មាន ហើយយល់ព្រមទទួលយកឯកសារពីមន្ត្រីផ្តល់សេវា ដោយមិនបានពិនិត្យឡើងវិញ ដោយសម្អាតថាខ្លួនប្រញាប់ ឬមិនចេះអក្សរ។
នៅមានករណីមួយចំនួនទៀត អ្នកស្នើសុំសេវាបានផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬកែទិន្នន័យដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ដូចជា បានព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ឬបន្ថយអាយុមិនទាន់ចង់ចូលនិវត្តន៍ ឬកែទិន្នន័យផ្សេងទៀតដើម្បីសុំទិដ្ឋាការជាដើម។
ចំពោះករណីកែតម្រូវទិន្នន័យរបស់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យដាក់ពាក្យស្នើទៅតុលាការ ឬស្រាវជ្រាវបញ្ជាក់នោះ អគ្គនាយកដ្ឋាន បានគូសបញ្ជាក់ថា ដោយសារក្នុងបរិបទនៃការគ្រប់គ្រងប្រជាជននៅលើសកលលោក មនុស្សម្នាក់តម្រូវឱ្យមានអត្តសញ្ញាណតែមួយ ហើយកម្ពុជាបានកំណត់គោលដៅនេះ ដោយសារការពារនូវសិទ្ធិរបស់ពលរដ្ឋ ដូចជា សិទ្ធិលើអចលនទ្រព្យ សិទ្ធបោះឆ្នោត សិទ្ធិទទួលកេរមរតកតជាដើម និងធានាប្រសិទ្ធិភាពលើការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យ៉ាងណា អគ្គនាយកដ្ឋាន បានលើកឡើងថា ខ្លួនបាននិងកំពុងបន្តជំរុញពិនិត្យ និងដោះស្រាយលើករណីស្មុគស្មាញមួយចំនួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបាននិងកំពុងអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានថ្មី ដែលគ្រោងនឹងដាក់អនុវត្តនៅទូទាំងរាជធានីភ្នំពេ្ នៅដើមឆ្នាំ២០២៧ និងពង្រីកនៅតាមបណ្តាខេត្ត នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៧ ក្រោយប្រព័ន្ធឌីជីថលនេះធ្វើបច្ចុប្បន្ន និងអភិវឌ្ឍន៍មុខងារដែលខ្វះខាតរួច។
ហើយក្នុងដំណាក់កាលដែលពុំទាន់បានដាក់ដំណើរការប្រព័ន្ធខាងលើ អគ្គនាយកដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាកំហុសទិន្នន័យអត្រានុកូលដ្ឋាន ទៅដាក់ពាក្យស្នើសុំកែតម្រូវនៅរដ្ឋបាលឃុំសង្កាត់ នៃទីកន្លែងចុះបញ្ជី ករណីក្នុងឆ្នាំអនុវត្ត និងដាក់ពាក្យស្នើទៅរដ្ឋបាលក្រុងស្រុកខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរក្សាទុក ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងករណីហួសឆ្នាំអនុវត្ត។
អគ្គនាយកដ្ឋាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្នើសុំសេវា បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យរបស់ខ្លួន និងសូមផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុនទទួលយកឯកសារ និងចាកចេញពីកន្លែងផ្តល់សេវា ដោយចៀសវាងយកឯកសារទៅរក្សាទុកយូរឆ្នាំ ទើបទៅស្នើសុំកែជាក្រោយ ដែលនាំឱ្យនីតិវិធីស្នើកែតម្រូវមានលក្ខណៈស្មុគស្មាញ។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គិតមកដល់ពេលនេះ ខ្លួនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ ស្រាវជ្រាវ និងកែតម្រូវទិន្នន័យបានចំនួនជាង ១៨ម៉ឺននាក់ហើយ (១៨១ ៨៥៩នាក់) ហើយបាននិងកំពុងបន្តពិនិត្យ និងដោះស្រាយលើករណីស្មុគស្មាញមួយចំនួនបន្ថែមទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


