សាំងសាកលឡើងថ្លៃពេក នាវាទេសចរណ៍អាម៉េរិកលំដាប់អន្តរជាតិ១គ្រឿង បន្តជាប់គាំងនៅកំពង់ផែក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង ២០០នាក់ និងនាវិកជាង ១៥០នាក់ ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ដោយបានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ប៉ុន្តែដល់ពេលកំណត់ នាវាដ៏ប្រណីតនេះ ក៏សម្រេចចិត្តបន្តស្នាក់នៅកម្ពុជា មួយរយៈពេលទៀត។ មូលហេតុ គឺដោយសារប្រេងសាំងសាកល ហក់ឡើងថ្លៃខ្លាំងពេក ហើយបើចេញដំណើរ នាវានឹងត្រូវចំណាយខ្ពស់។
តម្លៃប្រេងពិភពលោក បានកើនឡើងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមដៃគ្នាបង្កសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាំងពីដើមឆ្នាំ២០២៦ មក។
បច្ចុប្បន្ន តម្លៃប្រេងសាកល ហក់ឡើងដល់ ១១៥ដុល្លារ ក្នុង១បារ៉ែល។ មុនសង្គ្រាម តម្លៃប្រេងពិភពលោក ស្ថិតក្នុងខ្ទង់តែ ៧០ដុល្លារប៉ុណ្ណោះ ក្នុង១បារ៉ែល។ ការកើនឡើងដ៏ច្រើននេះ បានបង្កសម្ពាធយ៉ាងខ្លាំង ដល់ការចំណាយលើប្រតិបត្តិការនាវា Villa Vie Odyssey។
សារព័ត៌មានអន្តរជាតិធំៗ ដូចជា BBC និង AP ទើបនឹងចុះផ្សាយនៅថ្ងៃទី២៨ ខែតុលានេះ អំពីការសម្រេចចិត្តមិនធ្លាប់កើតមានរបស់នាវាខ្នាតយក្ស របស់សហរដ្ឋអាម៉េរិក ដែលផ្អាកដំណើរទៅមុខ និងបន្តស្នាក់នៅកម្ពុជា ដោយសារសាំងឡើងថ្លៃ។
បើតាមសារព័ត៌មានទាំងនេះ Villa Vie Odyssey ជានាវាទេសចរណ៍ នាំភ្ញៀវធ្វើដំណើរជុំវិញពិភពលោក។ ការចូលចតនៅកម្ពុជា គឺជាផ្នែកមួយនៃផែនការធ្វើដំណើរកម្សាន្តរបស់នាវានេះ។
ក្រុមហ៊ុនអាម៉េរិក ដែលជាម្ចាស់នាវា Villa Vie Odyssey កំពុងសហការជាមួយអ្នកដំណើរ ដើម្បីរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពួកគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន មិនទាន់អាចបញ្ជាក់បាននោះទេ ថា នឹងបន្តដំណើរនៅពេលណា។ គោលដៅបន្ទាប់របស់នាវា គឺវៀតណាម។
បើតាម BBC ក្រុមហ៊ុនអាម៉េរិក ដែលជាម្ចាស់នាវា Villa Vie Odyssey បានព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រេង ដោយបន្ថយល្បឿនធ្វើដំណើរ និងចំណាយពេលនៅកំពង់ផែនានា ក្នុងរយៈពេលយូរជាងមុន។
ទោះជាយ៉ាងណា ក្រុមហ៊ុន បានទទួលស្គាល់ថា វិធានការទាំងនេះ មិនអាចទប់ទល់នឹងតម្លៃប្រេង ដែលកើនឡើងខ្ពស់នោះទេ។ ក្រុមហ៊ុន លើកឡើងទៀតថា ការដំឡើងថ្លៃ ឬការយកថ្លៃបន្ថែមពីភ្ញៀវនៅលើនាវា មិនមែនជាដំណោះស្រាយ ដែលអាចអនុវត្តបានឡើយ។
ក្រុមហ៊ុនគ្រប់គ្រងនាវា Villa Vie Odyssey ប្រកាសថា នឹងចំណាយពេល៦០ថ្ងៃ ដើម្បីរៀបចំហិរញ្ញវត្ថុឡើងវិញ និងស្វែងរកដើមទុនបន្ថែម ដើម្បីដោះស្រាយបញ្ហាចំណាយ និងស្វែងរកមធ្យោបាយបន្តប្រតិបត្តិការ។
នាវាលំដាប់អន្តរជាតិមួយនេះ មានប្រវែងជិត ២០០ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៦៥០នាក់។ នាវានេះ បានចេញដំណើរពីទីក្រុងបែលហ្វាស (Belfast) ប្រទេសអៀរឡង់ខាងជើង តាំងពីខែតុលា ឆ្នាំ២០២៤មកម្ល៉េះ ដោយកំណត់ពេល៣ឆ្នាំកន្លះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសជិត ១៥០ នៅជុំវិញពិភពលោក។
មុនពេលចេញដំណើរ នាវា Villa Vie Odyssey ធ្លាប់ពន្យារពេល ដោយសារត្រូវជួសជុលផ្នែកខ្លះ ដែលធ្វើឱ្យអ្នកដំណើរជាប់គាំងនៅទីក្រុងបែលហ្វាស អស់រយៈពេលជាច្រើនខែ នាពេលនោះ និងធ្វើឱ្យក្រុមហ៊ុននាវានេះ ខាតបង់ប្រាក់រាប់លានដុល្លារ។ មុនពេលមកដល់កម្ពុជា នាវានេះ បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំហើយ។
ការផ្អាកប្រតិបត្តិការនៅកម្ពុជា នាពេលនេះ បានធ្វើឱ្យគម្រោងធ្វើដំណើររយៈពេលច្រើនឆ្នាំ របស់នាវា ត្រូវជាប់គាំង ខណៈក្រុមហ៊ុន កំពុងព្យាយាមដោះស្រាយបញ្ហាហិរញ្ញវត្ថុ។
បើតាមគេហទំព័រ របស់ក្រុមហ៊ុន បន្ទប់ដែលអាចទិញសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍លើនាវា មានតម្លៃចាប់ពី ១២ម៉ឺនដុល្លារ រហូតដល់ ៤៤ម៉ឺនដុល្លារ។
ចំណែកការជួលបន្ទប់ មានតម្លៃចាប់ពី ៣ម៉ឺន៥ពាន់ដុល្លារឡើងទៅក្នុង១ខែ។ នាវានេះ មានភោជនីយដ្ឋាន កន្លែងហែលទឹក និងទីលានលេងកីឡា ។ល។
កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន បានដាក់ចេញកម្មវិធីបង់ប្រាក់ស្នាក់នៅ ពេញមួយជីវិតលើនាវា ដែលផ្តល់ឱកាសឱ្យអ្នកចូលនិវត្តន៍ ចំណាយពេលរស់នៅលើផ្ទៃសមុទ្រ ។
ទាក់ទិនបញ្ងានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះថា ការផ្អាកដំណើរការភ្លាមៗនៃនាវា Villa Vie Odyssey នៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា បានក្លាយជាព័ត៌មានល្បីកក្រើកទូទាំងពិភពលោក ដោយសារតែ បញ្ហានេះពាក់ព័ន្ធនឹងការធ្វើទីផ្សារផ្សព្វផ្សាយថាជា «ការរស់នៅលើកប៉ាល់ទេសចរណ៍គ្មានថ្ងៃបញ្ចប់» (Never ending journey) រួមផ្សំជាមួយនឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ៖
១. អ្នកដំណើរសុខចិត្តលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីមករស់នៅលើកប៉ាល់៖ ខុសប្លែកពីដំណើរកម្សាន្តធម្មតារយៈពេល ១ ឬ ២ សប្តាហ៍ អ្នកដំណើរជាច្រើននៅលើនាវា Odyssey បានលក់ផ្ទះ រថយន្ត និងទ្រព្យសម្បត្តិទាំងអស់នៅស្រុកកំណើត ដើម្បីទិញសិទ្ធិរស់នៅលើកប៉ាល់នេះជាអចិន្ត្រៃយ៍។ ការត្រូវគេបញ្ជាឱ្យចុះចេញពីកប៉ាល់ភ្លាមៗបែបនេះ បានធ្វើឱ្យនិវត្តជន និងបុគ្គលិកធ្វើការពីចម្ងាយជាច្រើននាក់ ក្លាយជាមនុស្សគ្មានផ្ទះសម្បែងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រទេសកំណើតរបស់ខ្លួន។
២. ការជូនដំណឹងដ៏តក់ក្រហល់ (មានពេលត្រឹមតែ ៧ ម៉ោងដើម្បីចាកចេញ)៖ អ្នកដំណើរបានទទួលការជូនដំណឹងផ្ទៃក្នុងនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ ថា កប៉ាល់នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន (warm lay-up) ដោយសារបញ្ហាវិក្កយបត្រប្រេងឥន្ធនៈ ហើយពួកគេត្រូវបានទុកពេលឱ្យត្រឹមតែប្រហែល ៧ ម៉ោងប៉ុណ្ណោះ (រហូតដល់ម៉ោង ២:០០ រសៀលថ្ងៃដដែល) ដើម្បីរៀបចំឥវ៉ាន់ស្ពាយតាមខ្លួន និងចាកចេញពីកប៉ាល់។
៣. ការជាប់គាំងដោយគ្មានសំបុត្រយន្តហោះត្រឡប់ទៅផ្ទះវិញ៖ ទោះបីជាក្រុមហ៊ុនបានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងការសម្របសម្រួលខ្លះៗនៅក្រុងព្រះសីហនុក៏ដោយ ប៉ុន្តែថ្នាក់គ្រប់គ្រងបានបញ្ជាក់ថា ពួកគេនឹងមិនចេញថ្លៃសំបុត្រយន្តហោះសម្រាប់អ្នកដំណើរដើម្បីហោះត្រឡប់ទៅអាមេរិកខាងជើង អឺរ៉ុប ឬអូស្ត្រាលីនោះឡើយ។ អ្នកដំណើរត្រូវរ៉ាប់រងការចំណាយលើជើងហោះហើរអន្តរជាតិបន្ទាន់ និងដោះស្រាយបញ្ហាទិដ្ឋាការ (Visa) ដោយខ្លួនឯង។
៤. ប្រវត្តិល្បីកក្រើកតាំងពីមុនមក៖ គម្រោងនេះធ្លាប់ជាព័ត៌មានដ៏កក្រើកតាមអ៊ីនធឺណិតម្តងរួចមកហើយកាលពីពាក់កណ្តាលឆ្នាំ ២០២៤ នៅពេលដែលកប៉ាល់នេះបានជាប់គាំងនៅទីក្រុង Belfast (អៀរឡង់ខាងជើង) អស់រយៈពេល ៤ ខែ ដោយសារការជួសជុលចង្កូត និងបញ្ហាឯកសារបញ្ជាក់បច្ចេកទេស។
៥.ការបែកធ្លាយព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុដ៏គួរឱ្យបារម្ភ៖ ព័ត៌មានជាច្រើនបានទម្លាយពីវិធានការដោះស្រាយបន្ទាន់របស់ក្រុមហ៊ុន រួមទាំងការស្នើសុំប្រាក់ជំនួយបន្ទាន់ពីសំណាក់អ្នកដំណើរផ្ទាល់ ដូចជាការរៃអង្គាសប្រាក់ទិញប្រេង ៣៦០,០០០ ដុល្លារ និងកម្ចីបន្ទាន់ ៣ លានដុល្លារជាមួយនឹងការប្រាក់ខ្ពស់ ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុនកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅពីក្រោយឆាក ៕



