យូនីសេហ្វ៖ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុដោយបាតុភូត El Nino

អង្គការ​យូនីសេហ្វ​​ប្រចាំនៅកម្ពុជា (Uniecf Cambodia) បានឱ្យ​ដឹងថា បាតុភូតអាកាស​ធាតុ​ El Niño (អែលនីញ៉ូ) នៅ​ឆ្នាំ២០២៦-២០២៧ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ជាង​រាល​ឆ្នាំ ហើយ​កុមារ​ប្រមាណ ១​,៣​លាន​នាក់​​នៅកម្ពុជា នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​បម្រែ​បម្រួល​​អាកាស​ធាតុ​បង្ក​​ដោយ​បាតុ​ភូត​អែលនីញ៉ូ ដែល​បាតុភូត​នេះនៅកម្ពុជា​អាចនឹង​ចាប់ផ្តើម​នៅអំឡុង​ចុង​ខែ​តុលា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ​២០២៧។

យោងតាមកា​រផ្សព្វផ្សាយ​នៅលើបណ្តញ​សង្គម​ហ្វេសប៊ុក​របស់អង្គការ​យូនីសេហ្វ នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៦នេះ បាន​​ឱ្យ​​ដឹង​ថា បាតុភូត ​El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិ​មួយ​ ​ដែលកើតឡើងដោយសារ​សីតុណ្ហភាព​​ផ្ទៃ​សមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហ​ភាព​នៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់​ខ្លះ​ទៀតជួបប្រទះការធ្លាក់ភ្លៀង​គំហុក និងគ្រោះទឹកជំនន់។

យូនីសេហ្វ​ បន្តថា ​ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំង​នេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀង​អាហារ ជីវភាព​រស់​នៅ និង​សេវាចាំបាច់នានាដែលកុមារ​ត្រូវការពឹងផ្អែកជាប្រចាំ។

បើតាម​យូនីសេហ្វ​ កុមារជាង ៣៤៧ លាននាក់​ នៅតាមបណ្តាប្រទេស​ជិត ១០០ ទូទាំងពិភពលោក ត្រូវបាន​គេរំពឹង​ថា​នឹងប្រឈមមុខនឹងស្ថានភាពធាតុអាកាស​ស្ងួតហួតហែង ឬសើមខុសពីធម្មតា ហើយ​​សម្រាប់​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា កុមារប្រមាណ ១,៣ លាននាក់ ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុ​បង្កដោយ បាតុភូត El Niño។

ប្រភពដដែល បន្តទៀត​ថា ​សម្រាប់គ្រួសារនីមួយៗ បាតុភូតនេះអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និង​ទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសេវាសុខាភិបាលផងដែរ។

ចំណែកឯការ​វាយតម្លៃចុងក្រោយ​របស់អង្គការនេះ ​បានបង្ហាញថា សាលារៀនជាង ៣.៨៧២ ខ្នង និងមណ្ឌល​សុខភាពចំនួន ៤០១ កន្លែង (ត្រូវជាប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំង​អស់នៅទូទាំងប្រទេស) កំពុង​ស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិរួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងទៀត។

កាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៦ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានចេញសេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា កា​របញ្ចប់ឥទ្ធិ​ពល​របប​ខ្យល់​មូសុង​និរតី​ និងការ​កើនឡើ​ង​នូវ​ឥទ្ធិពល​ខ្យល់​មូសុងឦសាន ព្រមទាំ​ងការ​ថយ​​ចុះ​នៃបរិមាណ​ទឹកភ្លៀង​ជាបន្តបន្ទាប់ នឹង​ធ្វើឱ្យ​រដូវ​​វស្សា​ប្រចាំឆ្នាំ​២០២៦ បញ្ចប់ត្រឹម​សប្តាហ៍​ទី​៣ នៃ​ខែ​តុលា ហើយ​បាតុ​ភូត​អែលនីញ៉ូ នឹង​ស្ថិត​ក្នុង​កម្រិត​ ១០០ភាគរយ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៧។

ក្រសួង​បន្តថា ស្ថានភាព​នេះ នឹង​​ធ្វើឱ្យ​ខ្យល់មូសុងឦសាន​នាំមក​នូវ​បរិមាណ​ទឹកភ្លៀងក្នុ​ងកម្រិត​ខ្សោយ​ជាមួយ​ផ្គរ​ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូត​អាកាស​ធាតុ​មួយចំនួន​ទៀត ដែលអាច​កើត​មានឡើង​នៅ​តំបន់​មួយចំនួន​នៃប្រទេស​​កម្ពុជា។

ការណ៍នេះ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួមក្នុងការ​ប្រើប្រាស់ទឹក​ដោយ​សន្សំសំចៃ និង​ចូលរួមថែ​​រក្សា​ប្រភព​​​ទឹក​ទុក​សម្រាប់រដូវប្រាំង នាពេលខាង​មុខ ដោយ​ស្មារតីទទួលខុស​ត្រូវ និងប្រុង​ប្រយ័ត្នខ្ពស់៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង