ផូស៊ីលឈើអាយុកាលប្រមាណ ១០ម៉ឺនឆ្នាំទៅ២លានឆ្នាំមុន ត្រូវបានរកឃើញនៅទីតាំងចំនួន៣ក្នុងខេត្តស្ទឹងត្រែង
ក្រសួងបរិស្ថាន ឱ្យដឹងថា ផូស៊ីលឈើបុរាណធំៗដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំមុន ត្រូវបានក្រុមការងារជំនាញ បានសិក្សា និងរកឃើញនៅទីតាំងចំនួន៣ បន្ថែមទៀត ក្នុងខេត្តស្ទឹងត្រែង ខណៈគិតត្រឹមឆ្នាំ២០២៦ ក្រុមការងារជំនាញ បានរកឃើញស្ថានីយផូស៊ីលសរុបជិត ៨០ទីតាំងនៅទូទាំងប្រទេស។
ក្រសួងបរិស្ថាន បានដកស្រង់សម្តីរបស់ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក លឹម វណ្ណច័ន្ទ មកផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះថា ក្រុមការងារជំនាញបានសិក្សា និងរកឃើញផូស៊ីលឈើបុរាណធំៗ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិតាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងនោះ រណ្តៅទី១ ជាផូស៊ីលដើមឈើដែលមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ខណៈផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។ រីឯរណ្ដៅទី២ ជាផូស៊ីលដើមឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។ ហើយ រណ្ដៅទី៣ ជាផូស៊ីលដើមឈើដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥ម៉ែត្រ។
ផូស៊ីល ឬហ្វូស៊ីល (Fossil) គឺជាស្នាម ឬសំណល់នៃភាវៈរស់ជំនាន់ដើម ដូចជា រុក្ខជាតិ សត្វ ឬឆ្អឹង ដែលត្រូវបានកប់នៅក្នុងដីល្បាប់ ឬស្រទាប់ថ្ម ហើយឆ្លងកាត់ការប្រែប្រួលរេដុកម្មក្លាយទៅជាថ្ម តាមរយៈការជំនួសសារធាតុរ៉ែ ដោយការទុកជារូបរាងដើម។ ផូស៊ីលឈើ (Petrified Wood) គឺជារុក្ខជាតិ ឬដើមឈើ ដែលត្រូវបានកប់ដោយដីល្បាប់ និងខ្វះអុកស៊ីសែន រួចត្រូវបានជំនួសដោយសារធាតុស៊ីលីកា ឬកាល់ស៊ីត រហូតប្រែក្លាយទៅជាថ្ម។
សម្រាប់ទិសដៅការងារបន្ត ក្រសួងបរិស្ថាន គ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាក់ទាញទេសចរណ៍ នៅតំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។ ក្រៅពីនោះ ក្រុមការងារក៏នឹងប្រមូលចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។
ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ ក្នុងនោះមានកំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២0២០, កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២, កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤ និងកំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តក្នុងពេលនេះ៕


