កម្ពុជាបដិសេធការអះអាងរបស់ថៃ ដែលថាប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីថៃ
រាជរដ្ឋាភិបាលកម្ពុជា ទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីថៃ ខណៈដែលថៃក៏មិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទទាំងពីរនេះវិញដែរ ដែលការណ៍នេះ កម្ពុជាចាត់ទុកសកម្មភាពនេះថាជាការបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែន ដែលផ្ទុយនឹងការព្រមព្រៀង និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរនាពេលកន្លងមក។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised បានអះអាងតាមរយៈកាសែត Khaosod ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ហើយភាគីថៃបានចុះប្រាសាទទាំងនេះ នៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានា ដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្ស តាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន។ រដ្ឋមន្ត្រីរូបនេះ ថែមទាំងបានអះអាងទៀតថា ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈ ដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទទាំងពីរនេះ ក្រោមយកលេសថា ការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះ គឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។
ជុំវិញការលើកឡើងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងដោយគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised។
ក្រសួងវប្បធម៌កម្ពុជា បានគូសបញ្ជាក់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀតដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយដែលកំពុងគ្រប់គ្រងដោយខុសច្បាប់ដោយយោធាថៃ គឺជាប្រាសាទដែលត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរ និងមានទីតាំងស្ថិតនៅក្នុងទឹកដីកម្ពុជា អនុលោមតាមផែនទីមាត្រដ្ឋាន ១លើ២០០ពាន់ (១:២០០ ០០០) ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
រីឯការចុះបញ្ជីប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌថៃ ព្រមទាំងលេសនានាលើការគ្រប់គ្រងអភិរក្ស និងថែរក្សាប្រាសាទទាំងនេះដោយគ្មានការឯកភាពពីភាគីកម្ពុជា ក្រសួងវប្បធម៌កម្ពុជា ចាត់ទុកសកម្មភាពទាំងនេះថាជាចេតនាបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (Fait accompli) ព្រោះបើយោងតាមច្បាប់អន្តរជាតិ សកម្មភាពទាំងនេះមិនអាចបង្កើតបានជាការគ្រប់គ្រងស្របច្បាប់នោះទេ ហើយក៏មិនអាចនាំទៅដល់ការបង្កើតបាននូវសិទ្ធិមិនអាចបំពានបាននោះដែរ ហើយរឹតតែមិនអាចកែប្រែបូរណភាព និងអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានោះទេ ដោយអនុលោមតាមគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (uti possidetis juris) ផែនទីព្រំដែនជាប្រវត្តិសាស្ត្រ សន្ធិសញ្ញានានា និងការព្រមព្រៀងនាពេលកន្លងមក។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌កម្ពុជា ក៏បានចាត់ទុកសកម្មភាពប្រមូលវត្ថុសិល្បៈ ដែលស្ថិតនៅក្នុងទីតាំងតំបន់ប្រាសាទដែលកំពុងកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ និងដោយគ្មានការឯកភាពពីភាគីកម្ពុជា គឺជាការរំលោភបទដ្ឋានគតិយុត្តអន្តរជាតិ ដូចជា កាតព្វកិច្ចរបស់រដ្ឋភាគីស្ដីពីការហាមឃាត់នៃការប្រមូលវត្ថុសិល្បៈទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយ ចេញពីដែនដីនៃរដ្ឋអធិបតេយ្យមួយ ឬចេញពីតំបន់គ្រប់គ្រងខុសច្បាប់អនុលោមតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងការអភិរក្សវត្ថុសិល្បៈ និងតំបន់ប្រាសាទ។ បន្ថែមពីនេះ សកម្មភាពខុសច្បាប់ទាំងនេះ ក៏ត្រូវបានចាត់ទុកថាជាសកម្មភាពដែលមានចេតនាកែប្រែបរិស្ថានព្រំដែន បំបាត់វត្ថុតាងបច្ចេកទេស និងធ្វើឱ្យខូចទ្រង់ទ្រាយដើមនៃតំបន់ព្រំដែន ដែលសកម្មភាពនេះគឺខុសទាំងស្រុងទៅនឹងប្រការ៥ នៃ MOU ឆ្នាំ២០០០។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «សកម្មភាពនេះ ក៏ត្រូវបានចាត់ទុកជាសកម្មភាពបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែន ដែលផ្ទុយនឹងការព្រមព្រៀង និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរនាពេលកន្លងមក ដើម្បីកសាងនិងស្ដារទំនុកចិត្តឡើងវិញអនុលោមតាមសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការព្រមព្រៀងនានារបស់ភាគីទាំងពីរនាពេលកន្លងមក»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាមទារជាដាច់ខាតឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពទាំងឡាយដែលគ្មានការអនុញ្ញាតពីកម្ពុជា នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងទាមទារឱ្យប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងគោរពឱ្យបានពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
កម្ពុជា ក៏បានជំរុញឱ្យប្រទេសថៃ ចាប់ផ្តើមឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ដោយឈប់ពន្យារពេល និងដោះស្រាយរាល់បញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារបេតិកភណ្ឌវប្បធម៌ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ៕


