មរតកព្រះពុទ្ធសិល្បៈសម័យអង្គរ៖ ការតាំងបង្ហាញព្រះពុទ្ធបដិមា ៣រចនាបថ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ»

ខេត្តសៀមរាប ៖ ព្រះពុទ្ធបដិមា​ចំនួន ២៧៤​បំណែក​ ដែល​ឆ្លាក់​ពី​ថ្មភក់​​ក្នុង​សម័យ​អង្គរ ចំនួន៣ ​រចនាបថ ​គឺ​រចនាបថ​បាភួន រចនាបថ​អង្គរ​វត្ត និង​រចនាបថ​បាយ័ន ​មាន​ដាក់​តាំង​បង្ហាញក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលសាធារណជនអាចចូលទស្សនា និងសិក្សាស្រាវជ្រាវស្វែងយល់។

ព្រះពុទ្ធបដិមា​ទាំង​នេះ មាន​អាយុ​កាល​ប្រហែល​នៅ​ចុង​សតវត្សរ៍​ទី​១៣​។​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា​បាន​រក​ឃើញ​បំណែក​សិល្បៈ​ខ្មែរ​ដ៏​សម្បូរបែប​ទាំង​នេះ​ ​ក្នុង​ពេល​ធ្វើ​កំណាយ​នៅ​ប្រាសាទ​បន្ទាយ​ក្តី ​ហើយ​ជា​បន្ត​បន្ទាប់​ក្រុម​អ្នក​ជំនាញ​បាន​​សម្អាត ​និង​ជួសជុល​វត្ថុ​បុរាណ​ទាំង​នោះ​ឱ្យ​​​ស្អាតឡើងវិញ និងដាក់បង្ហាញជូនសាធារណជនបានទស្សនា​ជាអចិន្ត្រៃយ៍។​​

លោក ​វឿន​ វិបុល​សុខុម ​បុគ្គលិក​បច្ចេកទេស​នៅ​សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ ​បានឱ្យ​ដឹង​ថា សារមន្ទីរ​ព្រះនរោត្តមសីហនុ-អង្គរ ​បាន​ដាក់​តាំង​បង្ហាញ​រូប​ព្រះពុទ្ធបដិមា ដែល​នៅ​មាន​ទ្រង់​ទ្រាយ​ពេញ​លេញ​មួយ​ចំនួន ​ក្នុង​ចំណោម​ព្រះពុទ្ធ​បដិមា​ទាំង ​២៧៤​បំណែក។ ​លោក​ពន្យល់​ថា ក្នុង​សម័យ​អង្គរ មាន​ការ​បែង​ចែក​រចនាបថ​ចម្លាក់​សិល្បៈ​ទាំង​អស់ចំនួន​១០ ​រចនាបថ ​ប៉ុន្តែ​ដោយ​ឡែកចំពោះ​​​ការ​រក​ឃើញ​តាម​រយៈ​កំណាយ​នៅ​ប្រាសាទ​បន្ទាយ​ក្តី ​គឺ​​ចម្លាក់​ព្រះពុទ្ធសាសនា​​​​មហា​យាន​ សម័យ​អង្គរ ​គឺ​ឃើញ​មាន​ការ​ឆ្លាក់​​ក្នុង​ទម្រង់​តែ៣ ​រចនាបថ​ប៉ុណ្ណោះ។ រ​ចនាបថ​ទាំង​នោះមាន​ដូច​ជា​ រចនាបថ​បាភួន ​រចនាបថ​អង្គរ​វត្ត ​និង​រចនាបថ​បាយ័ន។ ​

រូប​ព្រះពុទ្ធបដិមា​ទាំង៣ ​រចនាបថ​នេះ ​មាន​លក្ខណៈ​សម្គាល់​ផ្សេងៗ​ពី​គ្នា ​ដោយ​ព្រះពុទ្ធ​បដិមា ​ក្នុង​រចនាបថ​បា​ភួន​ មាន​លក្ខណៈ​សម្គាល់​ជា​ទូទៅ ​គឺ​ព្រះពុទ្ធគង់​សមាធិ​ប្រក់​នាគ ​បើក​ព្រះ​​នេត្រ ហើយ​​​បដិមា​ខ្លះ​មាន​ទាំង​ដាំត្យូង​ បដិមា​ខ្លះ​ពុំមាន​ដាំត្បូងទេ​។ ចំណែក​នៅ​លើ​ភ្នួង​សក់ គឺ​មាន​​​រចនា​​ដូច​គ្រាប់​ពោត ​ឬ​គ្រាប់​ឈូក ​មាន​ពុក​មាត់ ​ពុក​ចង្កា ​​ហើយ​ចំពោះ​ការ​គ្រង​ស្បង់​វិញ​ គឺ​គ្រប​ជិត​លើ​ស្មា​ទាំង​សងខាង​ ហើយ​ដើម​ទ្រូង​បើក ​និង​ចង្កេះ​រៀវ​​តូច។​​ រីឯព្រះពុទ្ធបដិមា​​រចនាបថ​អង្គរ​វត្ត ​មាន​លក្ខណៈ​សម្គាល់​ដោយ​រូប​ព្រះពុទ្ធ​គង់​សមាធិ​បើក​ព្រះ​នេត្រ ​​មាន​​ពាក់​មកុដលើ​សិរសា និង​ទ្រង់​គ្រឿង​អលង្កា​រ​នៅ​លើ​ព្រះកាយ​ ពាក់​ក្រវិល ​សុរងក​ ​មាន​ពាក់​កង​នៅ​ដើមដៃ ​ក​​ដៃ ​កង​​ជើង ​ដូច​គ្នា​​នឹង​ចម្លាក់​​ដែល​មាន​នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត​ដែរ​​។ ​

ចំពោះ​ព្រះពុទ្ធបដិមា​ក្នុង​រចនាបថ​បាយ័នវិញ​ គឺ​មាន​លក្ខណៈ​សម្គាល់ ​ដោយ​ព្រះពុទ្ធ​​គង់​ក្នុង​កាយ​វិការ​សមាធិ​បិទ​ព្រះ​នេត្រ។ ​សិល្បៈ​រចនាបថ​នេះ ​មាន​ការ​ឆ្លាក់​ព្រះ​ពុទ្ធ​មាន​​ភ្នួង​សក់​រាង​ថ្នាក់ៗ ​ឯ​ការ​​គ្រង​ស្បង់​ចីវរ​វិញ ​មាន​តែ​មួយ​ចំហៀងប៉ុណ្ណោះ​​ គឺ​គ្រប​នៅ​លើ​ស្មា​ខាង​ឆ្វេង​។

ទម្រង់​សិល្បៈ​ព្រះពុទ្ធ​អង្គ​ទាំង៣ ​រចនាបថ ​ក្នុង​សម័យ​អង្គរ​នេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ សិល្បៈ​ខ្មែរ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​មាន​ការ​វិវត្ត ​ហើយ​សម្បូរ​បែប ​និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ខុស​ៗ​គ្នា។

ចំពោះ​សិស្ស​និស្សិត​ អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ ​ដែល​ចង់​សិក្សា​និង​ស្រាវជ្រាវ​​​ស្វែង​យល់​ពី​ភស្ដុ​តាង​ដ៏​សំខាន់​នៃ​សិល្បៈ​ខ្មែរ​​ដ៏​សម្បូរបែប​ទាំង​នេះ ​​​អាច​អញ្ជើញ​ទៅ​ទស្សនា​​​សារមន្ទីរព្រះនរោត្តម​សីហនុ-អង្គរ ដែលជាសារមន្ទីរបុរាណវិទ្យាទី១ ប្រចាំប្រទេស។​ នៅ​ក្នុង​សារមន្ទីរព្រះនរោត្តម​សីហនុ​-អង្គរ ក្រៅ​តែ​​ពី​តាំង​បង្ហាញ​នូវ​រូបព្រះពុទ្ធ​បដិមា​សម័យ​អង្គរ​ទាំង​៣ ​រចនាបថ​នេះ ​ក៏​នៅ​មាន​តាំង​បង្ហាញ​ចម្លាក់​សិល្បៈ​បុរាណ​ជា​ច្រើន​ផ្សេង​ទៀត​ដូចជា ពុទ្ធ​បដិមា​ភៃសជ្យគុរុ ​ឬ​ព្រះពុទ្ធ​ជា​គ្រូ​ថ្នាំ ​ថ្ម​គោល​ពុទ្ធសាសនា​ដែល​មាន​រូប​ព្រះ​ពុទ្ធ​១០០៨​អង្គ​ជា​ដើម៕ អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ ស៊ិន ប្រណី

អត្ថបទដែលជាប់ទាក់ទង