ប្រាសាទបាគង៖ កំណើតនៃស្ថាបត្យកម្មប្រាសាទភ្នំ និងការបន្តវេននៃជីវិតសហគមន៍អង្គរ
ខេត្តសៀមរាប ៖ បាគង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស។ ប្រាសាទនេះ គឺជាប្រាសាទ ដែលមានរាងជាសាជីពិតប្រាកដដំបូងគេបង្អស់ ដែលបានកសាងឡើងនៅក្នុងចក្រភពខ្មែរ ដោយយកទម្រង់ដែលក្រុមអ្នកស្រាវជ្រាវ បានប្រសិទ្ធនាមថា “ប្រាសាទភ្នំ”។
មុនសម័យប្រាសាទបាគង ទម្រង់ស្ថាបត្យកម្មប្រភេទនេះ មិនទាន់បានលេចរូបរាងពេញលេញនៅឡើយទេ ហើយសូម្បីតែនៅប្រាសាទអកយំ ដែលស្ថិតនៅលើទំនប់ខាងត្បូង នៃបារាយណ៍ខាងលិច ក៏ទម្រង់នេះ មិនទាន់សម្រេចបានលក្ខណៈសព្វគ្រប់ទាំងស្រុងដែរ។
មុននឹងឈានចូលទៅដល់កំពែងព័ទ្ធជុំវិញ ដែលមានទំហំ ៤០០ ម៉ែត្រ x ៣០០ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយជញ្ជាំងខាងក្រៅ និងកសិន្ធុ ដែលមានទទឹងទូលាយជាងជម្រៅនោះ យើងនឹងបានជួបប្រទះឃើញកំពែងខាងក្រៅដ៏ធំមួយទៀត ដែលមានទំហំ ៩០០ ម៉ែត្រ x ៧០០ ម៉ែត្រ។ នៅក្នុងកំពែងខាងក្រៅនេះ មានសំណង់ប្រាសាទតូចៗសាងអំពីឥដ្ឋ ដែលជាប្រាសាទរណបយ៉ាងហោចណាស់ចំនួន២២។
ប្រាសាទទាំងនេះ ជាប្រាសាទរណប នៃរចនាសម្ព័ន្ធកណ្តាល ដោយសារប្រាសាទមួយចំនួនជំនួសឲ្យការបែរមុខទៅទិសខាងកើត គឺបែរមុខទៅរកប្រាសាទភ្នំនៅចំកណ្តាលវិញ ដែលមាននិមិត្តរូបជ្រៅជ្រះ នៃទ្រឹស្តីលោកធាតុវិទ្យា និងរឿងរ៉ាវបាដិហារិយ៍ នៃអង្គព្រះឥសូរ។
រូបចម្លាក់នាគក្បាលប្រាំពីរ ដែលលូនផ្ទាល់ដីនៅសងខាងផ្លូវដើរចូល គឺបានលេចរូបរាងឡើងជាទម្រង់លម្អស្ថាបត្យកម្ម ជាលើកដំបូងបង្អស់នៅទីនេះ ដែលក្រោយមកក្លាយជាបង្កាន់ដៃនាគ នៅក្នុងសម័យកាលបន្តបន្ទាប់។ ប្រាសាទឥដ្ឋខ្លះ ដែលស្ថិតនៅជើងប្រាសាទភ្នំ នៅមានសល់គ្រឿងបង្គុំស្ថាបត្យកម្មឈើ (ធ្នឹមឈើ) ទ្រសំណង់ថ្ម ដ៏មានសារសំខាន់ ដ្បិតតែមានការខូចខាតដោយសារពេលវេលាយ៉ាងណាក៏ដោយ។
នៅលើជញ្ជាំងខឿន នៅគ្រប់ជ្រុងទាំងបួន នៃថ្នាក់លើបង្អស់នៃប្រាសាទភ្នំ បានរចនាដោយចម្លាក់ក្រឡោតទាបរៀបរាប់ពីរឿងរ៉ាវផ្សេងៗ។ បច្ចុប្បន្ន មានតែផ្ទៃចម្លាក់តូចផ្ទាំងមួយប៉ុណ្ណោះ នៅជ្រុងខាងត្បូងនៃប្រាសាទភ្នំ ក្បែរជណ្តើរឡើង ដែលនៅតែអាចមើលយល់បាន ថាជាចម្លាក់បង្ហាញពីរូបភាពទ័ពយក្ស (ទ័ពអសុរ) ស្រង់ចេញពីក្នុងរឿងមហាភារត។

យើងដឹងថា ប្រាសាទកណ្តាលសាងពីសម័យដើម ដែលស្ថាបនាលើកំពូលប្រាសាទភ្នំបានបាត់បង់ទៅហើយ។ ក្ដីកណ្តាល ដែលយើងឃើញសព្វថ្ងៃនេះ គឺជាក្តី ដែលកសាងឡើងវិញនៅក្នុងសតវត្សទី១២ប៉ុណ្ណោះ។ សារសំខាន់ជាប្រវត្តិសាស្រ្តនៃក្តីកណ្តាលនេះ ដែលទម្រង់រចនាសម្ព័ន្ធប្រាសាទ និងក្បូរក្បាច់ស្ថាបត្យកម្មដ៏ល្អនេះ បានក្លាយជាប្រភពគំនិត និងជាគំរូស្ថាបត្យកម្មដ៏សំខាន់ ដែលលោកតា វណ្ណ ម៉ូលីវណ្ណ បានយកទៅច្នៃប្រឌិតស្ថាបនា “វិមានឯករាជ្យ” នៅរាជធានីភ្នំពេញ។
ប្រាសាទបាគង ត្រូវបានឆ្លងនិងប្រកាសឧទ្ទិសកុសលពីរឆ្នាំបន្ទាប់ពីប្រាសាទព្រះគោ គឺនៅក្នុងឆ្នាំ៨៨១នៃគ.ស។ ប្រាសាទបាគង ជាប្រាសាទរាជ បានសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដ៏សំខាន់ នៃប្រវត្តិសាស្រ្តអង្គរនៅចុងសតវត្សទី៩។
បន្ថែមពីលើនេះ នៅក្នុងបរិវេណប្រាសាទបាគង ក៏មានវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ដែលបានកសាងឡើងតាំងពីសម័យកណ្តាលមកម៉្លេះ។ សំណង់វត្តអារាមនៅក្បែរប្រាសាទបុរាណនេះ គឺជាតឹកតាងប្រវត្តិសាស្ត្រយ៉ាងសំខាន់ ដែលបញ្ជាក់ថា តំបន់អង្គរមិនដែលត្រូវបានបោះបង់ចោលទាំងស្រុង ឬរស់នៅក្នុងភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការបន្តរស់នៅ របស់សហគមន៍មនុស្ស និងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាថេរវាទ ដែលបានបន្តវេនជំនឿ និងវត្តមានប្រពៃណីសាសនា យ៉ាងគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងអ្នកស្រុកជុំវិញ និងប្រាសាទ តាមរយៈការរៀបចំពិធីបុណ្យទាន និងកិច្ចពិធីជំនឿផ្សេងៗ បានធ្វើឱ្យប្រាសាទបុរាណមួយនេះបន្តមានជីវិតនៅក្នុងដួងចិត្ត នៃសហគមន៍មូលដ្ឋានរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ សឿន ប៊ុនស៊រ


