ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានថ្មីនឹងដាក់ដំណើរការនៅឆ្នាំ២០២៧ ដើម្បីដោះស្រាយបញ្ហាខុសទិន្នន័យ
ស្របពេលដែលប្រជាពលរដ្ឋមួយចំនួន បានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកំហុសទិន្នន័យនៅលើឯកសារអត្តសញ្ញាណផ្សេងៗ ដូចជា ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត រវាងសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណជាដើមនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា ខ្លួនកំពុងប្រឹងប្រែងជំរុញការដោះស្រាយលើបញ្ហានេះហើយ ហើយអគ្គនាយកដ្ឋាននឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ និងបន្តពង្រីកទៅតាមបណ្តាខេត្ត នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៧ ខាងមុខ។
យោងតាមសេចក្តីជូនព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានលើកឡើងថា ការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ត្រូវបានអនុវត្តតាមគំរូឯកភាពទូទាំងប្រទេស ចាប់តាំងពីខែសីហា ឆ្នាំ២០០២ ដោយប្រើប្រាស់យន្តការចុះបញ្ជី និងកត់ត្រាទិន្នន័យដោយដៃ ចូលក្នុងសៀវភៅអត្រានុកូលដ្ឋានភ្លោះ ហើយយន្តការនេះ ក៏មានបញ្ហាប្រឈមមួយចំនួនលើកំហុសទិន្នន័យនៃការចុះបញ្ជីនោះ ជាពិសេសអំឡុងពេលយុទ្ធនាការចុះបញ្ជីចល័តកាលពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។ យោងតាមការអង្កេតឆ្នាំ២០១៤ មានឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋប្រមាណ ១ភាគ៣ ដែលមានទិន្នន័យខុសគ្នារវាងសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ ក្នុងការរៀបចំនីតិវិធីនៃការកែតម្រូវទិន្នន័យ ការធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋាន និងការអនុវត្តសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនទៀត។ ហើយក្នុងនោះ អគ្គនាយកដ្ឋាន ក៏បានអភិវឌ្ឍន៍ប្រព័ន្ធចុះបញ្ជីពីការកត់ត្រាដោយដៃ ទៅជាការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិច ឬប្រព័ន្ធឌីជីថល សម្រាប់ការចុះបញ្ជី ការកែតម្រូវទិន្នន័យ និងការផ្តល់សេវាអត្រានុកូលដ្ឋានផ្សេងទៀត។
កន្លងមក អគ្គនាយកដ្ឋានបានដាក់អនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិចចុះបញ្ជីអត្រានុកូលដ្ឋានថ្មីនេះ នៅរដ្ឋបាលសង្កាត់ចំនួន១៥ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីដើមខែមេសា ឆ្នាំ២០២៦ ហើយប្រព័ន្ធនេះកំពុងធ្វើបច្ចុប្បន្នភាពតាមរយៈការផ្តល់យោបល់ត្រឡប់ពីមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន និងអភិវឌ្ឍន៍មុខងារបន្ថែមមួយចំនួនទៀត។ យ៉ាងណា អគ្គនាយកដ្ឋាន គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននេះ នៅទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ និងពង្រីកនៅតាមបណ្តាខេត្ត នៅអំឡុងឆមាសទី២ ឆ្នាំ២០២៧ខាងមុខ។
ក្នុងដំណាក់កាលដែលពុំទាន់បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិចនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានស្នើដល់ប្រជាពលរដ្ឋដែលមានបញ្ហាកំហុសទិន្នន័យអត្រានុកូលដ្ឋាន អាចដាក់ពាក្យស្នើសុំកែតម្រូវនៅរដ្ឋបាលឃុំសង្កាត់ នៃទីកន្លែងចុះបញ្ជី ក្នុងឆ្នាំអនុវត្ត និងដាក់ពាក្យស្នើសុំទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃទីតាំងចុះបញ្ជី សម្រាប់ហួសឆ្នាំអនុវត្ត។ ហើយពលរដ្ឋអាចទាក់ទងទៅលេខទូរសព្ទ ១២៧១ របស់ក្រុមការងារប្រតិកម្មរហ័សរបស់អគ្គនាយកដ្ឋាន ឬតាមទូរសព្ទឬតេឡេក្រាមលេខ 096 828 9214 ឬ 012 458 400 របស់នាយកដ្ឋានអត្រានុកូលដ្ឋាន នៅពេលមានចម្ងល់លើបញ្ហានេះផងដែរ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានកំពុងប្រឹងប្រែងជំរុញដោះស្រាយបញ្ហាដែលនៅសេសសល់តាមប្រព័ន្ធឱ្យកាន់តែងាយស្រួល ដូចបានបញ្ជាក់ជូនខាងលើ។ ក្នុងករណីនេះ អគ្គនាយកដ្ឋាន សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជី ត្រូវពិនិត្យផ្ទៀងផ្ទាត់លើឯកសារអត្តសញ្ញាណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវ មុននឹងយកទៅប្រើប្រាស់»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានបង្ហោះសារ និងចែករំលែកជុំវិញបញ្ហាកំហុសអក្ខរាវិរុទ្ធរវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រអាពាហ៍ពិពាហ៍ ដូចជា អ្នកខ្លះខុសឈ្មោះ ខុសភេទ ខុសថ្ងៃខែឆ្នាំកំណើត ខុសទីកន្លែងកំណើត ជាដើម ហើយការកែតម្រូវនោះទៀតសោត មានភាពស្មុគស្មាញ ចំណាយប្រាក់ និងប្រើពេលរាប់ខែដើម្បីធ្វើការកែតម្រូវ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះត្រូវបានខកខានមិនបានចូលបម្រើការងារផងដែរដោយសារតែបញ្ហាខុសទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋាននេះ។
ករណីនេះ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានស្នើដល់ក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពន្លឿនការធ្វើកំណែទម្រង់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននេះ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនេះ។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានកែតម្រូទិន្នន័យបានជិត ១៨ម៉ឺននាក់ (១៧៩ ០០២នាក់) រួចហើយ និងកំពុងបន្តជំរុញពិនិត្យស្រាវជ្រាវ ដើម្បីដោះស្រាយលើករណីស្មុគស្មាញមួយចំនួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាគតិយុត្តិជាធរមាន៕


