កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាលើវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ ហើយនិងបន្តប្រជុំលើកទី៣នៅខែវិច្ឆិកា

គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញាអង្គការ​សហប្រជាជាតិ ស្តីពីនីតិសមុទ្រ​ (UNCLOS) បាន​បញ្ចប់កិច្ច​ប្រជុំ​លើក​ទី​២ ជាមួយ​ប្រទេស​កម្ពុជា និង​ថៃ នៅថ្ងៃទី១៨ ខែតុលា​ម្សិលមិញ ​ប៉ុន្តែកិច្ចប្រជុំនឹង​បន្តធ្វើទៀតនៅសប្តាហ៍ទី​៤នៃ​​​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខណៈគណៈកម្មការផ្សះផ្សា​ កត់សម្គាល់​ថា កិច្ច​ព្រមព្រៀង និង​វិធានការ​នានា​ដែលកម្ពុជា និង​ថៃ​បាន​ឯកភាពពីមុន មិន​ទាន់ត្រូវ​បាន​អនុវត្តពេញលេញ​នៅឡើយ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៦។

ក្រសួងការបរទេស​កម្ពុជា បានឱ្យ​ដឹងថា ចាប់ពីថ្ងៃទី​១៤ ដល់ថ្ងៃទី​១៨ ខែតុលា គណៈកម្មការផ្សះ​ផ្សា​ក្រោម​អនុញ្ញា​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី នីតិសមុទ្រ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ ជាមួយភាគី​កម្ពុជា និង​ថៃ នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ហើយ​អំឡុ​ងពេល​នោះ ភាគីទាំងពីរ​បានឈាន​ដល់ការ​ឯកភាព​គ្នា​លើ​វិធានការ​​កសាង​ទំនុក​ចិត្ត​ ដែល​​មានគោល​បំណង​ជំរុញ​ទំនុកចិត្ត និង​ភាពជឿជាក់ទៅវិញ​ទៅមក ព្រមទាំង​សម្រួល​ដល់ដំណោះស្រាយ​ដោយ​សម​​ហេតុ​​ផល និង​មិត្ត​ភាព​ស្រប​តាមច្បាប់​អន្តរ​ជាតិ។

ប៉ុន្តែ​​ក្នុ​ងចំណោម​វិធានការ​ដែល​បានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់​ថា ពួកគេ​មាន​សិទ្ធិ​​ក្នុងការ​ធ្វើសេចក្តី​ថ្លែងការណ៍​ ដើម្បីកា​រពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ឬដើម្បី​កែតម្រូវ​ព័ត៌មាន​មិន​ពិត និ​ងព័ត៌មាន​បំភាន់។

ប្រភពដដែល​បន្តថា ក្នុ​ងកិច្ច​ប្រជុំ​នោះ គណៈកម្មការ​ផ្សះផ្សា បានកត់​សម្គាល់ថា កិច្ច​ព្រមព្រាង​ និង​វិធានការ​នានា​​ដែលកម្ពុជា និង​ថៃ​បាន​ឯកភាពគ្នា​ពីមុន​ មិនទាន់ត្រូវ​បាន​​អនុវត្ត​ពេញ​លេញនៅឡើយ​ទេ ដែលការណ៍នេះ គណៈ​កម្មការផ្សះផ្សា​បាន​លើកទឹកចិត្តឱ្យ​​​ភាគីទាំងពីរអនុវត្ត​កិច្ច​ព្រមព្រៀង​ និង​វិធានការ​ដែល​មានស្រាប់ រួមទាំង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​ដែល​បានលើកឡើង​ក្នុងកិច្ច​ប្រជុំ​លើកទី​២នេះ ឱ្យ​​​បាន​ពេញ​លេញ និង​មាន​ប្រសិទ្ធភាព ដើម្បី​​ជួយ​បង្កើតបរិយាកាស​អំណោយ​ផល​ដល់កា​រចរចាប្រកប​ដោយ​ការ​ស្ថាប​នា ក្នុងក្របខណ្ឌ​ដំណើរការ​ផ្សះផ្សា។

ការណ៍នេះ គណៈកម្មការផ្សះផ្សា​នឹង​រៀបចំកិច្ច​ប្រជុំលើកទី​៣ ជាមួយ​ភាគីកម្ពុជា និងថៃ បន្តទៀត ចាប់ពី​ថ្ងៃទី​២៤ ដល់ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

គួររំលឹកថា កិច្ចប្រជុំ​លើកទី១របស់គណៈកម្មការ​ផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ បានប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​១៥ ដល់ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​​២០២៦ នៅ​​ប្រទេស​សិង្ហបុរី។ ជាលទ្ធផលភាគីទាំងពីរ បាន​ចុះ​ហត្ថលេខា​លើលក្ខខណ្ឌនៃ​ការ​តែង​តាំង​គណៈកម្មការផ្សះផ្សា និង​អនុម័ត​លើ​បទ​បញ្ញត្តិ​ស្តីពីការ​ប្រព្រឹត្ត​ទៅនៃ​ដំណើរ​ការ​ផ្សះ​ផ្សា ដើម្បីដោះស្រាយ​វិវាទព្រំដែន​សមុទ្រ​ដោយ​សន្តិ​វិធី។

ក្នុងពេល​បើក​កិច្ច​ប្រជុំ​លើកទី១នោះ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការ​បរទេស​កម្ពុជា លោក ប្រាក់​ សុខុន បានលើកឡើ​ងថា គោល​បំណង​ចម្បង​របស់​កម្ពុជា គឺដើម្បីសម្រេច​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​រួមចំណែក​ដល់​សន្តិភាព កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ស្ថិរភាព​រឹងមាំ​នៅក្នុង​តំបន់។ លោក​ក៏បាន​លើកឡើង​អំពីបំណង​របស់​កម្ពុជា ក្នុងការ​សម្រេច​បាន​នូ​វសន្ធិសញ្ញា​ជាមួយ​ថៃ ដោយ​មានការ​ជួយ​ជ្រោមជ្រែងពីគណៈកម្មការ​ផ្សះផ្សា ដើម្បីកំណត់ព្រំដែន​សមុទ្រ​មួយ ដែល​មានលក្ខណៈ​គ្រប់ជ្រុង​ជ្រោយរវាង​ប្រទេស​ទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់​ការ​អភិវឌ្ឍរួម និងការ​បែង​ចែក​ធនធា​ន​ដោយ​សម​ធម៌ ខណៈពេល​រង​ចាំ​ការ​សម្រេច​កិច្ច​ព្រមព្រៀង​លើ​ព្រំដែន​សមុទ្រ។

ជម្លោះព្រំដែនកម្ពុជា-ថៃ បានកម្រើកឡើងវិញ រហូតឈាន​ដល់​ការផ្ទុះអាវុធ​ប្រឈម​​មុខដាក់​គ្នា​​នៅ​តាម​​បណ្តោយខ្សែបន្ទាត់​​ព្រំដែន​យ៉ាង​តាន​តឹង ទាំងព្រំដែនគោក និងព្រំដែន​ទឹក កាល​ពីខែឧសភា និង​​ខែ​ធ្នូ ឆ្នាំ​២០២៥។​

ទោះបីជាមកដល់​ពេល​នេះ ស្ថានភាពបានធូរស្រាល ប៉ុន្តែភាគីថៃ នៅបន្តធ្វើសកម្មភាពមួយចំនួន ដូចជា ​​រាយ​បន្លា​លួស សាងសង់ផ្លូវ​ ជីកប្រឡាយ ដាក់ទូរកុង​តឺន័រ ជាដើម រំលោភចូល​ដែនអធិបតេយ្យភាពទឹកដី​​​របស់​កម្ពុជា ខណៈពលរដ្ឋ​ភៀសសឹកកម្ពុជា​ប្រមាណជិត ២ម៉ឺននាក់ នៅមិនទាន់​អាច​ត្រឡប់ទៅកាន់​ផ្ទះសម្បែង​របស់ពួកគាត់​វិញបាន​នៅឡើយ​​។

ទោះ​ជាយ៉ាងណា​ កម្ពុជាបានទទូចឱ្យភាគីថៃ គោរពសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យ​បានពេញលេញ ដើម្បី​អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅវិញ និងបន្តការវាស់វែងខណ្ឌសីមាព្រំដែនគោកដោយសន្តិវិធី។ ដោយ​ឡែក​សម្រាប់​ព្រំដែន​សមុទ្រ (តំបន់ទាមទារត្រួតគ្នា – OCA) ប្រទេសទាំងពីរកំពុងប្រើប្រាស់យន្តការផ្សះផ្សារបស់អង្គការសហប្រជាជាតិ (UNCLOS) ដែលបានជួបប្រជុំ​ចំនួន​២លើក​មក​នេះ ​ដើម្បីរកដំណោះស្រាយ​ដោយ​សន្តិវិធី៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង