ក្រសួងធនធានទឹក ក្រើនរំលឹកដល់អាជ្ញាធរដែនដីនិងពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃនៅរដូវប្រាំងនេះ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកជាថ្មី ដល់អាជ្ញាធរ​ដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការ​ក្នុងកា​រថែរក្សា​ប្រភពទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​នា​ពេល​ខាង​មុខ ជាពិសេ​សអ្នកតំបន់​ជន​បទ​ដាច់​ស្រយាល ឆ្ងាយ​ពី​ប្រភពទឹក ខណៈរដូវវស្សា​ឆ្នាំ​២០២៦ នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​ទី​៣នៃ​ខែតុលា។

សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលចុះហត្ថលេខាដោយលោក​​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា នៅថ្ងៃទី​១៩ ខែតុលានេះ បានឱ្យ​ដឹងថា តាមការ​ព្យាករ និងការ​វិភាគលើ​ស្ថានភាព​វិវត្តន៍​នៃ​អាកាសធាតុ​ រដូវ​វស្សា​ឆ្នាំ​២០២៦ នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​ទី​៣ នៃ​ខែ​តុលា ហើយបាតុ​ភូមិអែលនីញ៉ូ (Elnino) នឹង​ស្ថិត​ក្នុង​កម្រិត​១០០ភាគរយ រហូត​ដល់ខែ​កុម្ភៈ ឆ្នាំ​២០២៧។ ការបញ្ចប់ឥទ្ធិ​ពល​របប​ខ្យល់​មូសុង​និរតី​ និងការ​កើនឡើ​ងនៃ​ឥទ្ធិពល​ខ្យល់​មូសុង​ឥសាន នឹង​នាំ​មក​នូវ​បរិមាណទឹកភ្លៀង​ក្នុងកម្រិត​ខ្សោយ​ជាមួយ​ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និង​បាតុភូតអាកាស​ធាតុ​មួយ​ចំនួន​ទៀត ដែលអាច​កើត​មាន​ឡើង​ក្នុង​តំបន់​មួយ​ចំនួន។

ការណ៍នេះ ក្រសួង​បាន​ណែនាំដល់​មន្ទីរ​របស់ខ្លួននៅតាមរាជធានី-ខេត្ត​ទាំង​អស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ប្រភពទឹក​តាម​អាង​ទឹក និងបឹងបួ​ឱ្យ​បានល្អ និង​ត្រូវ​ពិនិត្យវាយ​តម្លៃ​លើ​សក្តានុពល​ទឹក​ដែល​មាន​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ជាអាទិភាព និង​សម្រាប់​បម្រើ​​ឱ្យ​ការងារ​បង្ក​បង្កើន​ផល​ស្រូវប្រាំង​ និង​ដំណាំ​រួមផ្សំ។

តាមរយៈសេចក្តីជូនដំណឹង​នេះ រដ្ឋ​មន្ត្រីក្រសួងធនធានទឹក បានក្រើន​រំលឹក​​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនៅតាម​បណ្តា​តំបន់​ដាច់​ស្រយាល​ដែល​ឆ្ងាយ​ពី​ប្រភព​ទឹក ត្រូវ​ចូលរួម​ថែរក្សា​ប្រភព​ទឹក​ទុក​សម្រាប់​រដូវប្រាំង និង​ចូលរួមប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។

បើ​តាមកា​រផ្សព្វផ្សាយ​នៅលើបណ្តញ​សង្គម​ហ្វេសប៊ុក​របស់អង្គការ​យូនីសេហ្វ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៦ បាតុ​ភូត ​El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិ​មួយ​ ​ដែលកើតឡើងដោយសារ​សីតុណ្ហភាព​​ផ្ទៃ​សមុទ្រប៉ាស៊ីហ្វិក​កើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហ​ភាព​នៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅ​​ខ្លាំង ខណៈតំបន់​ខ្លះ​ទៀតជួបប្រទះការធ្លាក់ភ្លៀង​គំហុក និងគ្រោះទឹកជំនន់។

យូនីសេហ្វ​ បន្តថា ​ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំង​នេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក​ប្រើ​​ប្រាស់​ប្រចាំ​​ថ្ងៃ និង​ទឹក​សម្រាប់​បង្ក​បង្កើន​ផល ស្បៀង​អាហារ ជីវភាព​រស់​នៅ និង​សេវាចាំបាច់នានាដែលកុមារ​ត្រូវការ​ពឹង​ផ្អែក​ជា​ប្រចាំ។

សម្រាប់​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា យូនីសេហ្វ បាន​ប៉ាន​ប្រមាណថា កុមារប្រមាណ ១,៣ លាននាក់ ប្រឈមនឹង​ហានិ​ភ័យ​បម្រែ​បម្រួល​អាកាសធាតុ​បង្កដោយ បាតុភូត Elniño នេះ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង